កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​រៀបចំ​ពានរង្វាន់​លើកដំបូង ដើម្បី​ស្វែងរក​ជើង​ខ្លាំង​ត្រៀម​ប្រកួត​ថ្នាក់ជាតិ​
15, Sep 2017 , 4:58 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា បានរៀបចំ​ការប្រកួត​ពានរង្វាន់​ភូមិភាគ​បឹង​ទន្លេសាប​លើក​ទី​១ នៅ​ខេត្តពោធិ៍សាត់ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែកញ្ញា ដើម្បី​ស្វែងរក​ជើង​ខ្លាំង​សម្រាប់​ត្រៀម​ប្រកួត​កម្រិត​ថ្នាក់ជាតិ​។ សម្រាប់​ការរៀបចំ​លើកដំបូង​នេះ​មាន​៥​ក្រុម​មកពី​ខេត្ត​ផ្សេងៗ​គ្នា​ចូលរួម ហើយ​ក្នុងចំណោម​ក្រុម​ទាំងនេះ សហព័ន្ធ​កីឡា​ទាញព្រ័ត្រ ចម្រាញ់​យក​ជើង​ខ្លាំង​ចំនួន​ពីរ​ក្រុម​ប៉ុណ្ណោះ​។​



​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ​កម្ពុជា​អ្នកស្រី ប្រាក់ សម្ផស្ស បាន​និយាយថា ពានរង្វាន់​កីឡា​ទាញព្រ័ត្រ​ភូមិភាគ​បឹង​ទន្លេសាប​ប្រចាំឆ្នាំ​២០១៧ នៅ​ខេត្តពោធិ៍សាត់​នេះ រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​ចម្រាញ់​យក​ជើង​ខ្លាំង នៅតាម​បណ្តា​ខេត្ត សម្រាប់​ត្រៀម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ឆ្នាំ​២០១៨​។ ម្យ៉ាងទៀត​សហព័ន្ធ​កីឡា​ទាញព្រ័ត្រ ក៏​ចង់​បំផុស​ចលនា​កីឡា​បែប​ប្រពៃណី​មួយ​នេះ ឲ្យ​កាន់​តែមាន​ភាព​ផុលផុស ក៏ដូចជា​បញ្ជ្រាប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​លេង​កីឡា​នេះ​កាន់តែច្រើន​ផងដែរ​។

​អ្នកស្រី​បាន​បន្ថែមថា​៖«​ការប្រកួត​នេះ​មិន​ត្រឹមតែ​ដើម្បី​ស្វែងរក​ជើង​ខ្លាំង និង​ផ្សព្វផ្សាយ​ពី​ចលនា​កីឡា​នេះ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​ភាពសប្បាយ​រីករាយ​កដ​ល់​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​ទៀតផង​។ ដើម្បី​បង្ក​បរិយាកាស​ឲ្យ​កាន់​តែមាន​ភាពសប្បាយ​រីករាយ ក្រៅពី​ការប្រកួត​កីឡា​បែប​ប្រពៃណី ក៏មាន​ការប្រគុំ​តន្ត្រី និង​ការតាំងពិព័រណ៍​ផលិតផល​ទូទៅ​កម្ពុជា​-​ថៃ​ផងដែរ​»​។

​បើតាម​អ្នកស្រី ប្រាក់ សម្ផស្ស ពានរង្វាន់​កីឡា​ទាញព្រ័ត្រ​ភូមិភាគ​បឹង​ទន្លេសាប​ឆ្នាំនេះ​បាន​ទាក់ទាញ​ក្រុម​ចូលរួម​ចំនួន​៥ មកពី​ខេត្តបាត់ដំបង​, សៀមរាប​, កំពង់ឆ្នាំង​, បន្ទាយមានជ័យ និង​ម្ចាស់ផ្ទះ​ពោធិ៍សាត់​។ សហព័ន្ធ​នឹង​ចម្រាញ់​យក​ជើង​ខ្លាំង​ពីរ​ក្រុម​ឡើងទៅ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០១៨ ខាងមុខ​ក្នុងចំណោម​ក្រុម​នេះ​។

​ដើម្បី​ជួយ​សម្រួល​ការចំណាយ​ថ្លៃ​អាហារ និង​ការ​ស្នាក់នៅ​របស់​ខេត្ត​នីមួយៗ​ដែល​ចូលរួម សហព័ន្ធ​ក៏​ផ្តល់​ថវិកា​១០០​ដុល្លារ​ក្នុង​មួយក្រុម​។ ចំណែក​កីឡាករ គ្រូបង្វឹក និង​ប្រតិភូ​ដឹកនាំ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​ចូលរួម​ទទួលបាន​ម្នាក់​៥​ដុល្លារ​ក្នុង​១​ថ្ងៃ​។ ក្រៅពីនេះ​ក៏មាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ក្រុម​ម្ចាស់​ជ័យលាភី​ផងដែរ​។ ការប្រកួត​កីឡា​ទាញព្រ័ត្រ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ កញ្ញា សម្រាប់​ពានរង្វាន់​ទាញព្រ័ត្រ​ភូមិភាគ​បឹង​ទន្លេសាប​នេះ ដែល​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែកញ្ញា ។​

​ក្រោយ​ចប់​ការប្រកួត​នៅ​ភូមិភាគ​បឹង​ទន្លេសាប​ក្នុង​ខេត្តពោធិ៍សាត់​នេះ សហព័ន្ធ​កីឡារ​ទាញព្រ័ត្រ នឹង​បន្ត​យុទ្ធនាការ​ស្វែងរក​ជើង​ខ្លាំង នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ទៀតផង​។ នេះ​បើតាម​គម្រោង​របស់​សហ​ព័ន្ធ​កីឡា​ទាញព្រ័ត្រ​៕


Tag:
 ទាញព្រ័ត្រ​
  ប្រាក់ សម្ផស្ស​
  ពានរង្វាន់​ភូមិភាគ​បឹង​ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com