អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី អា​បេ ព្រមាន​កូរ៉េខាងជើង ក្រោយ​បាញ់​មី​ស៊ី​ល​រំលង​ដែនអាកាស​ជា​លើក​ទី​២
15, Sep 2017 , 1:44 pm        
រូបភាព
ដោយ:
 
​បន្ទាប់ពី​កូរ៉េខាងជើង​បាន​គំរាម​កម្ទេច​ជប៉ុន និង​ធ្វើ​ឲ្យ​អាមេរិក​ទៅជា​ផេះ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ដែនអាកាស​ជប៉ុន​ជា​លើក​ទី​២​។ សកម្មភាព​គឃ្លើន​រប​ស់​កូរ៉េខាងជើង​បង្ក​ឲ្យ​មានការ​គំរាម​ពី​ជប៉ុន​ថា ខ្លួន​មិន​អនុញ្ញាតិ​ឲ្យ​កូរ៉េខាងជើង​បន្តសកម្មភាព​គំរាមកំហែង​ម្ដង​ហើយ​ម្ដង​ទៀតឡើយ ហើយ​ជប៉ុន​ប្រឆាំងនឹង​សកម្មភាព​បែបនេះ​ជាដាច់ខាត​។​


​ជប៉ុន​បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជាបន្ទាន់ បន្ទាប់ពី​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​រំលង​ទឹកដី​ខ្លួន​ជា​លើក​ទី​២​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា​។ សកម្មភាព​នេះ​បណ្ដាល​ឲ្យ​ភាព​តានតឹង​នៅក្នុង​តំបន់​កាន់តែ​កើនឡើង ហើយ​ជប៉ុន​ក៏បាន​ព្រមាន​ដែរ​ថា ខ្លួន​នឹងមិន​ប​ណ្ដោ​ល​ឲ្យ​កូរ៉េខាងជើង​បន្តសកម្មភាព​គំរាមកំហែង​បែបនេះ​ទៀតឡើយ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuter មី​ស៊ី​លបាញ់​នេះ ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ចម្ងាយ​មធ្យម ដោយ​ហោះ​លើ​រយៈកម្ពស់​៧៧០​គីឡូម៉ែត្រ ហើយ​អាច​បាញ់​បាន​ចម្ងាយ​៣៧០០​គីឡូម៉ែត្រ​។ មី​ស៊ី​ល​នេះ​បាន​ហោះ​រំលង​ជប៉ុន ហើយ​ធ្លា​ក់នៅ​ជិត​ឆ្នេរ​ខាងកើត​ចម្ងាយ​២០០០​គីឡូ​ម៉ែត​ត្រ​ពី​កោះ​Hokkaido ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​។​
 
​ក្រោយ​ទង្វើ​ព្រហើន​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ហ្សូ អា​បេ បាន​ព្រមាន​កូរ៉េខាងជើង​ជុំវិញ​ការបាញ់​មី​ស៊ី​ល​នេះ​។ «​ជប៉ុន​នឹងមិន​ប​ណ្ដោ​ល​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​បែបនេះ​ទៀត​ទេ​។ ការបាញ់​មី​ស៊ី​ល​លើកចុងក្រោយ​បង្អស់​នេះ បានបង្ហាញ​យ៉ាងច្បាស់​ថា​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​គួរតែ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។​» នេះ​ជា​សម្ដី​របស់លោក​អា​បេ ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង yonhap ។​
 
​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​ក៏បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឲ្យ​សហការគ្នា​ដើម្បី​បញ្ឈប់​កូរ៉េខាងជើង​ក្នុងការ​បន្តធ្វើ​សកម្មភាព​គំរាមកំហែង​ដែរ​។ ដោយ​ពឹង​ផ្អែកលើ​សម្ព័ន្ធភាព​កូរ៉េខាងត្បូង​-​អាមេរិក លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​សន្យាថា​នឹង​ការពារ​ប្រទេស​ខ្លួន​ឲ្យ​បាន​តឹងរ៉ឹង​បំផុត​។ ចំណែកឯ មន្ត្រីជាន់ខ្ពស់​ជប៉ុន លោក Yoshihide Suga ក៏បាន​អះអាងថា ជប៉ុន​នឹងមិន​អនុញ្ញាតិ​ឲ្យ​កូរ៉េខាងជើង​បន្តធ្វើ​សកម្មភាព​គំរាមកំហែង​ទៀតឡើយ​។​ជប៉ុន​ប្រឆាំង​ដាច់ខាត​នឹង​សកម្មភាព​បែបនេះ​។​
 
​សូម​ជម្រាប​ដែរ​ថា នៅ​ថ្ងៃទី​២៩​ខែសីហា ក្រុង​ព្យុងយ៉ាង​ធ្លាប់បាន​បាញ់​មី​ស៊ី​ល​រំលង​ជប៉ុន​ម្ដង​រួចមកហើយ​។ ហើយ​នៅ​ថ្ងៃទី​១៤​ខែកញ្ញា កូរ៉េខាងជើង​ក៏បាន​គំរាម​កម្ទេច​ជប៉ុន​ឲ្យ​លិច​បាត់ទៅ​ក្នុង​សមុទ្រ​ផងដែរ​។ ការ​គំរាម​របស់​កូរ៉េខាងជើង​ធ្វើ​ឡើយ​ក្រោយ​រដ្ឋ​មួយ​នេះ​ទើប​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​បាន​ជោគជ័យ​កាលពី​ដើមខែ​នេះ​៕
 

Tag:
 ជប៉ុន​
  កូរ៉េខាងជើង
  ​ការបាញ់​មី​ស៊ី​ល
© រក្សាសិទ្ធិដោយ thmeythmey.com