អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Man Hee Lee៖ កូរ៉េ​ទាំងពីរ​និយាយ​ភាសា​ដូចគ្នា គ្មាន​រឿង​អ្វីដែល​មេដឹកនាំទាំង​ពីរ​​មិនអាច​ជជែក​គ្នា​បានទេ​
18, Sep 2017 , 8:39 am        
រូបភាព
ព្រឹទ្ធបុរស​អង្គការ HWPL លោក Man Hee Lee
ព្រឹទ្ធបុរស​អង្គការ HWPL លោក Man Hee Lee
ដោយ:
កូរ៉េខាង​ត្បូង៖ព្រឹទ្ធបុរស​អង្គការ​អន្តរជាតិ HWPL លោក Man Hee Lee បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​ខាងជើង​ជជែក​ពិភាក្សាគ្នា ដើម្បី​រក​ដំណោះស្រាយ​សន្តិភាព​ជូន​ប្រទេស​រៀងៗ​ខ្លួន និង​សម្រាប់​ពិភពលោក​។ ការអំពាវនាវ​នេះ ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅក្នុង​ទីក្រុង Seoul មុននឹង​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​កំពូល​ស្តីពី​បញ្ហា​សន្តិភាព​ពិភពលោក​ប្រចាំឆ្នាំ​លើក​ទី ៣​។​

 
​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​សង្គ្រាម​នៅ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​មួយចំនួន បាន​ក្លាយជា​ប្រធានបទ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ស្តីពី​សន្តិភាព​ពិភពលោក នៅក្នុង​ទីក្រុង Seoul ប្រទេស​កូរ៉េ​ខា​ត្បូង​។ កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៧ ដល់​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៧ ដែល​រៀបចំឡើង​ដោយ​អង្គការ​អង្គការ​អន្តរជាតិ HWPL ដោយមាន​ការចូលរួម​ពី​មេដឹកនាំ​សាសនា មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល មន្ត្រី​អង្គការ​សង្គម​ស៊ីវិល អ្នកសារព័ត៌មាន​អន្តរជាតិ ជុំវិញ​ពិភពលោក​រាប់ពាន់នាក់​។​
 
​បញ្ហា​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​បស់​កូរ៉េខាងជើង ជា​ប្រធានបទ​សំខាន់​ដែល​​ព្រឹទ្ធបុរស​អង្គការ HWPL ( Heavenly Culture, Word Peace, Restoration of Light)  លោក Man Hee Lee ជនជាតិ​កូរ៉េខាងត្បូង​ថ្លែង​ទៅកាន់​អ្នកចូលរួម​នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​លើ​ទី ៣ នេះ​។ ក្រៅពី​អំពាវនាវ​ឲ្យ​អង្គការ​សហជា​តិ​ជួយ​រក​ដំណោះស្រាយ លោក Lee ក៏​អំពាវនាវ​ឲ្យ​មេដឹកនាំ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ជ​ជួប​ជជែក​គ្នា​ដែរ​។​
​លោក Man Hee Lee បាន​គួសបញ្ជាក់​យ៉ាងនេះ​ថា​៖« ប្រទេស​កូរ៉េ​ទាំងពីរ​និយាយ​ភាសា​ដូចគ្នា ដូច្នេះ គ្មាន​ហេតុផល​ណា ដែល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​មិនអាច​ជួបគ្នា ជជែក​រក​ដំណោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​នោះទេ​។ យើង​ត្រូវការ​សន្តិភាព ដើម្បី​ពិភពលោក​របស់​យើង​»​។ លោក​ថា ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៦ លើក​មកនេះ មិន​ត្រឹមតែ​ប្រជាជន​កូរ៉េខាងត្បូង​ទេ តែ​វា​ក្តីបារម្ភ​របស់​ពិភពលោក​ទាំងមូល​។ 
 
​ជាមួយគ្នា លោក Man Hee Lee ជំរុញ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល មេដឹកនាំ​សា​សា​នា រួមគ្នា ជា​ធ្លុង​មួយ ដើម្បី​កសាង​សន្តិភាព និង​ផ្ញើ​សារ​សន្តិភាព​ទៅកាន់​ពិភពលោក​ទាំងមូល​។ ជាងនេះទៀត លោក​ព្រឹទ្ធបុរស Mam ក៏​ពា​វ​នាវ​ឲ្យ​ប្រជាជន នៅលើ​ពិភពលោក​ត្រូវធ្វើ​ខ្លួន​ជា​អ្នក​នាំសារ​សន្តិភាព​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​ផងដែរ​។​
​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​សម្ព័ន្ធភាព​ពិភពលោក​នៃ​សន្តិភាព​សាសនា (WARP Summit) ​លើក​ទី ៣ នៅ​ឆ្នាំ ២០១៧ នេះ ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​នៃ​ការបង្កើត និង​ការរក្សា​សន្តិភាព​ពិភពលោក ជាពិសេស​ការស្វែងរក​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​កសាង​សន្តិភាព​រវាង​រដ្ឋាភិបាល និង​និង​ប្រជាជន នៅ​បណ្តា​ប្រទេស​នៅលើ​ពិភពលោក​។​
​សូមបញ្ជាក់ អង្គការ HWPL បង្កើតឡើង​នៅ​ឆ្នាំ ២០១២ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ដោយ​លោក Man Hee Lee ជា​ស្ថាបនិក​។ អង្គការ​នេះ ជា​អង្គការ​អន្តរជាតិ ដែល​មិន​រកប្រាក់​ចំណេញ និង​បង្កើតឡើង ដើម្បី​សន្តិភាព ដោយ​សហការ​ជាមួយ ការិយាល័យ​ព័ត៌មាន​សាធារណៈ​របស់​អង្គការសហប្រជាជាតិ (UNDPI)៕

© រក្សាសិទ្ធិដោយ thmeythmey.com