English-Français
ជាតិ
សង្គមជាតិ
Francophonie ប៊ែ​ល​ហ្សិ​ក ត្រៀម​សហការ​ជាមួយ​ព្រឹទ្ធសភា​, ក្រសួងការបរទេស និង វិស័យ​ភាពយន្ត​ខ្មែរ
15, Sep 2017 , 3:35 pm        
រូបភាព
​ភ្នំពេញ​៖ ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា​បាត់បង់​ទីតាំង​ឈរជើង​របស់ខ្លួន​មែន​។ ប៉ុន្តែ​អ្នក​ស្នេហា​ភាសា​មួយ​នេះ មិនទាន់​ចង់​ឲ្យ​ភាសា​នេះ «​ស្លាប់​»​ទៅវិញ​ដោយ​ងាយៗ​នោះទេ​។ ក្រៅពី​ប្រទេស​បារាំង​, ប្រទេស ប៊ែ​ល​ហ្សិ​ក ជាពិសេស សភា​និយាយ​ភាសា​បារាំង ប៊ែ​ល​ហ្សិ​ក ក៏​បង្ហាញ​ជំហរ​ចង់​ជួយ​ជំរុញ​ការប្រើប្រាស់​ភាសា​បារាំង​ឡើងវិញ​នៅ​កម្ពុជា​ដែរ​តាមរយៈ​ការបង្កើន​វគ្គ​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​ជំនាញ​ការទូត ជំនាញ​ភាព យន្ត ជំនាញ​ច្បាប់​។​ល​។ អ្នកស្រី Anne Lange តំណាង​តំបន់ Wallonie-Bruxelles នៃ​ស្ថា​ត​ទូត​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ប្រចាំ​នៅ​វៀតណាម កម្ពុជា ឡាវ បាន​បញ្ជាក់ថា ស្ថាប័ន​លោកស្រី​ត្រៀម​សហការ​ជាមួយ​ព្រឹទ្ធសភា ក្រសួងការបរទេស និង​វិស័យ​ភាពយន្ត​ខ្មែរ​។



​សំឡេង​ជា​ភាសា​បារាំង​៖




​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​, អ្នកស្រី Anne Lange តំណាង​តំបន់ Wallonie-Bruxelles នៃ​ស្ថា​ត​ទូត​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ប្រចាំ​នៅ​វៀតណាម កម្ពុជា ឡាវ បានផ្តល់​បទ​សម្ភាស​ជូន​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ដោយ​បញ្ជាក់ថា ភាសា​បារាំង​នៅ​កម្ពុជា និង​នៅក្នុង​ប្រទេស​ផ្សេងៗ​បាត់បង់​ប្រជាប្រិយភាព​មែន​។ ទោះជា​យ៉ាងនេះ​ក្តី ករណី​នៅ​កម្ពុជា ស្ថាប័ន​លោកស្រី​បាន និង​កំពុង​ជំរុញ​សកម្មភាព​ផ្សេងៗ​មួយចំនួន​ក្នុងន័យ​លើកកម្ពស់​តម្លៃ​ភាសា​មួយ​នេះ​ឡើងវិញ​។ លោកស្រី​មានប្រសាសន៍​បន្តថា លើកកម្ពស់​ភាសា​បារាំង​មិនមែន​បណ្តុះបណ្តាល​បង្រៀន​តែ​ភាសា​បារាំង​សុទ្ធសាធ​នោះទេ​។ តែ​ស្ថាប័ន​លោកស្រី​ចង់​ចូលរួម​ជំរុញ​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​តាមរយៈ​ភាសា​បារាំង​។

​ជាក់ស្តែង ស្ថាប័ន​លោកស្រី Anne Lange តំណាង​តំបន់ Wallonie-Bruxelles នៃ​ស្ថា​ត​ទូត​ប្រទេស ប៊ែ​ល​ហ្សិ​ក ប្រចាំ​នៅ​វៀតណាម កម្ពុជា ឡាវ កំពុងធ្វើការ​សហការ​យ៉ាង​ល្អជា​មួយ​ព្រឹទ្ធសភា​ខ្មែរ ត្រៀម​សហការ​ជាមួយ​មជ្ឈមណ្ឌល​សោតទស្សន៍ បូ​ផា​ណា ដើម្បី​រក​លទ្ធភាព​បង្កើត​សាលា​ភាពយន្ត និង​ចុងក្រោយបង្អស់ ស្ថាប័ន​លោកស្រី​ត្រៀម​សហការ​គាំទ្រ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​ខ្មែរ​។ វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ​នឹងត្រូវ​បង្កើតឡើង​នាពេល​ខាងមុខនេះ នៅក្នុង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្នុង​គោលដៅ​បណ្តុះបណ្តាល​អ្នកការទូត​វ័យក្មេង​កម្ពុជា​។

​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​អ្នកការ​ទូត​វ័យក្មេង​នេះ លោកស្រី Anne Lange តំណាង​តំបន់ Wallonie-Bruxelles នៃ​ស្ថា​ត​ទូត​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ប្រចាំ​នៅ​វៀតណាម កម្ពុជា ឡាវ និយាយថា ស្ថាប័ន​លោកស្រី​ត្រៀម​ទទួលយក​អ្នកការទូត​វ័យក្មេង​ទៅធ្វើ​កម្មសិក្សា​នៅក្នុង​ប្រទេស ប៊ែ​ល​ហ្សិ​ក នាពេល​ខាងមុខនេះ​៕


Tag:
 ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com