អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​និង​រុស្ស៊ី​ចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​ក្បែរ​កូរ៉េខាងជើង​
18, Sep 2017 , 7:39 pm        
រូបភាព
 
​ចិន និង​រុស្ស៊ី នៅ​ថ្ងៃទី​១៨ ខែកញ្ញា បានចាប់ផ្ដើម​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​នៅក្បែរ​កូរ៉េខាងជើង ចំ​ពេលដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង​។ នាវាចម្បាំង និង​យន្តហោះ​យោធា​មកពី​ប្រទេស​ទាំងពីរ បាន​ចូលរួម​ក្នុង​លំ​ហាត់​យោធា​ដែល​ធ្វើឡើង​នៅក្បែរ​ទីក្រុង Vladivostok ។ សមយុទ្ធ​ធ្វើឡើង ប៉ុន្មាន​ថ្ងៃមុន​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​បញ្ហា​កូរ៉េខាងជើង​ទំនងជា​ប្រធានបទ​សំខាន់​។​

 
​សារព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្ស​យ​ថា សមយុទ្ធ​សមុទ្រ​រួម​ឆ្នាំ​២០១៧ រវាង​ចិន និង​រុស្ស៊ី បានចាប់ផ្ដើម​ហើយ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា នៅ​ចន្លោះ​ឈូង​សមុទ្រ Peter the Great ខាងក្រៅ​ទីក្រុង Vladivostok ហើយ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​រវាង​រុស្ស៊ី និង​កូរ៉េខាងជើង​ឡើយ​។ នេះ​ជា​សមយុទ្ធ​ដំណាក់កាល​ទី​២ រវាង​មហាអំណាច​ទាំងពីរ​ក្នុងឆ្នាំនេះ បន្ទាប់​លំ​ហាត់​លើកទីមួយ​ដែល​ធ្វើឡើង​នៅឯ​សមុទ្រ​បាល់​ទិ​ក​។​
 
​នាវា​ចំនួន​១២​គ្រឿង នាវាមុជទឹក​២​គ្រឿង យាន​សម្រាប់​ការសង្គ្រោះ​ក្នុង​ទឹក​ជ្រៅ​៤​គ្រឿង យន្តហោះ​ប្រឆាំង​នាវាមុជទឹក​៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​ចំនួន​៤​គ្រឿង បានបង្ហាញ​វត្តមាន​ក្នុង​សមយុទ្ធ​រួមគ្នា​នេះ​។ បើតាម​មន្ត្រី​យោធា​រុស្ស៊ី សមយុទ្ធ​លើក​នេះ​ចែកជា​ពីរ ដោយ​ផ្នែក​ទីមួយ គឺ​កងទ័ព​ម៉ា​រី​ន​ចិន និង​រុស្ស៊ី នឹង​ហ្វឹកហាត់​រួមគ្នា​នៅឯ​មូលដ្ឋាន Gornostay ហើយ​ផ្នែក​ទី​ពីរ​នឹង​ការធ្វើ​លំ​ហាត​រួមគ្នា​លើទឹក​ដី​នៅក្នុង​សមុទ្រ​ជប៉ុន និង​សមុទ្រ Okhotsk ។ 
 
​ថ្វី​ដ្បិត​សមយុទ្ធ​នេះ​ជា​លំ​ហាត់​រួមគ្នា​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​មូ​ស្គូ​តែ​ពីរ​នាក់​ក្ដី ទីតាំង​សមយុទ្ធ​នេះ​ពិតជា​នៅ​កៀក​ឧបទ្វីប​កូរ៉េ​ណាស់​។ មហាអំណាច​ទាំងពីរ​នេះ មិនមាន​ជំហរ​ស្របគ្នា​ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​ឡើយ​លើ​បញ្ហា​កូរ៉េខាងជើង​។ ខុសពី​អាមេរិក​ដែល​ចង់​ប្រើ​ធម៌​ក្ដៅ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ ប្រទេស​ទាំងពីរ​នេះ តែង​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សា​ភាព​អត់ធ្មត់ និង​មិន​ត្រូវធ្វើ​សកម្មភាព​បង្ករឿង​ដាក់គ្នា​ឡើយ​។​
 
​លើសពីនោះ ចិន និង​រុស្ស៊ី ក៏​នៅតែ​ចាត់ទុក​ការចរចា​ដោយ​សន្តិភាព ជា​ច្រកចេញ​តែមួយ​សម្រាប់​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ ទោះជា​អាមេរិក​តែង​លើកឡើងថា ការចរចា​ជាមួយ​កូរ៉េខាងជើង​មិន​ទទួលបាន​ផល​អ្វី​ទេ​ក្នុងពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ យ៉ាងណាក្ដី ក្នុង​គោលដៅ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា ចិន និង​រុស្ស៊ី ក៏​តែង​គាំទ្រ​អាមេរិក​ក្នុង​អនុម័ត​ទណ្ឌកម្ម​នៅឯ​ក្រុមប្រឹក្សាសន្តិសុខ ខណៈ​ចិន​ក៏​រង​សម្ពាធ​ខ្លាំង​ពី​អាមេរិក​ក្នុង​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​។​
 
​កន្លងមក ចិន និង​រុស្ស៊ី ក៏​ទទូច​ឲ្យ​កូរ៉េខាងជើង​ត្រូវ​ឈប់​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ ឯ​អាមេរិក និង​កូរ៉េខាងត្បូង​ឈប់​ធ្វើ​សមយុទ្ធ​យោធា​ទៀត ដែល​នេះ​ជា​ជំហាន​សំខាន់​ក្នុងការ​ឈានទៅដល់​ការចាប់ផ្ដើម​ការចរចា​ដោយ​ឥត​លក្ខខណ្ឌ​។ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ធ្លាប់​និយាយថា នយោបាយ​នៃ​ការដាក់​សម្ពាធ​លើ​ក្រុង​ព្យុងយ៉ាង​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ គឺជា​ការដើរ​លើផ្លូវ​ខុស និង​គ្មាន​ខ្លឹមសារ​អ្វី​ទេ​៕
 
 
 
 
​ 

Tag:
 ​ចិន​
  រុស្ស៊ី​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com