ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម បារម្ភពី«ផលិតផលបរិភោគមានជាតិគីមីពុល»ក្នុងទីផ្សារកម្ពុជា
× ភ្នំពេញ៖ មិនមែនជាលើកទីមួយនោះទេ ដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន លើកឡើងពីបញ្ហាចរាចរណ៍ផលិតផលបរិភោគមានជាតិគីមីពុលក្នុងទីផ្សារកម្ពុជា នៅក្នុងវេទិកា សិក្ខាសាលានានា។ នាពេលថ្មីៗនេះក្នុងសិក្ខាមួយអំពីជលផលសមុទ្រ លោក វេង សាខុន បន្តលើកឡើងពីផលិតផលគីមី។ លោកអះអាងថា យោងតាមការពិសោធរបស់អង្គភាពក្រោមឱវាទលោករកឃើញគ្រឿងសមុទ្រមានសារធាតុពុល។ លើសពីនេះរូបលោកផ្ទាល់ក៏ពើបប្រទះគ្រឿងបរិភោគមានជាតិគីមីពុលច្រើនដងផងដែរ។
ប្រសាសន៍ លោក វេង សាខុន ៖
«ដូចនេះហើយបានជាពលរដ្ឋខ្មែរមានផលប៉ះពាល់ច្រើនដល់សុខភាព ដែលយើងមិនបានគិតដល់»។ នេះជាការលើកឡើងរបស់ លោក វេង សាខុន ដែលបង្ហាញពីកង្វះការយកចិត្តទុកដាក់ពីអ្នកពាក់ព័ន្ធលើបញ្ហាសុខភាពប្រជាជនដែលបង្កពីផលិតផលផ្ទុកជាតិគីមីពុល។
បញ្ហាទាំងនេះត្រូវធ្លាក់លើប្រជាជនក្រីក្រច្រើនជាងគេ។ លោក វេង សាខុន ថ្លែងយ៉ាងដូច្នេះថា៖«ឥឡូវនេះប្រជាជនខ្មែរត្រូវការទិញម្ហូប ហើយរកមើលម្ហូបថោក ដោយសារប្រជាជនក្រីក្រនៅច្រើន។ ម្ហូបថោកនេះហើយដែលប្រឈមនឹងបញ្ហា»។
ចាប់តាំងពីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្មមក លោក វេង សាខុន បានលើកឡើង ជាច្រើនសារពីបញ្ហានេះ។ ក្រសួងកសិកម្មក៏បានស្នើសុំរដ្ឋាភិបាលដើម្បីឈរជើងនៅច្រកព្រំដែន ធ្វើការត្រួតពិនិត្យផលិតផលបរិភោគ តែត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបដិសេធដោយហេតុផលដើម្បីបញ្ចៀសការចំណាយច្រើន ខណៈមានកាំកុងត្រូលស្ថិតក្រោមក្រសួងពាណិជ្ជកម្មជាអ្នកមានសមត្ថកិច្ចត្រួតពិនិត្យទាំងនេះ។
ក្រៅពីការនាំចូលតាមច្រកព្រំដែន រដ្ឋមន្ត្រីកសិកម្មរូបនេះបានសង្កត់ធ្ងន់ពីការផលិតកែច្នៃក្នុងស្រុកដែលមិនទាន់អាចឆ្លើយតបនឹងតម្រូវការគុណភាព និងសុវត្ថិភាពចំណីអាហារ។ លោកប្រាប់ថាត្រូវមានការជំរុញគាំទ្របន្ថែមទៀតដល់ការផលិតទាំងនោះ។
តែទោះយ៉ាងណា ទំនោរងាកទៅរកផលិតផលល្អដល់សុខភាព នាពេលបច្ចុប្បន្ននេះមានការកើនឡើង ពិសេសពីសំណាក់ប្រជាជនក្នុងទីក្រុងភ្នំពេញដែលមានជីវភាពធូរធា។ នេះជាការកត់សម្គាល់របស់ លោក វេង សាខុន ៕
© រក្សាសិទ្ធិដោយ thmeythmey.com