ជាតិ
លិង្គព្រះឥសូរ​ធ្វើ​ពី​ថ្មភក់ ត្រូវបាន​យកទៅ​កម្ក​ល់​ទុក​ក្នុង​សារមន្ទីរ​ជាតិ ក្នុង​ខេត្តព្រះវិហារ​
15, Sep 2017 , 8:19 am        
រូបភាព
រូបភាពពីAKP
រូបភាពពីAKP
ដោយ:
​លិង្គព្រះឥសូរ ដែល​សាង​ពី​ថ្មភក់  ដែល​ត្រូវបាន​បុរាណ​វិទូ នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប្រទះឃើញ​កាលពី​ខែមេសា ឆ្នាំ​២០១៧​កន្លងទៅ ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ នៃ​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។ បើតាម​អគ្គនាយកដ្ឋាន​អជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ លិង្គព្រះឥសូរ​នេះ ឆ្លាក់​នៅ​ដំណាក់កាល​មួយ​នៅពេល​សាងសង់​ប្រាសាទព្រះវិហារ ក្នុងអំឡុង​សតវត្សរ៍​ទី​១១ និង​១២​។



​លិង្គព្រះឥសូរ​ដែល​សាង​ពី​ថ្មភក់ ត្រូវបាន​យកទៅ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ ដែល​ស្ថិតនៅ​ភូមិ​ធម្មជាតិ ឃុំ​ស្រអែម ស្រុក ជាំ​ក្សាន្ត​នៃ​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​១៣ ខែកញ្ញា​។ លិង្គព្រះឥសូរ ត្រូវបាន​ក្រុម​បុរាណ​វិទូ នាយកដ្ឋាន​រមណីយដ្ឋាន និង​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​ព្រះវិហារ ប្រទះឃើញ នៅពេល​ចុះ​សិក្សា​ស្រាវជ្រាវ ប្រព័ន្ធ​បង្ហូរទឹក​បុរាណ​នៅ​សងខាង​ជណ្ដើរ កាលពី​ថ្ងៃទី​២០ មេសា ឆ្នាំ​២០១៧​កន្លងទៅ​។​



​បើតាម​លោក គឹម សេត​តារា អគ្គនាយកដ្ឋាន​អជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ ដែល​ដកស្រង់​សំដី​ដោយសារ​ព័ត៌មាន​ជាតិ (AKP) លិង្គព្រះឥសូរ​នេះ មាន​ប្រវែង​២,១៤ ម៉ែត្រ ផ្នែក​ក្រោម​ខាង​គល់ ឆ្លាក់​រាង​បួន​ជ្រុង មាន​ប្រវែង​១,២២​ម៉ែត្រ និង​មាន​កម្ពស់​០,៤៦​ម៉ែត្រ​។ រីឯ​ផ្នែក​កណ្ដាល រាង​ប្រាំបី​ជ្រុង មាន​ប្រវែង​០,៤៦​ម៉ែត្រ និង​ផ្នែក​ខាងលើ ឬ​ខាងចុង ឆ្លាក់​រាល​មូល មាន​ប្រវែង​០,៤៦​ម៉ែត្រ ហើយ​មាន​អង្កត់ផ្ចិត​០,២៥​ម៉ែត្រ​។ លិង្គ​នេះ ឆ្លាក់​នៅ​ដំណាក់កាល​មួយ​នៅពេល​សាងសង់​ប្រាសាទព្រះវិហារ ក្នុងអំឡុង​សតវត្សរ៍​ទី​១១ និង​១២​។  នេះ​បើតាម អគ្គនាយកដ្ឋាន​អជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​ដដែល​។​



​តាម​លោក គឹម សេត​តារា ក្រោយ​ប្រទះឃើញ ក្រុមការងារ​បានសម្រេច​ធ្វើ​កំណាយ​បុរាណវិទ្យា នៅ​ថ្ងៃទី​២៤ និង​ទី​២៥ ខែ មេសា បន្តទៀត ដើម្បី​សិក្សា​លម្អិត​អំពី​ប្រភព និង​មូល​ហេតុដែល​លិង្គព្រះឥសូរ​នៅ​ទីតាំង​នោះ​។  នៅក្នុង​រណ្ដៅ​កំណាយ​ជាមួយ​លិង្គព្រះឥសូរ​នេះ ក្រុមការងារ ក៏​ប្រទះឃើញ​មាន​បំណែក​ឧបករណ៍​ថ្ម កិន​ថ្នាំបុរាណ​មួយ​ដុំ ដែល​ធ្វើ​អំពី​ថ្មភក់ បណ្ដោយ​ប្រវែង​១៧​សង់ទីម៉ែត្រ និង​ទទឹង​១៦​សង់ទីម៉ែត្រ និង​កម្រាស់​៤​សង់ទីម៉ែត្រ​ផងដែរ​។ នេះ​បើតាម​លោក គឹម សេត​តារា ដែល​បាន​បន្តទៀតថា បំណែក​នេះ បាន​បាក់​មួយ​ចំហៀង  គឺ​បំណែ​កលា​ល​ភាជន៍ ដែល​ដុត​ក្នុង​សីតុណ្ហភាព​មធ្យម និង​បំណែក​ភាជន៍​ដុត​ក្នុង​សីតុណ្ហភាព​ទាប និង​បំណែក​ភាជន៍​ពណ៌​សឺ​ឡែ​ន​។ ក៏មានដែរ បំណែក​ក្បឿង ដែល​ផលិត​នៅ​សម័យអង្គរ​៕

​ប្រភព​៖AKP


Tag:
 លិង្គព្រះឥសូរ​
 ​ ប្រាសាទព្រះវិហារ​
 ​ គឹម សេត​តារា​
© រក្សាសិទ្ធិដោយ thmeythmey.com