ជាតិ
ក្រសួងការបរទេស​ថា ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ចោទ​កម្ពុជា ដោយ​មិន​មើល​ពី​ទិដ្ឋភាព​ច្បាប់​
14, Sep 2017 , 3:16 pm        
រូបភាព
លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាល់ហ៊ូសេន ឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស
លោក​ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាល់ហ៊ូសេន ឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស
​ភ្នំពេញ​៖ ក្រសួងការបរទេស ខកចិត្ត​នឹង​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ ដែល​លើកឡើង​ពី​ចំណុច​អវិជ្ជមាន​ជាច្រើន ទាក់ទង​នឹង​ស្ថានភាព​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន​។ ក្រសួងការបរទេស មានការ​ខកចិត្ត ក្រោយពី​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជា​តិ លើកឡើងថា កម្ពុជា​អនុវត្ត​នីតិវិធី​មិនបាន​ត្រឹមត្រូវ លើ​ការចាប់ខ្លួន​មេបក្ស​ប្រឆាំង រួមទាំង​ចំណាត់ការ​លើ​សារព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល​។



​អ្នកនាំពាក្យ​ក្រ​សួរ​ការបរទេស​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ឆ្លើយតប​នឹង​សេចក្តីថ្លែងការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​។ តាមរយៈ​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​សម្តែង​ការមិន​ពេញចិត្ត ចំពោះ​សេចក្តីថ្លែងការណ៍​របស់​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ស្តីពី «​វិធានការ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​រយៈកាល​ចុងក្រោយ​នេះ​» ដែល​ធ្វើឡើង​នៅក្នុង​សម័យប្រជុំ​លើក​ទី​៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២0១៧​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ទោះបីជា​កន្លងមក រដ្ឋាភិបាល តុលាការ និង​រដ្ឋសភា ព្យាយាម​បកស្រាយ​យ៉ាងណាក្តី ប៉ុន្តែ​កម្ពុជា នៅតែ​រង​ការចោទប្រកាន់​ពី​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស ដដែល ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​។ សម្រាប់​អ្នកនាំពាក្យ​ក្រសួងការបរទេស ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បាន​ចោទប្រកាន់​កម្ពុជា ដោយ​មិនបាន​ក្រឡេកមើល​ពី​ទិដ្ឋភាព​ច្បាប់ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ចោទសួរ​យ៉ាង​ដូច្នេះ​ថា​៖«​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស គួរ​បំភ្លឺ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ថា​តើ​ផ្អែកលើ​មូលដ្ឋាន​អ្វី ដែល​បុគ្គល​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ និង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព​តាម​អំពើ​ចិត្ត ដោយ​មិនមាន​ច្បាប់​អនុញ្ញាត និង​សារព័ត៌មាន ដែល​មិនបាន​បង់ពន្ធ អាច​គេច​ផុតពី​ការពង្រឹង​ការអនុវត្ត​ច្បាប់?​»​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​បន្ត​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សិទ្ធិ​នយោបាយ សិទ្ធិ​ស៊ីវិល សេរីភាព​សារព័ត៌មាន សេរីភាព​នៃ​ការជួបជុំ និង​សេរីភាព​នៃ​ការបញ្ចេញមតិ  ត្រូវបាន​ការពារ​យ៉ាង​ពេញលេញ​នៅ​កម្ពុជា ហើយ​មនុស្ស​គ្រប់រូប​កំពុង​ទទួលបាន​សិទ្ធិសេរីភាព​ទាំងនេះ លើកលែងតែ​បុគ្គល​ដែល​រំលោភច្បាប់​ប៉ុណ្ណោះ​។

​សេចក្តីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ខាងលើ គឺ​ដើម្បី​ឆ្លើង​តប នឹង​ព្រះអង្គម្ចាស់ ហ្សេ​ដ រ៉ា​អាដ អាល់​ហ៊ូ​សេន (Zeid Ra’ad Al Hussein) ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ដែល​បានចេញ​សេចក្តីថ្លែងការណ៍ ជុំវិញ​ស្ថានការណ៍​នៅ​កម្ពុជា​។ នៅក្នុង​សម័យប្រជុំ​លើក​ទី​៣៦ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស កាល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២0១៧  ព្រះអង្គម្ចាស់ ហ្សេ​ដ រ៉ា​អាដ អាល់​ហ៊ូ​សេន បានចេញ​សេចក្តីថ្លែងការណ៍ ទាក់ទង​នឹង​សិទ្ធិមនុស្ស​នៅ​ទូទាំង​ពិភពលោក ដោយ​ក្នុងនោះ ក៏មាន​កម្ពុជា​ផងដែរ​។

​នៅក្នុង​សេចក្តីថ្លែងការណ៍ ព្រះអង្គម្ចាស់ ហ្សេ​ដ រ៉ា​អាដ អាល់​ហ៊ូ​សេន មាន​ក្តីកង្វល់​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ ទៅ​ល​មេបក្ស​ប្រឆាំង អង្គការក្រៅរដ្ឋាភិបាល និង​សារព័ត៌មាន​។ ព្រះអង្គម្ចាស់ ហ្សេ​ដ រ៉ា​អាដ អាល់​ហ៊ូ​សេន បាន​ផ្តោត​សំខាន់​លើ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រះអង្គម្ចាស់ យល់ថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា អាចធ្វើ​ឡើង​ដោយ​មិនមាន​ការគោរព​តាម​នីតិវិធី និង​អភ័យឯកសិទ្ធិសភា​។

​ឧ​ត្ត​ម​ស្នងការ​នៃ​អង្គការសហប្រជាជាតិ ដែល​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ ស្នើឡើង​ថា នៅមុន​ការបោះឆ្នោត ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ធានា​ដល់​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ពលរដ្ឋ រួមទាំង​សេរីភាព​ខាង​សារ​ព័ត​មាន​។ ព្រះអង្គម្ចាស់ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធានា​ដល់​ឯករាជ្យភាព​នៃ​ស្ថាប័ន​តុលាការ ផងដែរ​។

​ក្នុង​រយៈកាល​ចុងក្រោយ​នេះ មេដឹកនាំ​នយោបាយ​បី​រូប ដែល​រួមមាន​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន ក្រោម​បទ​ចោទ​ផ្សេងៗ​គ្នា​។ លើសពីនេះ រដ្ឋាភិបាល ក៏បាន​ចាត់វិធានការ​ក្តៅ លើ​សារព័ត៌មាន​មួយចំនួន​ថែមទៀត  ដែល​រួមមាន វិទ្យុ​មហានគរ ត្រូវបាន​បិទ​ចោល ព្រោះ​រំលោភ​កិច្ចសន្យា ហើយ​កាសែត​ខេ​ម​បូ​ឌា ដេលី បានប្រកាស​បិទ​ដោយ​ខ្លួន​ឯក ក្រោយ​រដ្ឋ ទាមទារ​ឲ្យ​សងបំណុល​ពន្ធ​ជាង ៦​លាន​ដុល្លារ ។ ចំណែកឯ វិទ្យុ​អាស៊ីសេរី បានសម្រេច​ចិត្ត​ដក​ការិយាល័យ​របស់ខ្លួន​ចេញពី​កម្ពុជា ខណៈ​ស្ថាប័ន​សា​ព័ត​មាន​ផ្សេងទៀត ដូចជា VOA និង VOD ជាដើម ក៏​កំពុង​ជួប​ការលំបាក​ក្នុង​ដំណើរការ​នៃ​ការផ្សព្វផ្សាយ​។ ដោយឡែក អង្គការ​មួយ​របស់​សហរដ្ឋអាមេរិក គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែលមាន​វត្ត​មាននៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៣​មក​នោះ ក៏ត្រូវ​បាន​បិទ​ចោល​ផងដែរ ក្រោម​ហេតុផល​ថា ធ្វើ​ខុសច្បាប់​ស្តីពី​អង្គការ​និង​ច្បាប់​ស្តីពី​សារពើពន្ធ​៕


Tag:
 UN
  ក្រសួងការបរទេស​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com