ជាតិ
ពីនេះ ពីនោះ
វណ្ណយុត្ត​ក្នុង​ភាសា​ខ្មែរ​មាន​១៩ គឺ ៈ ះ ៉ ៊ ៍ ់ ័ ៗ ៏ + ៙ ។ ៕ ៚ } - ... ។​ល​។​
19, Sep 2017 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ
សាធារណជន​ភាគច្រើន​មិនបាន​ស្គាល់​សញ្ញា​វណ្ណយុត្ត​អស់​នោះទេ ហើយ​ចំពោះ​ការសរសេរ​ពាក្យ​មួយចំនួន​ក៏​នៅតែ​ប្រើ​សញ្ញា​វណ្ណយុត្ត​នេះ​ខុស​ដែរ​។ វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពី​របៀប​ប្រើ​សញ្ញា​វណ្ណយុត្ត​ទាំងនេះ​ដូចខាងក្រោម​៖


 
​វណ្ណយុត្ត ជា​នាម មានន័យថា គ្រឿង​ប្រដាប់​សម្រាប់​ប្រើ​ផ្សំ​ជាមួយនឹង​អក្សរ​; វណ្ណយុត្ត​សម្រាប់​ប្រើ​ក្នុង​ភាសា​ខ្មែរ​ដែលមាន​សណ្ឋាន ១៩ យ៉ាង​គឺ​៖
 
១- វិ​ស​ជ៌​នី ឬ វិសគ៌ៈ ឬក៏ រះមុខ (​ះ​) គឺ​សម្រាប់​ប្រើ​រះ​ពីមុខ​អក្សរ​, ដូចជា : ខ្លះ​, ម្លិះ​, លុះ​, ចេះ​, ឈ្មោះ ជាដើម​។​

២- មូសិកទន្ត ឬ ធ្មេញកណ្តុរ ( ៉ ) គឺ​សម្រាប់​ប្រើ​សម្លាប់​បំបែរ​សំឡេង​ព្យញ្ជនៈ ៩ តួ​គឺ ង​, ញ​, ន​, ប​, ម​, យ​, រ​, ល​, វ​, មាន​សំឡេង​ជា ង៉​, ញ៉​, ន៉​, ប៉​, ម៉​, យ៉​, រ៉​, ល៉​, វ៉​, និង​ប្រើ​ដាក់​ពីលើ​ស្រៈ  « ិ » ឲ្យ​ជា « ឺ » ។​

៣- ត្រីសព្ទ (​៊​) គឺ​សម្រាប់​ប្រើ​ដាក់​លើ​អក្សរ ៤ តួ ប​, ស​, ហ​, អ​, ឲ្យ​មាន​សំឡេង​ធំ​ជា ប៊​, ស៊​, ហ៊​, អ៊ ដូច​ពាក្យ​ថា ត្បូង​ប៊ុត​, ស៊ងស្លា​, ឮ​ស៊ាន​, ស៊ុនសម្ដី​; មិន​ហ៊ាន​ទៅ​, ចូល​ហ៊ុន​, ស្រែក​ហ៊ោ​, អ៊ុះ​អ៊ះ ជាដើម​។ ប៉ុន្ដែ​តួ “​ស​” កាលណា​បើ​មាន​ស្រៈ ឥ ឬ ឦ នៅ​ពី​ខាងលើ នឹង​ផ្លាស់​រូប​ត្រីសព្ទ ( ៊ ) នេះ​ចេញ​ដូច​យ៉ាង ស៊ី​បាយ ដូច្នេះ​ជាដើម​វិញ​ក៏បាន​។

៤- ទណ្ឌឃាដ ឬ បដិសេធ (​៍​)
គឺ​សម្រាប់​ដាក់​ឃាត់​អក្សរ​មិន​ឲ្យ​មាន​សំឡេង​ដូចជា ប្រយោជន៍​, យោជន៍​, ខ្លឹម​ច័ន្ទ​ន៍ ជាដើម​។​

៥- របាទ ឬ រេផៈ (៌​​) គឺ​ប្រើ​ចំពោះតែ​ភាសាសំស្ក្រឹត​ឬ សំស្ក្រឹត​ក្លាយ​, ដូចជា គ័ភ៌​, ទុគ៌ត​, ទុព៌ល​, ធម៌​, ប​ព៌​ត​, ព័ណ៌​, ធម៌អាថ៌ ជាដើម​។​

៦- រស្សសញ្ញា ឬ បន្តក់ (​់​) នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត ពុំ​ឃើញ​មានពន្យ​ល់ពី រស្សសញ្ញា ឬ បន្តក់ (​់​) នេះឡើយ​។

៧- សំយោគសញ្ញា (​័​) នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត ពុំ​ឃើញ​មានពន្យ​ល់ពី សំយោគសញ្ញា (​័​) នេះឡើយ​។​

៨- លេខទោ ឬ អាមេណ្ឌិតសញ្ញា (​ៗ​) គឺ​សម្រាប់​សរសេរ​រៀង​ពី​ខាងមុខ​ពាក្យ ដែល​ត្រូវ​ថា ផ្ទួន​, ដូចជា ផ្សេងៗ​, ទីទៃៗ​, បងៗ​, ប្អូនៗ ជាដើម​។​

៩- លេខអស្តា (​៏​) គឺ​សម្រាប់​ដាក់​លើ​អក្សរ​ទោល​នាំ​អក្សរ​នោះ​ឲ្យ​មាន​សំឡេង​កញ្ឆក់​ខ្លី​រហ័ស​, ដូចជា ក៏បាន​, ក៏​ដែរ​, ក៏ដោយ​, ដ៏​បវរ​, ដ៏​ប្រសើរ​, ដ៏ហើយ​ដោយ​មាស​, ព្ធដ៏​អាកាស​; ហ៏ !, ហ៏​យក​ចុះ !, ន៏ !, នុ៎ះ​ន៏ !; អុញ​ន៏ ! ជាដើម​។​

១០- កាកបាទ ឬ ជើងក្អែក (+)
គឺ​ឈ្មោះ​វណ្ណយុត្ត​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ជើងក្អែក​សម្រាប់​ប្រើ​ជៀតអក្សរ​ដែល​សរសេរ​ខុស​ហើយ​សរសេរ​ជៀត​ពីលើ ឬ​ពីក្រោម​ត្រូវការ​ជើងក្អែក​នេះ (+) ។​

១១- កុក្កុដនេត្រ ឬ ភ្នែកមាន់ (៙) គឺ​ឈ្មោះ​វណ្ណយុត្តិ​មួយ​យ៉ាង មាន​សណ្ឋាន​ជាវ​ង់​មូល​ពីរ​ជាន់ តូច​ក្នុង ធំ​ក្រៅ ស្រដៀង​នឹង​ភ្នែកមាន់ (៙) សម្រាប់​ប្រើ​សរសេរ​ដាក់​ត្រង់​ក្បាល​បន្ទាត់ ដើម​សេចក្ដី​ធំ​នីមួយៗ (​ប្រើតែ​ក្នុងសម័យ​ដើម​) ។


១២- របះ (​។​) គឺ​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ​មាន​រូបសណ្ឋាន​បែបនេះ (​។​) សម្រាប់​រះ​ខណ្ឌ​ឃ្លា​ក្នុង​សង្កា​ត់នៃ​ប្រយោគ​វែង​ខ្លី​នីមួយៗ ។​

១៣- របះចប់ ឬ របះបរិយោសាន (៕) គឺ​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ​ប្រើ​ក្នុងសម័យ​បុរាណ ប្រើ​រូបសណ្ឋាន​បែបនេះ (៕), ក្នុងសម័យ​បច្ចុប្បន្ន ប្រើ​រូប​បែបនេះ (​។​) គឺ​រូប​ទោល​តែមួយ​ដែរ​; ឬ​ជួន​ប្រើ​រូប​បែបនេះ (​។​៚) ក៏មាន​,  រូប​បែបនេះ (៕៚) ក៏មាន (​ដូច​បុរាណ​ដែរ​) ។​

១៤- គោមូត្រ (៚) គឺ​ឈ្មោះ​គ្រឿង​វណ្ណយុត្តិ​មួយ​យ៉ាង មាន​សណ្ឋាន​ស្រដៀង​នឹង​កង្កាញ់​ទឹកនោមគោ (៚) សម្រាប់​ប្រើ​សរសេរ ដាក់​ត្រង់​កន្លែង​បញ្ចប់សេចក្ដី ដែល​ចប់​អស់ហើយ​ត្រឹម​ប៉ុណ្ណោះ​, ច្រើន​ប្រើ​ក្នុង​ទី​ចប់​ស្រេច​នៃ​កាព្យ ។​

១៥- រ៉ាត់ ឬ គាប ( } ) គឺ​ឈ្មោះ​វណ្ណយុត្ត​មួយ​ប្រភេទ​សម្រាប់​សរសេរ​គាប កើត កើត ពាក្យ​ទន្ទឹមគ្នា​, ដូចជា​៖ ថ្ងៃ ៨ និង ១៥ ឬ ១៤  រោច រោច នេះ​ជា : ថ្ងៃ ៨ កើត​, ៨ រោច និង ១៥ កើត​, ១៥ រោច ឬ ១៤ រោច ដូច្នេះ​វិញ ។ តែ​ពុំ​ឃើញ​ការពន្យល់​ដោយ​ប្រើ​រ៉ាត់​សញ្ញា ឬ គាប​សញ្ញា ( } ) បែបនេះ​ឡើយ​។​

១៦- រ​ជ្ជុ​សញ្ញា (-) នៅក្នុង​វចនានុក្រម​សម្តេច ជួន ណាត ពុំ​ឃើញ​មានពន្យ​ល់ពី រជ្ជ​សញ្ញា (-) នេះឡើយ​។

១៧- មច្ឆណ្ឌសញ្ញា ឬ ពងត្រី (...)
គឺ​សម្រាប់​ប្រើ​ក្នុងការ​រៀបរាប់​របស់​ផ្សេងៗ​ឬ​ខ​សេចក្ដី​ដែល​នៅមាន​ទៀត​, ដែល​មិនទាន់​ចប់​មិនទាន់​អស់​, មានន័យ​ប្រហែល​នឹង​ពាក្យ “​ជាដើម​” : សាលារៀន​ខ្ញុំ​មាន​តុ​, ទូ​, កៅអី​...; ត្រូវយក​ប្រដាប់ប្រដា​ឲ្យ​សព្វគ្រប់​ទៅ​ផង ដូចជា​ឆ្នាំង​, ចាន​, វែក​, ស្លាបព្រា​, សម​... ។​

១៨- បេយ្យាលៈ (​។ បេ ។​) ឬ (​។​ល​។​)
គឺ​សម្រាប់​ប្រើ​បំ​ព្រួញ​សេចក្ដី​វែង​ឲ្យ​ខ្លី​ឬ​ច្រើន​ឲ្យ​តិច​, ប្រើតែ​អក្សរ​១​តួ​ខាងដើម​ថា ។ បេ ។ (​ប៉េ​) ក៏បាន​, ប្រើតែ​អក្សរ​ខាងចុង​ថា ។​ល​។ (​ល៉ៈ​) ក៏បាន ។

​និង​ទី​១៩
ជា​វណ្ណយុត្ត​ដែល​ទើបនឹង​បង្កើត​ថ្មី គឺ​យុគលពិន្ទុ (​ៈ​) សម្រាប់​ប្រើ​ចុច​សម្រួល​ពាក្យ​ឲ្យ​ងាយ​ថា ដូចជា ធុរៈ​, ភារៈ​, ព្យូហៈ​, លក្ខណៈ ជាដើម​។

សញ្ញា . , ; : ? ! = < > “ ” ( ) ជា​វណ្ណយុត្ត​របស់​អឺរ៉ុប​ដែល​ខ្មែរ​កំពុង​ប្រើ​បច្ចុប្បន្ន​

​សាធារណជន​ភាគច្រើន​ពុំបាន​ដឹងថា នៅក្នុង​ភាសា​ខ្មែរ​បច្ចុប្បន្ន​មានប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​មួយចំនួន​ឡើយ​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា នៅក្នុង​ភាសា​ខ្មែរ​មានប្រើ​វណ្ណយុត្ត​របស់​អឺរ៉ុប​ផង គឺ . , ; : ? ! = < > “ ” ( ) សម្រួល​តាម​សម័យនិយម (​ដែល​ក្នុងសម័យ​បច្ចុប្បន្ន​បាន​ឲ្យ​ឈ្មោះថា សំ​. បា​. ឬ​ជា​ខ្មែរ​អស់ហើយ​) ៕



© រក្សាសិទ្ធិដោយ thmeythmey.com