កីឡាជាតិ
ជាតិ
អគ្គិសនី​កម្ពុជា​បាន​ទម្លាក់​ថា​យ​ហ្គឺ​រ​ដើម្បី​ចាប់ដៃ​ជាមួយ​ណាហ្គា​វើ​ល​, បឹងកេត និង​ទ័ព​ឡើងទៅ​វគ្គ​១/៤
14, Sep 2017 , 1:51 pm        
រូបភាព
ក្រុមកីឡាករណាហ្គាវើលថតជុំគ្នាមុនប្រកួតជាមួយក្រុមស្វាយរៀង
ក្រុមកីឡាករណាហ្គាវើលថតជុំគ្នាមុនប្រកួតជាមួយក្រុមស្វាយរៀង
ដោយ:
​ក្រោយ​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង​ក្រុម​អគ្គិសនី​កម្ពុជា បឹងកេត ណាហ្គា​វើ​ល និង​ក្រសួងការពារជាតិ​(​ទ័ព​)​បាន​ចាប់ដៃគ្នា​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧ ខណៈ​៤​ក្រុម​ទៀត​រង់ចាំ​ការប្រកួត​ជើង​ទី​២​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ខាងមុខនេះ​។



​ក្រុមបាល់ទាត់​អគ្គិសនី​កម្ពុជា​បាន​ទម្លាក់​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​ពី​ពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០១៧ ត្រឹម​ដំណាក់កាល​ទី​៤ បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៥-៤​។ ក្នុងនោះ​ក្រុម​អគ្គីសនី​កម្ពុជា​បាន​យកឈ្នះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ៣-០ ក្នុង​ជើង​ទី​១ តែ​ចាញ់ ៤-២ វិញ​នា​ការប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី​១៣ កញ្ញា​។​តាមរយៈ​លទ្ធផល​នេះ​ក្រុម​អគ្គិ​ន​សី​កម្ពុជា​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/៤ ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៥-៤​។​

​ជាមួយគ្នានេះ ក្រុម​ណាហ្គា​វើ​ល​ក្រោយ​យកឈ្នះ​ក្រុម​ស្វាយរៀង​ដែលជា​ក្រុម​ឡើងមក​ពី​វគ្គ​ជម្រុះ​តាម​ខេត្ត ៣-១ នា​ការប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​១៣ ខែកញ្ញា បន្ថែម​លើ​ជ័យជម្នះ ១៤-០ ក្នុង​ជើង​ទី​១ បាន​ជួយ​ឲ្យ​ណាហ្គា​វើ​ល​ឡើងទៅ​វគ្គ​១/៤​ជាមួយ​ជ័យជម្នះ​សរុប ១៧-១​។

​ទន្ទឹមនឹងនេះ ក្រុម​បឹងកេត​ក៏​ជា​បេក្ខភាព​ក្រុម​ឡើងទៅ​វគ្គ​១/៤​នេះ​ផងដែរ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ឧ​ត្ត​រ​មានជ័យ​ក្នុង​លទ្ធផល​សរុប​ទាំងពីរ​ជើង ២២-៣​។ នា​ការប្រកួត​ជើង​ទី​១​បឹងកេត​បាន​យកឈ្នះ​ឧ​ត្ត​រ​មានជ័យ​ក្នុង​លទ្ធផល ១៤-១ និង​ឈ្នះ ៨-២ នា​ការប្រកួត​ជើង​ទី​២​នៅ​កីឡដ្ឋាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ម្សិលមិញ​។

​ចំណែក ក្រុម​ក្រសួងការពារជាតិ​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​១/៤​ដោយ​ស្វ័យប្រវត្តិ​ទាំង​មិនបាច់​ប្រកួត​ជើង​ទី​២ បន្ទាប់ពី​គូប្រកួត​របស់ខ្លួន​ក្រុម​ស្ទឹងត្រែង​សុំ​ចុះចាញ់​ក្រោម​ហេតុផល​មាន​បញ្ហា​ទីលាន​មិន​អាចធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​បាន​។​

​ដោយឡែក ក្រុម​៤​ផ្សេងទៀត​ដែលជា​បេក្ខភាព​បង្គ្រប់​ដើម្បី​បាន​៨​ក្រុម​ឡើងទៅ​វគ្គ​បន្ត​នៃ​ពានរង្វាន់​សម្តេច ហ៊ុន សែន នឹងធ្វើ​ការប្រកួត​ជើង​ទី​២​របស់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ខាងមុខនេះ​។ ក្នុងនោះ​ក្រុម​កំពត​ស្វាគមន៍​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​នៅ​កីឡដ្ឋាន​ខេត្តកំពត​, ក្រុម​ម្ចាស់ផ្ទះ​សាលា​បាល់ទាត់​ជាតិ​បាទី​តទល់​ជាមួយ​ភ្នំពេញ​ក្រោ​ន​, សូល​ទី​ឡូ​អង្គរ​ជួប​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប និង​ក្រុម​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​ស្វាគមន៍​អាស៊ី​អឺរ៉ុប​។ ការប្រកួត​ទាំង​៤​គូ​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​៣​រសៀល​ដូចគ្នា​៕ 


Tag:
 បាល់ទាត់​
  Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com