អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ទូត​អាមេរិក​៖ UN អស់ជម្រើស​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ហើយ​
18, Sep 2017 , 2:24 pm        
រូបភាព
​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៧ ខែកញ្ញា បាន​និយាយថា អង្គការសហប្រជាជាតិ (UN) អស់ជម្រើស​ក្នុងការ​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ហើយ​។ លោកស្រី Nikki Haley បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ CNN ថា អាមេរិក​អាច​ប្រើប្រាស់​មធ្យោបាយ​ក្នុងស្រុក​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​វិញ​ម្ដង​។ ខណៈដែល​កិច្ចប្រជុំ​មហាសន្និបាត UN កាន់តែ​ជិត​ដល់ ការលើកឡើង​របស់លោក​ស្រី Haley បង្ហាញថា អាមេរិក​មិន​សុខចិត្ត​ឲ្យ​កូរ៉េខាងជើង​ធ្វើ​អ្វី​តាមចិត្ត​ទេ​។

 
​ទណ្ឌកម្ម​គ្រប់យ៉ាង ការ​ថ្កោលទោស​មិន​សំចៃ និង​សម្ពាធ​ជុំ​ទិស មិនអាច​បញ្ឈប់​កូរ៉េខាងជើង​ពី​ការសាកល្បង​នុយក្លេអ៊ែរ និង​ការបាញ់​មី​ស៊ី​ល​បានឡើយ​។ អាមេរិក ដែល​តែង​បបួល​គេឯង​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ហាក់​មិន​ពេញចិត្ត​នឹង​ចំណាត់ការ​ទណ្ឌកម្ម​រប​ស់​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ ព្រោះ​កូរ៉េខាងជើង​នៅតែ​បន្ត​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន ដោយ​មិន​ខ្វាល់​ខ្វា​យ​ពី​ការ​គំរាម​របស់​អាមេរិក​អ្វី​ទេ​។​
 
​ក្នុង​កម្មវិធី State of the Union របស់​ទូរទស្សន៍ CNN អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​អះអាងថា អង្គការសហប្រជាជាតិ​មិនមាន​ផ្លូវ​ហ៊ុមព័ទ្ធ​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ ហើយ​អាមេរិក​អាច​នឹង​បញ្ចប់​បញ្ហា​នេះ​ដោយ​ខ្លួនឯង​ផង​។ លោកស្រី Haley សង្កត់ធ្ងន់ថា​៖ «​នៅត្រឹម​ដំណាក់កាល​នេះ យើង​អស់​អ្វីដែល​ត្រូវធ្វើ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ហើយ​។ មន្ទីរ​បញ្ច​កោណ​របស់​អាមេរិក​អាច​ទទួលបន្ទុក​កិច្ចការ​នេះ​ម្ដង​»​។ 
 
​ដោយ​សំដៅ​ដល់​ការបាញ់​មី​ស៊ី​ល​ជាច្រើនលើក​ច្រើនសារ និង​ការសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​រប​ស់​កូរ៉េខាងជើង តំណាង​អាមេរិក​រូបនេះ​បញ្ជាក់ថា បើ​ក្រុង​ព្យុងយ៉ាង​នៅតែ​បន្ត​ទង្វើ​ព្រហើន​ទៀត អាមេរិក​នឹង​ចាត់វិធានការ​ការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត ហើយ​ក្រុង​ព្យុងយ៉ាង​នឹងត្រូវ​កម្ទេច​មិន​ខាន​។ លោកស្រី​ក៏បាន​រំឭក​ពាក្យ​គំរាម​កូរ៉េខាងជើង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ កាលពី​ខែ​មុន​ដែរ​ថា សម្ដី​របស់លោក ត្រាំ មិនមែន​ចេះតែ​និយាយ​ឡើយ​។​
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧ នេះ កូរ៉េ​ខាង​បាញ់​មី​ស៊ី​ល​មិន​ក្រោម​១០​ដង​ឡើយ និង​សាកល្បង​គ្រាប់បែក​អ៊ីដ្រូសែន​លើក​ទី​៦​ថែមទៀត​។ កាន់តែ​ធ្ងន់ធ្ងរ​នោះ ក្នុង​ការបាញ់​ពីរដង​ចុងក្រោយ មី​ស៊ី​ល​កូរ៉េខាងជើង​បាន​ហោះ​រំលង​ដែនអាកាស​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់ជ​ប៉ុន​។ ក្រុង​តូ​ក្យូ​ខឹងសម្បារ​យ៉ាងខ្លាំង​នឹង​ទង្វើ​របស់​ក្រុង​ព្យុងយ៉ាង និង​បាន​ព្រមាន​ថា ខ្លួន​នឹងមិន​អត់ទ្រាំ​សកម្មភាព​គឃ្លើន​បែបនេះ​ឡើយ​។ 
 
​ក្នុងទិសដៅ​ដាក់​សម្ពាធ​លើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក៏​ទើបតែ​អនុម័ត​ទណ្ឌកម្ម​ថ្មី ដោយ​ផ្ដោតលើ​ការទប់ស្កាត់​នាំចេញ​ផ​លិ​ល​ផល​វាយ​ន​ភណ្ឌ និង​ការ​រឹតត្បិត​ការផ្គត់ផ្គង់​ប្រេង​ទៅ​កូរ៉េខាងជើង​។ ប៉ុន្តែ​លោក ត្រាំ យល់ថា ទណ្ឌកម្ម​ថ្មី​នេះ​មិនអាច​ទូទាត់​សកម្មភាព​របស់​កូរ៉េខាងជើង​បានទេ​៕ 

Tag:
 អាមេរិក​
  UN
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com