ជាតិ
យុវជន​កម្ពុជា ១២​នាក់ នឹងចូលរួម​កម្មវិធី JENESYS នៅ​ជប៉ុន ជាមួយ​យុវជន​អាស៊ាន​ផ្សេងទៀត
17, Sep 2017 , 1:39 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នឹង​បញ្ជូន​យុវជន​កម្ពុជា​ចំនួន ១២​នាក់ ធ្វើដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន​។ យុវជន​កម្ពុជា​ទាំង ១២​នាក់ នឹងធ្វើ​ទស្សនកិច្ច ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៦ ខែកញ្ញា ជាមួយ​ក្រុមយុវជន​មកពី​បណ្ដា​ប្រទេស​អាស៊ាន​។ ក្រុមយុវជន​កម្ពុជា និង​ក្រុមយុវជន​មកពី​ប្រទេស​អាស៊ាន នឹងចូលរួម​កម្មវិធី​បណ្ដាញ​ផ្លាស់ប្ដូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា JENESYS ២០១៧​។​



​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា តាមរយៈ​ការអញ្ជើញ​របស់​ក្រសួងការបរទេស​ជប៉ុន យុវជន​កម្ពុជា​ចំនួន ១២​នាក់ នឹងធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន រយៈពេល ៩​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ២៦ ខែកញ្ញា​នេះ ជាមួយ​ក្រុមយុវជន​មកពី​ប្រទេស​អាស៊ាន​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក្រុមយុវជន​កម្ពុជា និង​ក្រុមយុវជន​មកពី​ប្រទេស​អាស៊ាន នឹងចូលរួម​កម្មវិធី​បណ្ដាញ​ផ្លាស់ប្ដូរ​សិស្ស និស្សិត និង​យុវជន​រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ី​ខាងកើត ដែល​ហៅ​កាត់​ថា JENESYS ២០១៧​។​

​ក្រុមយុវជន​ទាំងអស់ ក្រោយ​ការ​ទស្សនា​នៅ​ទីក្រុង​តូ​ក្យូ ក្រុមយុវជន នឹងត្រូវ​បែក​ចែក​ទៅតាម​ក្រុម អាស្រ័យ​លើ​ប្រធានបទ​នីមួយៗ ហើយ​ក្រុមយុវជន​នឹង​ទស្សនកិច្ច​នៅ​ខេត្ត​អ៊ី​វ៉ា​តិ ខេត្ត​មី​យ៉ា​គី ខេត្ត​ហ្វូ​គូ​អ៊ុ​កា ឬ​ខេត្ត​គូ​ម៉ា​ម៉ូ​តុ ដើម្បី​ចូលរួម​សន្និសីទ​និស្សិត​បណ្ដាល​ប្រទេស​អាស៊ាន​-​ជប៉ុន​។ ជាមួយគ្នានេះ ក្រុមយុវជន​នឹងមាន​ឱកាស​ទៅ​ទស្សនកិច្ច​នៅ​តំបន់​ប្រវត្តិសាស្ត្រ​មួយចំនួន នៅក្នុង​ប្រទេស​ជប៉ុន​។

​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា រំពឹងថា ក្រុមយុវជន​នឹង​អាច​យល់ដឹង​ពី​ប្រទេស​ជប៉ុន​កាន់តែ​ជ្រាលជ្រៅ នឹង​ចែករំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ដល់​ពលរដ្ឋ​កម្ពុជា បន្ទាប់ពី​វិលត្រឡប់​ពី​ប្រទេស​ជប៉ុន​វិញ​។ បន្ថែម​លើ​នេះ តាមរយៈ​កម្មវិធី​នេះ ក្រសួងការបរទេស​បាន​អញ្ជើញ​យុវជន​កម្ពុជា​ចំនួន ជាង​២០០០​នាក់ មកហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០០៧​មក​។​

​សូមបញ្ជាក់ថា កម្មវិធី JENESYS ២០១៧ មាន​គោលបំណង​ជំរុញ​ការយល់ដឹង និង​ការកសាង​ទំនុកចិត្ត​ទៅវិញទៅមក ក្នុងចំណោម​ប្រជាជន​ជប៉ុន និង​បណ្ដា​ប្រទេស​ចូលរួម ដើម្បី​កសាង​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​នាពេល​អនាគត​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​៕


Tag:
 ជប៉ុន​
  កម្ពុជា​
  យុវជន​
  JENESYS
© រក្សាសិទ្ធិដោយ thmeythmey.com