កីឡាអន្តរជាតិ
អន្តរជាតិ
Pogba នឹង​អវត្តមាន​៦​សប្តាហ៍ ក្រោយ​ស្កេ​ន​ឃើញថា​មាន​របួស​សរសៃពួរ​
14, Sep 2017 , 4:45 pm        
រូបភាព
Paul Pogba ខ្សែបម្រើ​ក្រុម Manchester United អាច​នឹងត្រូវ​អវត្តមាន​លើ​ទីលាន​ចន្លោះ​ពី​១​ខែ​ទៅ ៦​សប្តាហ៍ ដោយសារ​បញ្ហា​របួស​ស​រ​សៃ​ពួរ អំឡុងពេល​ប្រកួត​បើកឆាក​ក្របខណ្ឌ UEFA Champions League ទល់នឹង​ក្រុម FC Basel នៅ​ទឹកដី Old Trafford​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​



​ខ្សែបម្រើ​អន្តរជាតិ​បារាំង វ័យ​២៤​ឆ្នាំ បាន​ចូល​លេង​ក្នុងនាម​ជា​ប្រធាន​ក្រុម​ឲ្យ Manchester United ក្នុង​ជ័យជម្នះ ៣-០ លើ​ក្រុម Basel ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៃ​ពាន​លំដាប់​កំពូល​អ៊ឺរ៉ុប​។ Pogba លេង​បានតែ​១៩​នាទី​ប៉ុណ្ណោះ​ក៏​ជួប​បញ្ហា​របួស​ក្រោយពេល​ព្យាយាម​លូក​ជើង​ដណ្តើម​បាល់​ពី​គូប្រជែង ហើយ​ត្រូវ​ប្តូរ​ចេញ​ភ្លាមៗ​តែម្តង​។​

​អតីត​សមាជិក​ក្រុម Juventus ត្រូវបាន​ស្កេ​របួស​កាលពី​ថ្ងៃ​ពុធ ទី​១៣ ខែកញ្ញា ដែល​អាច​នឹង​ខកខាន​ជួយ​ក្រុម​យ៉ាងហោចណាស់​មួយខែ ដើម្បី​សម្រាក់​ព្យាបាល​ឲ្យ​ជាសះស្បើយ​ឡើងវិញ​។



​ខ្សែបម្រើ​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជា​គេ​ប្រចាំ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យ នឹង​អវត្តមាន​នៅ​ការប្រកួត​ក្នុង​លី​ក​ជាមួយ Everton, Southampton និង Crystal Palace រួមទាំង​អាក់ខាន​ព្រឹត្តិការណ៍ League Cup ជុំ​ទី ៣ ជាមួយ Burton និង​ប៉ះ CSKA Moscow ពាន Champions League នៅ​ថ្ងៃទី ២៧ ខែកញ្ញា​ផងដែរ​។​

​ក្រៅពីនេះ Pogba ក៏​នឹង​ខកខាន​ការប្រកួត​ជម្រុះ World Cup ឲ្យ​ជម្រើសជាតិ​បារាំង​ផងដែរ ដែល​ត្រូវ​ប៉ះ​ជាមួយ​ប៊ុលហ្គារី និង​បេឡា​រុស​នៅ​ដើមខែ​តុលា​ដើម្បី​ធានា​កន្លែង និង​បាន​កៅអី​ឈានទៅ​កាន់ រុស្ស៊ី​ឆ្នាំក្រោយ​៕


Tag:
 បាល់ទាត់​
  Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com