សង្គមអន្តរជាតិ​
អន្តរជាតិ
បុរី​រដ្ឋ​ដូច​សិង្ហ​បុរី តូច​ពិត​តែមាន​វិស័យ​យោធា​ខ្លាំង​
19, Sep 2017 , 5:00 pm        
រូបភាព
​បុរី​រដ្ឋ​សិង្ហ​បុរី​មាន​ប្រជាជន​ជាង ៥​លាន​នាក់ ហើយ​មាន​ផ្ទៃដី​ទំហំ​ជិត ៧០០​គីឡូម៉ែត្រ​ការ៉េ ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ប្រទេស​នេះ​ចំណាយ​ថវិកា​ច្រើនសន្ធឹក​លើ​ការ​នាំចូល​សព្វាវុធ​រៀងរាល់ឆ្នាំ ក្នុង​គោលដៅ​ពង្រឹង​វិស័យ​ការពារជាតិ​របស់ខ្លួន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​នេះ​ក៏​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ដែល​គ្រប់​អាយុ​ចូល​បំពេញ​កងទ័ព​ថែមទៀត​។ វាស​បញ្ជាក់​ឲ្យ​ឃើញថា ក្រៅពី​ផ្តោតលើ​ការពង្រីក​និង​ធានា​និរន្តរភាព​នៃ​ការលូតលាស់​នៃ​សេដ្ឋកិច្ច សិង្ហ​បុរី​ក៏​គិតគូរ​ខ្លាំង​ពី​សមត្ថភាព​និង​អំណាច​យោធា​របស់ខ្លួន​ដែរ​។​



​និយាយ​ដល់​វិស័យ​យោធា​នេះ ក្នុង​ឆ្នាំ​២០១៤ សិង្ហ​បុរី​បាន​ចំណាយ​ថវិកា​មាន​ទំហំ ២៥​ភាគរយ​នៃ​ចំណូល​សរុប​ប្រចាំឆ្នាំ​របស់ខ្លួន​លើ​វិស័យនេះ ដែល​វា​មាន​ទំហំ​ច្រើន​លើសលុប​។​យោងតាម​របាយការណ៍​ក្រសួងការពារជាតិ​សិង្ហ​បុរី​ការចំណាយ​លើ​វិស័យ​យោធា​ប្រទេស​នេះ​កើនឡើង​ពី​៦០០​លាន​ដុល្លារ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ មកដល់ ១២ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៣​។ បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ខ្លួន​ម៉ាឡេស៊ី គេ​ឃើញថា​មាន​ទំហំ​ខុសគ្នា​ជាង ២​ដង ព្រោះ​ម៉ាឡេស៊ី​ចំណាយ​៥​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​វិស័យ​យោធា​។  
 
​ដោយឡែក យោងតាម​របាយការណ៍​ឆ្នាំ ២០១៥​របស់ វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ សិង្ហ​បុរី​នេះ​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ១០​ដែល​នាំចូល​សព្វាវុធ​ច្រើនជាងគេ​លើ​លោក​។ ដោយ​រាប់​ចាប់ពី​ឆ្នាំ ២០១០ ដល់ ២០១៤ សិង្ហ​បុរី​នាំចូល​អាវុធ​ប្រហែលជា ៣​ភាគរយ​នៃ​អាវុធ​ដែល​នាំចូល​សរុប​ក្នុង​ទីផ្សារ​អន្តរជាតិ​ផងដែរ​។​
 
​តាមពិតទៅ សិង្ហ​បុរី នាំចូល​អាវុធ​ភាគច្រើនបំផុត​រហូតដល់ ៧១​ភាគរយ​ឯណោះ​ពី​សហរដ្ឋអាមេរិក ហើយ​អាវុធ​របស់​អាល្លឺម៉ង់​មាន​ប្រហែលជា ១០​ភាគរយ និង​ស៊ុយអែត​មាន​ប្រហែល ៦​ភាគរយ​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ សិង្ហ​បុរី​ប្រឈម​បញ្ហាលំបាក​មួយចំនួន ក្នុងការ​ពង្រឹង​អំណាច​យោធា​ដោយ​នាំ​អាវុធ​ចូល​ច្រើន​នេះ ព្រោះ​ប្រទេស​នេះ​មាន​ផ្ទៃដី​តូច​ពេក​។ ដូច្នេះហើយ​រដ្ឋាភិបាល​សិង្ហ​បុរី​ចំណាយលុយ​ជួល​កោះ​អូស្ត្រាលី Queensland ដើម្បី​ដាក់​ទ័ព និង​សព្វាវុធ ក៏ដូចជា​សម្រាប់ធ្វើ​សមយុទ្ធ និង​សាកល្បង​សព្វាវុធ​ជាដើម​។ សិង្ហ​បុរី​ក៏​ត្រៀម​បង្កើន​ចំនួន​ទ័ព​ដែលមាន​លើ​កោះ​ពី​៦​ពាន់​នាក់​ទៅ ១៤​ពាន់​នាក់​ផងដែរ​។ តែ​គួរ​ត្រលប់មក​ផ្តោតលើ សំណួរ​ថា​តើ មូលហេតុ​អ្វី​បានជា​ប្រទេស​តូច​ដូច​សិង្ហ​បុរី​នេះ​ត្រូវការ​អំណាច​យោធា​ខ្លាំង​និង​នាំចូល​សព្វាវុធ​ច្រើនសន្ធឹក​បែបនេះ​?
 
​តាមពិតទៅ​មាន​មូលហេតុ​ច្រើន​ដែល​នៅ​ពីក្រោយ​ការបន្ត​បង្កើន​អំណាច​យោធា​របស់​សិង្ហ​បុរី​។  ​ហេតុផល​សំខាន់​ទីមួយ​គឺ ទីតាំង​ភូមិសាស្ត្រ​។ ថ្វីបើ​គេ​គ្រប់គ្នា​ថា សិង្ហ​បុរី​មា​នទី​តាំងពី​ភូមិសាស្ត្រ​ល្អ​សម្រាប់​ពាណិជ្ជកម្ម​ក៏ដោយ ប្រជាជន​សិង្ហ​បុរី​យល់ថា ប្រទេស​ពួកគេ​ស្ថិតក្នុង​កន្លែង​ងាយ​គ្រោះ​ដោយ​ខ្វះខាត​ធនធាន​ផង ហើយ​ស្ថិតនៅ​ជិត​អ្នកជិតខាង​មានអំណាច​ហើយ​ចិត្ត​មិនសូវ​ល្អ​ទៀត​។ សូម្បីតែ​រដ្ឋមន្ត្រី​ការពារជាតិ​សិង្ហ​បុរី​លោក Ng Eng ក៏​ធ្លាប់​ថ្លែង​ផងដែរ​ក្នុង​ឆ្នាំ​២០១៤ ថា​៖« ខ្ញុំ​យល់ស្រប ចំពោះ​ការ​លើកឡើងថា កាលណា​ប្រទេសមួយ​កាន់តែខ្លាំង ប្រទេស​នោះ​នឹងមាន​សត្រូវ​កាន់តែ​តិច​»​។​
 
​ទាក់ទិន​បញ្ហា​នេះ លោក Pak Shun Ng ដែលជា​ម្ចាស់​សៀវភៅ​មាន​ចំណងជើង​ថា «​ពី​សត្វ​បង្កង​មាន​ពិស​ទៅជា​កាំ​ប្រ​ម៉ា​៖ បទ​វិភាគ​ពី​ការផ្លាស់ប្តូរ​ស្ថានភាព​ការពារជាតិ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩៨០» ឬ​ជា​ភាសា​អង់គ្លេស «From poisonous shrimp to porcupine : an analysis of Singaporean defence posture change in the early 1980s» ក៏​យល់ថា ភូមិសាស្ត្រ​នយោបាយ​ជា​មូល​ហេតុដែល​ជំរុញ​ឲ្យ​សិង្ហ​បុរី​ពង្រឹង​វិស័យ​ការពារជាតិ​ឲ្យ​ខ្លាំង​។ លោក​ថា សិង្ហ​បុរី​ដឹង​ច្បាស់​ថា​ខ្លួន​ស្ថិតនៅ​តំបន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ប្រទេស​ម៉ូ​ស្លី​ម​ធំៗ​។​
 
 ​ក្នុង​សៀវភៅ​នេះ​ក៏មាន​ស្រង់​សម្តី​លោក លី ក្វាន់​យូ ផងដែរ ដោយ​លោក​ថ្លែងថា​៖«​នៅក្នុង​ទីកន្លែង​ដែល​ត្រី​ធំៗ​ស៊ី​ត្រី​តូចៗ ហើយ​ត្រី​តូចៗ​ស៊ី​សត្វ​បង្កង​នោះ សិង្ហ​បុរី​ត្រូវតែ​ក្លាយជា​បង្ក​មួយ​ដែលមាន​ពិសពុល​វិញ​»​។​
 
​ចំណែក ហេតុផល​សំខាន់​មួយទៀត គឺ គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​សិង្ហ​បុរី​តាំងពី​សម័យ​លោក លី ក្វាន់​យូ គឺ «​ខ្លួន​ទីពឹង​ខ្លួន​» ។ នេះ​មានន័យថា សិង្ហ​បុរី​ចាំបាច់​ត្រូវមាន​លទ្ធភាព​ការពារ​សន្តិសុខ​ផ្ទាល់ខ្លួន​ដោយ​មិនចាំបាច់​អាង​ឬ​ពឹង​អ្នកដទៃ​ជា​ខ្នងបង្អែក​។​
 
​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកវិភាគ​ខាង​សន្តិសុខ​និង​ការពារជាតិ​នៃ​សាលា​សិក្សា​អន្តរជាតិ Rajaratnam សិង្ហ​បុរី លោក Collin Koh បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា សិង្ហ​បុរី​ត្រូវការ​វិស័យ​យោធា​ខ្លាំង ដែល​វា​មានន័យថា ត្រូវមាន​កងទ័ព​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ខ្លាំង​និង​មាន​បំពាក់​សព្វាវុធ​ទំនើប​។ នេះ​ក៏​ព្រោះថា ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រទេស​អាច​ត្រលប់​ទៅជា​ចូរ​ចត់ ល្អក់​ករក​មួយ​ពព្រិច​ភ្នែក​ប៉ុណ្ណោះ​។ ដូច្នេះ សិង្ហ​បុរី​មិនអាច​ពឹង​ផ្អែកលើ​ឆន្ទៈ​ល្អ​របស់​ប្រទេស​ជិត ព្រោះ​គ្មាន​អ្នកណា​ល្អជា​មួយ​យើង​រហូត​ទេ​។​
 
ដូច​ដឹង​ស្រាប់​ហើយ​ថា ចាប់តាំងពី​ប្រកាស​ឯករាជ្យ​ពី​ម៉ាឡេស៊ី  ​សិង្ហ​បុរី​មាន​នយោបាយ​ការបរទេស​មួយ​ដែល​មិន​ជ្រើស​រើសយក​ការបង្កើត​សម្ព័ន្ធភាព​ជាមួយ​រដ្ឋ​ណាមួយ​ទេ សូម្បីតែ​សហរដ្ឋអាមេរិក​។ តែ​សិង្ហ​បុរី​ត្រូវការ​ដៃគូ​សេដ្ឋកិច្ច ពោលគឺ​គ្រប់​រដ្ឋ​ជា​មិត្ត​និង​មហាអំណាច​ទាំងអស់​ឲ្យ​តែ​អាចធ្វើ​ជំនួញ​ជាមួយគ្នា​បាន​។  
 
​មួយវិញទៀត ជាការ​ត្រៀមលក្ខណៈ​សម្រាប់​ឆ្លើយតប​រាល់​ការគំរាមកំហែង​ពី​ខាងក្រៅ​ចំពោះ​សន្តិសុខ​ផ្ទៃក្នុង និង​ចរាចរណ៍​ពាណិជ្ជកម្ម​តាម​សមុទ្រ​ជាដើម​ដែលជា​អាយុជីវិត​របស់​សិង្ហ​បុរី ពី​សំណាក់​ក្រុម​មិនមែន​រដ្ឋ ។ ការកើនឡើង​ចលនា​ភេរវកម្ម ឧក្រិដ្ឋកម្ម ឆ្លងដែន និង​ចោរ​សមុទ្រ​ជាដើម​នោះ​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​សម្រាប់​សន្តិសុខ​និង​សេដ្ឋកិច្ច​ប្រទេស​នេះ​មិនអាច​ប្រកែក​បានឡើយ​។​
 
​ត្រលប់មក​មើល បរិបទ​នៃ​ទំនាក់ទំនង​តំបន់​និង​សកល​វិញ​ម្តង​។  ​សិង្ហ​បុរី នាំ​អាវុធ​ចូល​និង​ពង្រឹង​កម្លាំងយោធា ប្រហែលជា​ត្រៀមលក្ខណៈ​ក្រែង​មានការ​ប្រែប្រួល​នៃ ប៉ះទង្គិច​ឬ​ជម្លោះ​កើតមានឡើង​ជាយថាហេតុ​រវាង​មហាអំណាច​ធំៗ​ក្នុង​តំបន់​។​
 
​តែ​យ៉ាងណាមិញ នៅមាន​អ្នកខ្លះ​ឆ្ងល់​ថា ចុះបើ​សិង្ហ​បុរី​តូច​បែបនេះ ទោះ​មាន​សព្វាវុធ​ទំនើប និង​ទ័ព​ខ្លាំង​ក៏​មិន​ប្រាកដថា អាច​កម្ចាត់​សត្រូវ​បានដែរ​។ យោងតាម​សៀវភៅ​ដែល​លើកឡើង​ខាងលើ ក្នុង​ឆ្នាំ ១៩៨៤ លោក លី សៀន​ឡុង ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​នោះបាន​ថ្លែង​បញ្ជាក់ថា​៖« ខ្ញុំ​ប្រហែលជា​មិនអាច​កម្ទេច​អ្នក​បានឡើយ ប៉ុន្តែ​អ្នក​ប្រហែលជា​ត្រូវ​ប្រឈម​លទ្ធផល​ដែល​មិនអាច​ទទួលយកបាន​ពេល​ជា​អ្នក​ចង់យក​ឈ្នះ​ខ្ញុំ​»៕




Tag:
 សិង្ហ​បុរី​
  លី ក្វាន់​យូ
© រក្សាសិទ្ធិដោយ thmeythmey.com