ជាតិ
សង្គមជាតិ
ហេតុអ្វីបានជាព្រះសង្ឃសូត្របទបរាភវសូត្រនាពេលទៀបភ្លឺក្នុងរដូវបុណ្យភ្ជុំបិណ្ឌ?
× ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ព្រះសង្ឃគ្រប់វត្តអារាមតែងតែនិមន្តសូត្របទបរាភវសូត្រ នៅលើព្រះវិហារ ឬសាលាឆាន់ នាពេលទៀបភ្លឺ ក្រោយពីបញ្ចប់ការចាក់បទទំនួញប្រេត និងបន្ទាប់ពីបោះបាយបិណ្ឌរួច។ តើបរាភវសូត្រមានន័យដូចម្តេច? ហើយហេតុអ្វីបានជាព្រះសង្ឃចាំចាច់ត្រូវសូត្របទនេះ នៅពេលជិតភ្លឺដូច្នេះ?
បរាភវសូត្រ មានន័យថា ហោហារស្ត្រ បែបបទ ឬក៏មាត្រា ដែលបង្ហាញពីអត្ថន័យ នៃសេចក្តីវិនាស។ ការសូត្របទបរាភវសូត្រនេះ គឺជាការរៀបរាប់ពីសេចក្តីវិនាសទាំងឡាយ ដែលជនប្រុសស្រី ត្រូវចៀសវាង។ នៅពេលបានយល់ថាអ្វីជាសេចក្តីវិនាស និងអ្វីជាហេតុនាំឲ្យវិនាសហើយ ជនានុជនគ្រប់រូប គួរកុំគប្បីប្រព្រឹត្តឡើយ នូវហេតុឬអំពើដែលនាំឲ្យវិនាសនោះ។
តាមអត្ថន័យនៃបរាភវសូត្រនេះ សេចក្តីវិនាសនោះ គឺមាន១២ប្រការ ពោលគឺ ១. ការទ្រុស្តធម៌ ឬស្អប់ធម៌, ២. ការសេពគប់នឹងជនជាអសប្បុរស, ៣. ការដេកច្រើន, និយាយច្រើនឥតប្រយោជន៍, ខ្ជិលច្រអូស និងខឹងច្រើន, ៤. ការមិនចិញ្ចឹមមាតាបិតា, ៥. ការភូតកុហកបោកបញ្ឆោតអ្នកដទៃ, ៦. ការលាក់អាហារឆ្ងាញ់ៗ និងធនធាន ដោយមិនចេះចែករំលែកដល់អ្នកផងទាំងពួង, ៧. ការប្រកាន់ជាតិ, ប្រកាន់ត្រកូល, ប្រកាន់ឋានៈ និងមិនរាប់រកសាច់ញាតិរបស់ខ្លួន, ៨. ប្រព្រឹត្តល្បែង ៣ប្រការ គឺល្បែងស្រី ល្បែងស្រា និងល្បែភ្នាល់ស៊ីសង, ៩. ការមិនត្រេកអរនឹងភរិយា ឬស្វាមីខ្លួន, ១០. បុរសចាស់យកស្រីក្មេងធ្វើជាភរិយា និងស្តីចាស់យកប្រុសក្មេងធ្វើជាស្វាមី, ១១. ការជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូកំណាន់, ១២. ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាចង់ធ្វើជាស្តេច ដោយគ្មានចំណេះវិទ្យា។
តាមពិតទៅ ការសូត្របទនេះ អាចសូត្រនៅពេលណាក៏បានដែរ។ តែដោយហេតុថា ម៉ោង៤ ឬ៥ ជិតភ្លឺគឺជាពេលដ៏ល្អបំផុតសម្រាប់ដាស់សតិ និងអប់រំមនុស្ស។ ទី១. ពេលនេះ ជាពេលដែលជនប្រុសស្រីភ្ញាក់ពីដំណេក រៀបចំខ្លួនមកវត្តជុំគ្នា ដើម្បីបោះបាយបិណ្ឌ សមាទានសីល និង រៀបចំបាយទឹកនំចំណីប្រគេនព្រះសង្ឃ។ ដូច្នេះពេលនេះ ជាឱកាសដែលប្រជាជនអាចស្តាប់ឮព្រះសង្ឃសូត្របរាភវសូត្រច្រើនជាងពេលណាទាំងអស់។ ទី. ២ ពេលនេះ ជាពេលដែលមនុស្សយើងមានអារម្មណ៍ស្រស់ថ្លាល្អ មិនសូវស្មុគស្មាញ ឬជាប់ជំពាក់នឹងបញ្ហាជីវិតដែលកើតមាន ដែលជាហេតុនាំឲ្យបរិស័ទអាចឆាប់យល់ពីអន្ថន័យនៃបរាភវសូត្រនេះ។ ទី៣. ដោយសារតែក្នុងចំណោមសេចក្តីវិនាសទាំង១២កង នៃបរាភវសូត្រ មានសេចក្តីវិនាស១ គឺសេចក្តីវិនាសទី៣ ដែលសម្តែងពីសេចក្តីវិនាស ដែលកើតឡើងពីការដេកច្រើន និងសេចក្តីខ្ជិលច្រអូស។ អន្ថន័យនេះ ពិតជាប់ជួននឹងការដាស់សតិប្រជាពុទ្ធបរិស័ទឲ្យក្រោកពីព្រលឹម ដើម្បីបំពេញភារកិច្ច។ ហេតុដូច្នេះ ត្រង់នេះ ហាក់ដូចជាការណែនាំប្រជាជនឲ្យអនុវត្តផ្ទាល់តែម្តង កុំឲ្យដេកទ្រមក់នាំឲ្យវិនាស។ ៤. ដោយសារតែ គ្មានពេលណាអំណោយផលល្អ ដូចពេលជិតភ្លឺនោះទេ ព្រោះពេលព្រឹកបរិស័ទច្បាស់ជាជាប់ជាប់ជើងនឹងកិច្ចការផ្សេងៗ ដល់ពេលថ្ងៃជាប់រវល់នឹងការរកស៊ី ហើយពេលល្ងាចហត់នឿយនឹងការងារ ច្បាស់ជាស្តាប់ធម៌មិនចូល ចំណែកឯពេលព្រលប់ត្រូវការសម្រក់ព្រោះអស់កម្លាំង។ ដូច្នេះពេលដែលល្អបំផុតគឺជាពេលជិតភ្លឺនេះឯង។
បន្ទាប់ពីសេចក្តីអត្ថាធិប្បាយមកខាងលើនេះ យើងឃើញថា បរាភវសូត្រ ពិតមានអន្ថន័យជ្រាលជ្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងការអប់រំមនុស្សឲ្យយល់ពីអ្វីដែលហៅថាសេចក្តីវិនាស និងអ្វីដែលជាហេតុនាំឲ្យវិនាសអន្តរាយដល់ជីវិត។ បើយើងទាំងអស់គ្នា អាចយល់ និងអាចចៀសបាននូវសេចក្តីវិនាសទាំង១២ប្រការនេះ ជីវិតយើងហាក់ដូចជាមិនមានសេចក្តីវិនាសណាផ្សេងទៀតឡើយ។ ហើយពេលដែលប្រសើរបំផុតដើម្បីឲ្យឱវាទនេះចូលក្នុងសតិអារម្មណ៍របស់ជនានុជននោះ គឺមានតែការសូត្រនៅពេលម៉ោង ៤ឬ៥ ទៀបភ្លឺនេះឯង៕
© រក្សាសិទ្ធិដោយ thmeythmey.com