បទយកការណ៍ / បទសម្ភាសន៍
«ធម្មនុញ្ញនៃមន្ទីរពេទ្យ» នៃរាជ្យការព្រះបាទជ័យវរ្ម័នទី៧ «លោក ខៀវ ច័ន្ទ ពេលនាំនិស្សិតចុះបំពេញកម្មសិក្សា នាពេលកន្លងមក»។
× សៀមរាប៖ យោងតាមសិលាចារឹកនៅប្រាសាទតាព្រហ្ម ប្រែនៅឆ្នាំ១៩០៦ ដោយលោក ហ្សក ស៊ឺដែស (George Cœdès) បានឲ្យដឹងថា ក្នុងរាជការព្រះបាទជ័យវរ្ម័នទី៧ មានស្ថាបនាអរោគ្យសាលា (ដែលអាចប្រែថា «មន្ទីរពេទ្យ») ចំនួន១០២តាំងនៅពេញផ្ទៃនៃចក្រភពខ្មែរនារជ្ជកាលនោះ។ ទម្រង់ស្ថាបត្យកម្មរបស់មន្ទីរពេទ្យក្នុងរាជ្យក្សត្រជ័យវរ្ម័នទី៧នោះសោត ត្រូវបានអ្នកស្រាវជ្រាវកត់សម្គាល់ឃើញថា មានទម្រង់តែមួយ ហើយការរៀបចំរត់ទៅតាមក្បួនខ្នាតយ៉ាងល្អពិសេស។
យោងតាមការសិក្សាស្រាវជ្រាវផ្នែកស្ថាបត្យកម្មរបស់មន្ទីរពេទ្យយើងដឹងថា ការរៀបចំប្លង់ស្ថាបត្យកម្មនៃមន្ទីរពេទ្យទាំងអស់គឺមានទម្រង់ប្លង់តែមួយ មានន័យថា សំណង់នេះសាងសង់ឡើងក្រោមការមើលខុសត្រូវរបស់មនុស្សមួយក្រុម ឬមនុស្សម្នាក់តែប៉ុណ្ណោះ ដែលជាអ្នកមានសិទ្ធិចេញប្លង់ស្ថាបត្យកម្ម។ ក្នុងប្រាសាទ/ហោបន់ស្រន់នីមួយៗ មានតម្កល់ព្រះបដិមានៃព្រះពុទ្ធសាសនាមហាយានចំនួនបីព្រះអង្គ ដែលមានព្រះនាមថា៖ ភៃសជ្ជគុរុ សូរ្យវៃរោចនចណ្ធរោចិស (ព្រះអាទិត្យ) និងចន្ទ្រវៃរោចនរោហិណីច(ព្រះចន្ទ្រ)។ ព្រះពុទ្ធភៃសជ្ជគុរុ ជាព្រះពុទ្ធគ្រូថ្នាំ។ រីឯ ព្រះសូរ្យវៃរោចនចណ្ធរោចិស និងព្រះចន្ទ្រវៃរោចនរោហិណីច ជាព្រះពោធិ៍សត្វ មាននាទីកំចាត់រាល់ជំងឺរាតត្បាតទាំងទ្បាយ។
កាលពីឆ្នាំ១៩០២ អ្នកស្រាវជ្រាវបារាំងលោក Georges Maspero (ហ្សក ម៉ាស្ពេរ៉ូ) បានប្រទះឃើញសិលាស្ដម្ភចារឹកមួយ នៅស្រុកសាយហ្វុង (Say Fong) ជាប់មាត់ទន្លេមេគង្គនៃរដ្ឋធានីវៀងច័ន្ទប្រទេសលាវ។ ជាប្រភេទសិលាស្តម្ភចារឹក ចារលើផ្ទៃទាំងបួននៃថ្មគោល ជាភាសាសំស្ក្រឹត ដែលពេលក្រោយៗមកទៀត គេក៏ប្រទះឃើញសិលាចារឹកប្រភេទដូចគ្នានេះច្រើនទ្បើងៗជាបន្តបន្ទាប់ទៀត។ អ្នកប្រាជ្ញភាសាសំស្ក្រឹតជាតិបារាំងលោក Louis Finot (ល្វី ហ្វីណូ) បានប្រែសិលាចារឹកសាយហ្វុងនៅឆ្នាំ១៩០៣ ជាភាសាបារាំង។ ក្រោយមក អ្នកប្រាជ្ញបារាំងម្នាក់ទៀតគឺលោក ហ្សក ស៊ឺដែស (George Cœdès) បានបន្តសិក្សាសិលាចារឹកប្រភេទនេះ ហើយយល់ថា អ្វីដែលចារលើនោះជា «ធម្មនុញ្ញនៃមន្ទីរពេទ្យ» នៃរាជការព្រះបាទជ័យវរ្ម័នទី៧។
«ធម្មនុញ្ញនៃមន្ទីរពេទ្យ»រាជការព្រះបាទជ័យវរ្ម័នទី៧មានខ្លឹមសារសង្ខេបដូចតទៅនេះ៖
១. យោងតាមធម្មនុញ្ញចារក្នុងសិលាចារឹក គ្រប់មន្ទីរពេទ្យទូទាំងព្រះនគរ មានគោលការណ៍គ្រប់គ្រងក្រោមទម្រង់តែមួយដូចគ្នាទាំងអស់គឺ៖ វេជ្ជបណ្ឌិតម្នាក់(Doctor)ដែលព្រះរាជាបញ្ជូនទៅពីរាជធានី, ពេទ្យមធ្យម, ពេទ្យបឋម, អាចារ្យពីរនាក់ ដែលមានតួនាទីផ្សេងៗគ្នា (ម្នាក់ជាអ្នករៀបចំគ្រឿងរណ្តាប់សម្រាប់កិច្ចពិធីបូជាដល់ព្រះ ដែលបានតម្កល់នៅមន្ទីរពេទ្យផ្ទាល់ រ្យម្នាក់ទៀតមានតួនាទីជាអ្នកធ្វើរោគវិនិច្ឆ័យ ប្រសិនបើគ្រូពេទ្យ ដែលប្រចាំការនៅមន្ទីរពេទ្យពិនិត្យមិនឃើញរោគអ្វីពិតប្រាកដទេ គេត្រូវបញ្ជូនមកអាចារ្យ ដើម្បីស្វែងរកប្រភេទជំងឺតាមរយៈជំនឿជាបន្ថែមទៀត), ជំនួយការគ្រូពេទ្យ, អ្នកបុកស្រូវ-អង្ករ, អ្នកដាំទឹកក្ដៅ, អ្នកបុកថ្នាំ-កិនថ្នាំ-រម្ងាស់ថ្នាំជាដើម។ល។
២. មន្ទីរពេទ្យទទួលព្យាបាលមនុស្សគ្រប់វណ្ណៈ គ្រប់ឋានៈ ទោះបីជាអ្នកនោះជាសត្រូវក៏ដោយ ដោយមិនតម្រូវឲ្យបង់ថ្លៃ ដោយរាជការជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះ ការព្យាបាល ថ្នាំសង្កូវ និងការទំនុកបម្រុងម្ហូបអាហារជាដើម។ លើសពីនេះទៅទៀត មន្ទីរពេទ្យជាកន្លែងសង្គ្រោះ កន្លែងដែលមនុស្សដាច់សង្វែង មនុស្សចាស់ជរាគ្មានទីពឹងពាក់អាស្រ័យ ក្មេងកំព្រាអាណាថាអាចរកជម្រកស្នាក់នៅបាន។ មនុស្សខ្សត់ ទុរគត ដាច់អាហារ អាចមករកចំណីអាហារទទួលទានបាន។ ពោលគឺ ជាកន្លែងបំពេញការងារសង្គមកិច្ច។ ជារៀងរាល់រដូវ មន្ទីរពេទ្យមានកម្មវិធីចែកទានដល់អ្នកក្រីក្រ។
៣. ចំណែកឱសថសម្រាប់ព្យាបាលគឺ ផ្តល់ដោយព្រះរាជ្យឃ្លាំងនៅរាជធានី បើកជូនគ្រប់មន្ទីរពេទ្យរៀងរាល់៤ខែម្តង។ ក្នុងចំណោមឱសថទាំងនោះមាន មួយចំនួនផលិតក្នុងស្រុក និងមួយចំនួនទៀតនាំចូលពីបរទេសដូចជា ប្រទេសចិន និងឥណ្ឌាជាដើម ហើយឱសថខ្លះមានដាំនៅក្នុងបរិវេណនៃមន្ទីរពេទ្យផ្ទាល់, ឱសថ និងសម្ភារមួយចំនួនជាជំនូនរបស់ស្រុក (រដ្ឋបាលសព្វថ្ងៃគឺ ភូមិ) ជាចំណុះមន្ទីរពេទ្យនីមួយៗ (ប្រៀបដូចជាភូមិចំណុះជើងវត្តនៃព្រះពុទ្ធសាសនាសព្វថ្ងៃ) គឺមានន័យថា មន្ទីរពេទ្យនីមួយៗមានចំនួនស្រុកជាចំណុះរបស់ខ្លួន។
យោងតាមលទ្ធផលនៃការស្រាវជ្រាវថ្មីៗនេះ អ្នកស្រាវជ្រាវបានសន្និដ្ឋានថាមានមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ចំនួនជិត៧០ហើយ បានរកឃើញក្នុងនោះមាន៖ នៅក្នុងទឹកដីនៃប្រទេសឡាវសព្វថ្ងៃចំនួន០៣, ទឹកដីនៃប្រទេសវៀតណាមសព្វថ្ងៃចំនួន០២, ទឹកដីនៃប្រទេសថៃឡង់ដ៍សព្វថ្ងៃចំនួន៣១, និងក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាសព្វថ្ងៃចំនួនជាង៣០។
ចំណុចដែលគួរឲ្យកត់សម្គាល់គឺចម្ងាយពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយទៀតមានគម្លាតក្នុងរវាង៤០គីឡូម៉ែត្រ ហើយកសាងនៅតាមបណ្តោយផ្លូវ និងតាមទីប្រជុំជនបុរាណ។
ចំពោះការស្រាវជ្រាវនៅតែបន្ត តែអ្វីដែលជាការលំបាកលើការងារនេះ គឺបញ្ហាអាយុកាលបណ្ដាលឲ្យប្រាសាទខ្លះបាក់បែក និងខ្លះទៀតដួលរាបដល់ដី ដែលពិបាកក្នុងការសិក្សាស្រាវជ្រាវ ជាពិសេសគឺកិច្ចការអភិវឌ្ឍដោយខ្វះទំនាក់ទំនងជាមួយនឹងក្រសួងវប្បធម៌ ដូចជាការឈូសឆាយដី និងសាងសង់សំណង់នានាជាដើម។
ដើម្បីដឹងច្បាស់ពីការកសាង និងរចនាបថមន្ទីរពេទ្យក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សូមស្តាប់បទសម្ភាសន៍រវាងអ្នកសារព័តមានថ្មីៗ និងលោក ខៀវ ច័ន្ទ ដូចតទៅ៖
Tag:
មន្ទីរពេទ្យ
រាជការព្រះបាទជ័យវរ្ម័នទី៧
ខៀវ ច័ន្ទ
© រក្សាសិទ្ធិដោយ thmeythmey.com