ជាតិ
គ​.​ជ​.​ប ផ្អាក​ការចុះឈ្មោះ​បោះឆ្នោត ៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
14, Sep 2017 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​ផ្អាក​រយៈពេល ៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២0១៧​។ នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។

  


​លោក ហង្ស ពុទ្ធា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មន្ត្រី​គ​.​ជ​.​ប ដែល​ធ្វើការ​នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត សុទ្ធតែជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ដូច្នេះ ពួកគេ ក៏​គួរតែ​បាន​ឈប់សម្រាក ដើម្បី​មាន​ពេលវេលា​ជាមួយ​ក្រុមគ្រួសារ ដូច​ប្រជាពលរដ្ឋ​ទូទៅ​ដែរ ក្នុង​ការធ្វើ​បុណ្យទាន នៅក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​។ លោក និយាយថា ការឈប់​សម្រាក​រយៈពេល ៣​ថ្ងៃនេះ មិន​ប៉ះពាល់​ដល់​ការចុះឈ្មោះ​បោះឆ្នោត នោះទេ​។

​អ្នកនាំពាក្យ​គ​.​ជ​.​ប​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មាន​រយៈពេល​៧0​ថ្ងៃ​ឯណោះ សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត​។ ដូច្នេះ​គ្រាន់តែ​ឈប់​៣​ថ្ងៃ ប្រហែលជា​មិន​អី​ទេ​។ ហើយ​ម្យ៉ាងទៀត ការចុះឈ្មោះ​លើក​នេះ គឺជា​ការចុះឈ្មោះ​បន្ថែម មិនមែន​ចុះឈ្មោះ​ទាំងស្រុង​ដូច​កាលពី​ឆ្នាំ​២0១៦​ទេ​»​។

​ការចុះឈ្មោះ​បោះឆ្នោត នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២0១៧​។ គិត​ចាប់តាំងពី​ថ្ងៃទី​១ មកដល់​ត្រឹម​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២0១៧ ប្រជាពលរដ្ឋ​ជាង​៧​ម៉ឺន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ បើ​បូ​កប​ញ្ជូ​ល​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៦ ជាមួយ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ឆ្នាំ​២0១៧ អ្នក​ចុះឈ្មោះ​សរុប មាន​ជិត​៨​លាន​នាក់​ហើយ នៅក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​បច្ចុប្បន្ន​។​

​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​ឆ្នាំ​២0១៦ ត្រូវតែទៅ​ចុះឈ្មោះ​នាពេលនេះ ដើម្បី​មាន​សិទ្ធិ​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២0១៨​។ ចំណែកឯ​ប្រជាពលរដ្ឋ ដែល​បាន​ចុះឈ្មោះ​កាលពី​ឆ្នាំ​២0១៦​រួចហើយ នឹងមាន​សិទ្ធិ​បោះឆ្នោត​ថ្នាក់ជាតិ​តែម្តង ដោយ​មិន​តម្រូវ​ឲ្យ​ចុះឈ្មោះ​សាជាថ្មី​ឡើយ​៕


Tag:
 បោះឆ្នោតជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com