ជាតិ
គ.ជ.ប ផ្អាកការចុះឈ្មោះបោះឆ្នោត ៣ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
× ភ្នំពេញ៖ ការចុះឈ្មោះបោះឆ្នោត នឹងត្រូវផ្អាករយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២0១៧។ នេះជាការអះអាងរបស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ហង្ស ពុទ្ធា ប្រាប់សារព័ត៌មានថ្មីៗថា មន្ត្រីគ.ជ.ប ដែលធ្វើការនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត សុទ្ធតែជាអ្នកកាន់ព្រះពុទ្ធសាសនា ដូច្នេះ ពួកគេ ក៏គួរតែបានឈប់សម្រាក ដើម្បីមានពេលវេលាជាមួយក្រុមគ្រួសារ ដូចប្រជាពលរដ្ឋទូទៅដែរ ក្នុងការធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ លោក និយាយថា ការឈប់សម្រាករយៈពេល ៣ថ្ងៃនេះ មិនប៉ះពាល់ដល់ការចុះឈ្មោះបោះឆ្នោត នោះទេ។
អ្នកនាំពាក្យគ.ជ.បរូបនេះ បញ្ជាក់ដូច្នេះថា៖«យើងមានរយៈពេល៧0ថ្ងៃឯណោះ សម្រាប់ការចុះឈ្មោះបោះឆ្នោត។ ដូច្នេះគ្រាន់តែឈប់៣ថ្ងៃ ប្រហែលជាមិនអីទេ។ ហើយម្យ៉ាងទៀត ការចុះឈ្មោះលើកនេះ គឺជាការចុះឈ្មោះបន្ថែម មិនមែនចុះឈ្មោះទាំងស្រុងដូចកាលពីឆ្នាំ២0១៦ទេ»។
ការចុះឈ្មោះបោះឆ្នោត នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២0១៧។ គិតចាប់តាំងពីថ្ងៃទី១ មកដល់ត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២0១៧ ប្រជាពលរដ្ឋជាង៧ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត។ បើបូកបញ្ជូលអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២0១៦ ជាមួយអ្នកចុះឈ្មោះបោះឆ្នោតថ្មី ក្នុងឆ្នាំ២0១៧ អ្នកចុះឈ្មោះសរុប មានជិត៨លាននាក់ហើយ នៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ន។
ប្រជាពលរដ្ឋ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២0១៦ ត្រូវតែទៅចុះឈ្មោះនាពេលនេះ ដើម្បីមានសិទ្ធិបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២0១៨។ ចំណែកឯប្រជាពលរដ្ឋ ដែលបានចុះឈ្មោះកាលពីឆ្នាំ២0១៦រួចហើយ នឹងមានសិទ្ធិបោះឆ្នោតថ្នាក់ជាតិតែម្តង ដោយមិនតម្រូវឲ្យចុះឈ្មោះសាជាថ្មីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com