អត្ថបទពាណិជ្ជកម្ម
តើមួយណាដែលអ្នកគួរជ្រើសរើស រវាង Samsung Galaxy Note 8 និង iPhone X ?
× សាមសុងទើបបានបញ្ចេញទូរស័ព្ទដៃទំនើបចុងក្រោយរបស់ខ្លួនគឺ Galaxy Note 8 នៅទីក្រុងញ៉ូវយក ទើបបានប៉ុន្មានសប្តាហ៌ ទូរស័ព្ទដៃដ៏ទំនើបមួយនេះក៏ត្រូវបានគេប្រៀបធៀបជាមួយ iPhone X ដែលបានបញ្ចេញរូបរាងរបស់ខ្លួនកាលពីពេលថ្មីៗកន្លងមកនេះដែរ។
Galaxy Note 8 មានអេក្រង់ ៦.៣ អ៊ីញ ស្ទើរគ្មានគែម កាមេរ៉ាទំហំ ១២ មេហ្គាភិចស៊ែល ជាមួយប៊ិក S Pen ដ៏ទំនើប ដើរដោយប្រព័ន្ធប្រតិបត្តិការ ១០nm រ៉េមទំហំ ៦ ជីហ្គាបាយ និងបំពាក់ដោយ ប្រព័ន្ធការពារ IP68 ធន់និងធូលីដីជាដើម។ ស្របគ្នានេះដែរ វេបសាយ មួយចំនួន បានធ្វើការប្រៀបធៀបទូរស័ព្ទ Galaxy Note 8 ជាមួយនឹង iPhone X ទៅលើចំណុចមួយចំនួនដូចជា៖
អេក្រង់៖
Galaxy Note 8 មានអេក្រង់ទំហំ ៦.៣ អ៊ីញ បង្ហាញកម្រិតរូបភាព ២៩៦០ x ១៤៤០ pixels ធំជាងអេក្រង់ iPhone X ដែលមានអេក្រង់ទំហំ ៥.៨ អ៊ីញ ក្នុងកម្រិតរូបភាព ២៤៣៦ x ១១២៥ pixels ដោយ iPhone X បំពាក់ ដោយ OLED អេក្រង់ស្ទើរគ្មានគែម។
កម្មវិធីស្គេនមុខ និងកំលាំងម៉ាស៊ីន:
Note 8 មានបំពាក់នូវមុខងារស្គេនម្រាមដៃនៅខាងក្រោយទូរស័ព្ទ ខណៈដែល iPhone X មិនមាន មុខងារនេះឡើយ តែជំនួសវិញដោយមុខងារស្គេនមុខ។ សាមសុងក៏ធ្លាប់នាំមុខនូវបច្ចេកវិទ្យាស្គេនមុខ និងស្គេនប្រស្រីភ្នែករួចមកហើយ ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់មិនមានអ្វីភ្ញាក់ផ្អើលទៅលើបច្ចេកវិទ្យាស្គេនមុខរបស់ iPhone X នោះទេ។
ក្រៅពីនេះ Note 8 ក៏មានបំពាក់ នូវប្រព័ន្ធដំណើរការ ១០nm និងរ៉េមរហូតដល់ ៦GB ខណៈដែល iPhone X បំពាក់នូវឈីប A11 Bionic កម្រិតកម្លាំង ៦៤bit ។ iPhone X មានទំហំរ៉េមទំហំ ៣GB មានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនមានពីរជម្រើសគឺ ៦៤GB និង ២៥៦GB ចំនែក Note 8 មានបីជម្រើសគឺ ៦៤GB/១២៨GB/ ២៥៦GB ព្រមទាំងអាចបន្ថែមទំហំម៉េមូរីក្រៅបានដល់ ២៥៦GB។ ឈីបរបស់ស្មាតហ្វូនទាំងពីរនេះសុទ្ធតែទ្រទ្រង់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងបច្ចេកវិទ្យាសាកថាមពលថ្មល្បឿនលឿនដូចគ្នា។
តម្លៃ និង ជម្រើសពណ៌៖
Galaxy Note 8 របស់ក្រុមហ៊ុនសាមសុងមានរួចជាស្រេចហើយសម្រាប់ការបញ្ជាទិញទុកជាមុន ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនសាមសុងលក់ទូរស័ព្ទ Galaxy Note 8 ក្នុងតម្លៃ ៩១៩ដុល្លារ ចំណែកឯទូរស័ព្ទ iPhone X មានតម្លៃចាប់ពី ៩៩៩ ដុល្លារអាមេរិកឡើងទៅ ហើយចាប់ផ្តើមលក់នៅខែតុលាឯណោះ។ Galaxy Note 8 មានច្រើនពណ៌ដើម្បីជ្រើសរើស ដូចជាពណ៌ខ្មៅ ពណ៌ប្រផេះ ពណ៌ខៀវ និង ពណ៌មាស ចំណែកឯ iPhone X មានពណ៌ប្រាក់, ខ្មៅ និងពណ៌ប្រផេះ ។
ប្រព័ន្ធកាមេរ៉ាភ្លោះដូចគ្នា
កំពូលស្មាតហ្វូនស៊េរីថ្មីចុងក្រោយរបស់ក្រុមហ៊ុនទាំងពីរនេះ ត្រូវបានបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅកាមេរ៉ាខាងក្រោយដូចគ្នា។ កាមេរ៉ាទាំងពីរនេះប្រើ កែវលែនទំហំ ១២MP ដូចគ្នាដោយមួយគ្រាប់ជាប្រភេទថតរូបទូលាយ wide angle lens មានកម្រិត aperture f/១.៨ និងមួយទៀតជាប្រភេទ telephoto មានកម្រិត aperture f/២.៤ ហើយកាមេរ៉ាទាំងពីរគ្រាប់នេះមានមុខងារទប់រំញ័រ OIS (optical image stabilization) និងបន្ថែមមុខងារថ្មីសម្រាប់ការថតរូបផ្ទៃព្រាលបានស្អាតច្បាស់ជាងមុន (Portrait Lighting)។ រីកាមេរ៉ាមុខរបស់វាវិញមានទំហំ ៧MP ហើយក៏ភ្ជាប់នូវមុខងារ Portrait Lighting ។ និយាយពីកាមេរ៉ាភ្លោះរបស់ Note 8 វិញក៏មានទំហំ ១២MP ដូចគ្នាដែរ ។ កាមេរ៉ាភ្លោះរបស់ Note8 មានមុខងារពីរផ្សេងគ្នាដែរដោយមួយជាប្រភេទកាមេរ៉ាថតរូបទូលាយ wide angle lens មានភ្ជាប់ដោយ aperture f/១.៧ អាចហ្ស៊ូម optical zoom កម្រិត ២x និងមួយគ្រាប់ទៀតជាប្រភេទ telephoto lens មានកម្រិត aperture f/២.៤ អាចហ្ស៊ូម optical zoom បាន ១០x។ វាមានមុខងារទប់រំញ័រកាមេរ៉ា OIS-4 axis និងមុខងារ Live Focus សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយបានដាច់ស្អាតបំផុត និងអាចកំណត់កម្រិតព្រាលបានទាំងកំឡុងពេលថត និងក្រោយពេលថតរួចទៀតផង។ Note 8 មានកាមេរ៉ាសែលហ្វីទំហំ ៨MP ធំជាងកាមេរ៉ាមុខរបស់ iPhone X ។ កាមេរ៉ាភ្លោះដែលបំពាក់លើកំពូលស្មាតហ្វូនទាំងពីរអាចថតវីដេអូបានដល់កម្រិត ៤K ជាមួយមុខងារទប់រំញ័របានល្អដូចគ្នា។
S Pen
មានតែត្រកូល Note របស់ក្រុមហ៊ុន Samsung ប៉ុណ្ណោះដែលមានភ្ជាប់មកជាមួយនឹងប៉ិច S Pen។ ទាក់ទងទៅនឹងប៉ិចនេះគឺពិតជាមានប្រយោជន៍ និងសមត្ថភាពខ្ពស់ក្នុងការសម្រួលដល់ការងាររបស់អ្នកប្រើប្រាស់ ដែលចំណុចមួយនេះគឺមិនមាននៅលើផលិតផលរបស់ Apple ឡើយ។
តើរវាង Samsung Galaxy Note 8 និង iPhone X មួយណាដែលអ្នកគិតថាសមនឹងទិញមកប្រើប្រាស់?
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com