កីឡាជាតិ
ជាតិ
បឹងកេតទម្លាប់ទ័ពពី Top 4 ខណៈស្វាយរៀង និងណាហាវើលរក្សាទីតាំងបានល្អ
× ក្រុមបាល់ទាត់បឹងកេតបានទម្លាក់ក្រុមក្រសួងការពារជាតិ(ទ័ព)ពីតំបន់ Top 4 ក្រោយយកឈ្នះ ៣-១ នាជំនួបសប្តាហ៍ទី១៦នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៧ នៅកីឡដ្ឋានស្តាតចាស់កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា។ ចំណែកព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលរក្សាទីតាំងបានយ៉ាងល្អក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន។ សម្រាប់ថ្ងៃអាទិត្យទី១៧ កញ្ញា នេះមានការប្រកួតចំនួន៣គូក្នុងនោះស៊ីម៉ាក់ប៉ះខេមបូឌានថាយហ្គឺរនៅកីឡដ្ឋានស្តាតចាស់ម៉ោង៤រសៀល មុនម្ចាស់ផ្ទះភ្នំពេញក្រោនស្វាគមន៍អាស៊ីអឺរ៉ុបម៉ោង៦ល្ងាច និងប៉ូលិសជួបវេស្ទើនភ្នំពេញនៅកីឡដ្ឋានស្តាតចាស់ម៉ោង៦:៣០នាទី។
ក្រុមបឹងកេតបានទម្លាក់ក្រុមទ័ពចេញតំបន់ Top 4 ឲ្យមកឈរលេខរៀងទី៥បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៦នៃពានរង្វាន់ក្របខណ្ឌលីកកំពូលកម្ពុជាឆ្នាំ២០១៧។ ការទម្លាក់នេះ បន្ទាប់ពីបឹងកេតបានយកឈ្នះទ័ព ៣-១ នៅកីឡដ្ឋានស្តាតចាស់កាលពីល្ងាចថ្ងៃទី១៦ ខែកញ្ញា។ ជ័យជម្នះនេះជួយឲ្យបឹងកេតឡើងទៅឈរលេខរៀងទី៣បណ្តោះអាសន្នក្នុងសប្តាហ៍ទី១៦។
សម្រាប់ការប្រកួតដ៏ស្វិតស្វាញរវាងក្រុមទាំងពីរនៅស្តាតចាស់ កីឡាករ ខៀវ វិបុល បានទាត់បាល់ពិន័យ Free Kick សម្រេចគ្រាប់បាល់នាំមុខ ១-០ ឲ្យបឹងកេតនៅនាទី១៦ មុនកីឡាករ Kim Kyonghun តែតបាល់បញ្ចូលទីបានសម្រេចក្រោមការលើកចេញពីជ្រុង ដើម្បីតាមស្មើ ១-១ ឲ្យទ័ពនៅនាទីទី២០។ កីឡាករ Maycon Calijuri ទទួលបានឱកាសនៅនាទីទី២៦ក្រោមការបញ្ជូនយ៉ាងល្អពី Samuel តែធ្វើមិនបានសម្រេច។ ក្រុមទាំងពីរបានរក្សាលទ្ធផលស្មើ ១-១ រហូតចប់វគ្គទី១។
ការប្រកួតវគ្គទី២ដំណើរការបានប្រមាណជិត១០នាទីកីឡាករ Maycon បានសម្រេចគ្រាប់ទី២ឲ្យបឹងកេតដោយបាល់ពិន័យ Free kick នៅនាទី៥៤ មុនកីឡាករ Esoh Paul Omogba សម្រេចគ្រាប់ទី៣ដែលជាគ្រាប់បាល់ជ័យជម្នះ ៣-១ សម្រាប់បឹងកេតនៅនាទី៩០+4។
ក្រុមព្រះខ័នរាជស្វាយរៀងបានបន្តឈរកំពូលតារាងបណ្តោះអាសន្នក្នុងសប្តាហ៍ទី១៦ ដោយមាន៣៧ពិន្ទុក្រោយយកឈ្នះគីរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានគីរីវង់ ខណៈណាហ្គាវើលបន្តឈរលេខរៀងទី២ដោយមាន៣២ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុមអគ្គិសនីកម្ពុជា ៣-០ នៅកីឡដ្ឋានខេត្តស្វាយរៀង។
ដោយឡែកនៅថ្ងៃអាទិត្យទី១៧ ខែកញ្ញា នេះមានការប្រកួតចំនួន៣គូ ក្នុងនោះស៊ីម៉ាក់ត្រូវតទល់ជាមួយខេមបូឌានថាយហ្គឺរនៅកីឡដ្ឋានស្តាតចាស់ម៉ោង៤រសៀល មុនម្ចាស់ផ្ទះភ្នំពេញក្រោនប្រើកីឡដ្ឋាន RSN ស្វាគមន៍អាស៊ីអឺរ៉ុបនៅម៉ោង៦ល្ងាច និងប៉ូលិសជួបវេស្ទើនភ្នំពេញនៅកីឡដ្ឋានស្តាតចាស់ម៉ោង៦:៣០នាទី៕
Tag:
បាល់ទា់ត់
Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com