ក្នុងចំណោមប្រទេសទាំង ១៩៥ នៅជុំវិញពិភពលោក ប្រទេសមួយចំនួនត្រូវបានចាត់ចូលជាប្រទេសដែលរស់នៅដោយរីករាយបំផុតលើលោក។ គេហទំព័រសារព័ត៌មាន Telegraph
បានដកស្រង់ប្រទេសទាំងដប់ដែលរស់នៅដោយរីករាយបំផុតនៅឆ្នាំ២០១៧ ដូចខាងក្រោម៖
១. ន័រវេសជាប្រទេសដែលជាប់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមប្រទេសរស់នៅដោយរីករាយបំផុត។ នោះក៏ដោយសារតែមូលធនសង្គមក៏ដូចជាសមភាពយេនឌ័រផងដែរ។
២. ដាណឺម៉ាកត្រូវបានចាត់ចូលក្នុងចំណាត់ថ្នាក់ទីពីរនៃប្រទេសរស់នៅយ៉ាងរីករាយខ្លាំងជាងគេ។ មូលហេតុមកពី ដាណឺម៉ាកមានអត្រាសង្ឃឹមរស់ជាមធ្យមក៏ដូចជាផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់ខ្ពស់ ខណៈដែលសេវាសុខាភិបាលល្អ និងត្រូវផ្តល់ឲ្យដោយមិនគិតថ្លៃ ។
៣.អ៊ីស្លង់ ស្ថិតក្នុងចំណោមដែលមានសន្តិភាពបំផុតនៅលើលោក។មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនេះផ្ដល់សេវាសុខភាព និងការអប់រំខ្ពស់ដល់ប្រជាជនដោយមិនគិតថ្លៃ និងបង់ពន្ធតិចផងដែរ។ អ៊ីស្លង់ជាប់ជាប្រទេសដែលរស់នៅដោយរីករាយបំផុតលំដាប់ទី៣។
៤.ស្វាស៊ីឡង់ធ្លាប់ត្រូវគេចាត់ទុកជាប្រទេសរស់នៅយ៉ាងរីករាយបំផុតលំដាប់ទីមួយ នៅឆ្នាំ២០១៥ ប៉ុន្តែនៅឆ្នាំ២០១៧ ប្រទេសនេះបានធ្លាក់មកនៅចំណាត់ថ្នាក់ទីបួនវិញ។ ប្រទេសនេះមានអត្រាសង្ឃឹមរស់ជាមធ្យម៨២,៨ ហើយប្រជាជនស្វាស៊ីឡង់អាចប្រើប្រាស់ភាសាជាច្រើនដើម្បីទាក់ទងគ្នា។
៥.ហ្វាំងឡង់ជាប្រទេសដែលជាប់លំដាប់ថ្នាក់ទីប្រាំ។ ហ្វាំងឡង់ត្រូវបានគេស្គាល់ថាជាប្រទេសធំបំផុតលំដាប់ទី៨ក្នុងទ្វីបអឺរ៉ុប ហើយក៏ជាប្រទេសដែលមានកម្រិតជីវភាពខ្ពស់ផងដែរ។
៦. ចំណែកឯ ហូឡង់ត្រូវចាត់ចូលក្នុងលំដាប់ថ្នាក់ទីប្រាំមួយ។ មូលហេតុមកពីប្រទេសនេះប្រកាន់យកគោលនយោបាយសេរី ហើយប្រជាជនហូឡង់ពេញចិត្តវប្បធម៌ជិះកង់របស់ខ្លួនផង។
៧. កាណាដាមានអត្រាសង្ឃឹមរស់ខ្ពស់ និងជីវភាពស្ងប់ស្ងាត់។ប្រទេសនេះមានទេសភាពល្អ។ ដូច្នេះហើយប្រទេសនេះជាប់ចំណាត់ថ្នាក់ទីប្រាំពីរក្នុងចំណោមប្រទេសរស់នៅយ៉ាងរីករាយបំផុត។
៨.ចំណែកនូវែលសេឡង់ដែលជាប្រទេសដែលមានភ្នំភ្លើងក្នុងសមុទ្រ ត្រីបាឡែនធំៗ ស្រាល្អៗ និងរូងភ្នំជាច្រើនផងដែរ ជាប់លំដាប់ថ្នាក់ទីប្រាំបី។
៩. អូស្ដ្រាលីវិញជាតំបន់ភ្ញៀវទេសចរណ៍ដ៏ទាក់ទាញមួយនៅលើពិភពលោក។ ប្រទេសនេះត្រូវបានគេចាត់ចូលជាប្រទេសរស់នៅដោយរីករាយលំដាប់ទីប្រាំបួន។ មូលហេតុដែលធ្វើឲ្យប្រទេសនេះជាប់ចំណាត់ថ្នាក់បែបនេះ ក៏ដោយសារវាមានសីតុណ្ហភាពល្មមមិនក្តៅពេក មិនត្រជាក់ពេក និងមានឆ្នេរសមុទ្រស្អាត និងសម្បូរផ្កាថ្មផង។
១០. ស៊ុយអ៊ែត ជាប្រទេសចំណាត់ថ្នាក់លេខដប់ក្នុងចំណោមប្រទេសរីករាយបំផុតលើលោក។មូលហេតុមកពីប្រទេសនេះមានទីប្រជុំជនមួយដ៏សម្បូរបែប ហើយនិងភ្នំ ទន្លេក៏ដូចជាព្រៃឈើរបស់ន័រវេសដែលនៅជិតគ្នានោះ៕