ជាតិ
នយោបាយជាតិ
ឃុំខ្លួនឯងឆ្នាំមុន ជាប់ត្រពាំងផ្លុងឆ្នាំនេះ នាំឲ្យឯ.ឧ កឹម សុខា ខានទៅវត្តពីរឆ្នាំជាប់គ្នាពេលភ្ជុំ
× «នេះជាឆ្នាំទីពីរហើយដែលឯកឧត្តម កឹម សុខា មិនបានទៅធ្វើបុណ្យនៅវត្តនាអំឡុងនៃពិធីបុណ្យភ្ជុំបិណ្ឌ»។ កាលពីឆ្នាំមុន ប្រធានគណបក្សប្រឆាំងរូបនេះ បានឃុំខ្លួនឯងនៅក្នុងទីស្នាក់ការកណ្តាលគណបក្សនៅសង្កាត់ចាក់អង្រែលើ ហើយនៅឆ្នាំនេះ គាត់ស្ថិតនៅក្នុងការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ។
ឆ្នាំនេះ ក៏ដូចជាឆ្នាំមុន ប្រធានគណបក្សសង្គ្រោះជាតិ មិនមានឱកាសនាំក្រុមគ្រួសារ ឬសមាជិកសមាជិកាគណបក្សទៅធ្វើបុណ្យនៅវត្តនាពិធីបុណ្យភ្ជុំបិណ្ឌនោះឡើយ។
កាលពីឆ្នាំ២០១៦ ក្រោមបទចោទ «បដិសេធក្នុងការចូលខ្លួន» ក្នុងនាមជាសាក្សីលើសំណុំរឿងសញ្ចារកម្មមួយ ហើយត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់៨សែនរៀល ឯកឧត្តម កឹម សុខា ដែលកាលណោះជាប្រធានស្តីទីគណបក្សប្រឆាំង បានសម្រេចចិត្តឃុំខ្លួនឯងនៅទីស្នាក់ការកណ្តាលគណបក្សចាប់តាំងពីខែទី២៦ ខែឧសភា។
ឯកឧត្តម កឹម សុខា បានបន្តឃុំខ្លួនឯងរហូតដល់មានព្រះរាជក្រឹត្យលើកលែងទោសពីព្រះមហាក្សត្រនៅថ្ងៃទី២ ខែធ្នូ។ ព្រះរាជទានទោសនេះ ធ្វើឡើងតាមសំណើរបស់ សម្តេច ហ៊ុន សែន។ នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដូច្នេះថា៖« សូមទ្រង់ព្រះមេត្តាប្រោសព្រះរាជទាននូវព្រះរាជក្រឹត្យ លើកលែងទោសឲ្យទណ្ឌិត កឹម សុខា ដែលត្រូវបានផ្តន្ទាទោសតាមអំណាចសាលដីកាព្រហ្មទណ្ឌស្ថាពរ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦»។
ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុន ឯកឧត្តម កឹម សុខា នៅមានឱកាសនិយាយទៅកាន់អ្នកសារព័ត៌មាន និងសរសេរសារផ្ទាល់ខ្លួននៅលើហ្វេសប៊ុក។ នាកាលនោះ មេដឹកនាំប្រឆាំងរូបនេះ បានសរសេរថា៖ «ទោះបីរដូវភ្ជុំបិណ្ឌនេះ ខ្ញុំផ្ទាល់ខ្លួនមិនបានទៅវត្តអារាមក៏ដោយ ក៏ខ្ញុំបានជូនគ្រឿងបរិក្ខា និងបច្ច័យទៅម្តាយខ្ញុំ។ ថ្ងៃបិណ្ឌទី១០ ភរិយាខ្ញុំ និងកូនស្រីខ្ញុំទាំងពីរក៏បានទៅវត្តបង្សុកូលឧទិ្ទសកុសលជូនដល់បុព្វការីជនរបស់ខ្ញុំផងដែរ»។
នាពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំ២០១៧នេះ ប្រធានបក្សប្រឆាំង ក៏មិនមានឱកាសទៅធ្វើបុណ្យនៅវត្តនោះដែរ ដោយបច្ចុប្បន្ន កំពុងស្ថិតក្នុងការឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទពីបទ «សន្ទិដ្ឋិភាពជាមួយជនបរទេស» ដែលបទល្មើសនេះ ស្ថិតក្នុងអំពើក្បត់ជាតិ។
ឯកឧត្តម កឹម សុខា ត្រូវបានចាប់ខ្លួននៅពាក់កណ្តាលអធ្រាត្រថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ដោយសមត្ថកិច្ច និងតុលាការចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្តែង។ ការចោទនេះ ផ្អែកលើវីដេអូឃ្លីបមួយ ដែលផលិតដោយប្រព័ន្ធផ្សព្វផ្សាយឈ្មោះ CBN ហើយត្រូវបានបង្ហោះលើបណ្តាញសង្គមហេ្វសប៊ុក។ នៅក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បាននិយាយថា ឯកឧត្តម មានអ្នកជំនាញជាជនបរទេស នៅពីក្រោយខ្នង ដើម្បីជួយណែនាំ ក្នុងការផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។
បច្ចុប្បន្ន មេធាវីចំនួន៥រូប បានទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់លើកូនក្តីរបស់ខ្លួន ប៉ុន្តែបើគ្មានការប្រែប្រួលជាវិជ្ជមានសម្រាប់អ្នកនយោបាយវ័យ៦៤ឆ្នាំរូបនេះទេនោះ គាត់ប្រឈមខកខានទៅធ្វើបុណ្យនៅវត្តយ៉ាងហោចណាស់១៥ឆ្នាំបន្ថែមទៀត។
តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ បទសន្និដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី ១៥ ដល់ ៣០ ឆ្នាំ៕
© រក្សាសិទ្ធិដោយ thmeythmey.com