សារព័ត៌មាន Rolling Stone បានចុះពីតារាល្បីៗចំនួន១២នាក់ ដែលទទួលបានភាពជោគជ័យយ៉ាងធំធេង ក្រោតពីពួកគេបានធ្លាក់ចេញពីកម្មវិធី American Idol។ អ្នកទាំងនោះមានដូចជា៖
Hillary Scott បានធ្លាក់វគ្គជម្រុះដល់ទៅ២លើក ដោយមិនមានឱកាសច្រៀងនៅចំពោះមុខចៅក្រមឡើយ។ ប៉ុន្តែ Scott បានជោគជ័យយ៉ាងជាមួយក្រុម Country Music ដែលមានឈ្មោះថា Lady Antebellum ដោយបានឈ្នះពានជាច្រើនដូចជា Grammy ៩លើក ACM (Academy of Country Music) ៧លើក CMA (Country Music Association) ៦លើក និង Billboard Music ១លើក។
Mary Lambert បច្ចុប្បន្នវ័យ២៨ឆ្នាំ ល្បីល្បាញយ៉ាងខ្លាំងតាមរយៈបទ «She Keeps Me Warm» និង «Same Love» ដែលលើកទឹកចិត្តអ្នកស្រឡាញ់ភេទដូចគ្នា។ តែកាលពីអាយុ១៦ឆ្នាំ Lambert មិនបានទទួលជោគជ័យនោះឡើយក្នុងកម្មវិធី American Idol។ បច្ចុប្បន្ននាងមានទំនាក់ទំនងស្នេហាជាមួយស្ត្រីដូចគ្នាឈ្មោះ Michelle Chamuel ដែលជាប់លេខ២ The Voice រដូវកាលទី៤ ។
Amber Riley អាយុ៣១ឆ្នាំ ជាតារាចម្រៀង និងជាតារាសម្តែងម្នាក់នៅរឿងភាគទូរទស្សន៍ Glee ។ កាលពីជាង១០ឆ្នាំមុន នាងបានធ្លាក់វគ្គជម្រុះ ប៉ុន្តែនាងនៅតែបានភាពជោគជ័យលើសិល្បៈចម្រៀង ហើយកាលពីឆ្នាំ២០១៣ Riley បានលេខ១ក្នុងកម្មវិធី Dancing with the Stars។ បទដែលធ្វើឲ្យ Riley ល្បីល្បាញគឺបទ «And I Am Telling You» ដែលជាបទដើមរបស់ Jennifer Holliday។
Naya Rivera ក៏ជាតារាចម្រៀង និងតារាសម្តែងភាពយន្តកំប្លែង និងមនោសញ្ចេតនានៅកម្មវិធីទូរទស្សន៍ Glee ផងដែរ។ នាងបានប្រឡងធ្លាក់ American Idol ជុំទីមួយនៅ San Francisco។ បទ «Sorry» ដែលច្រៀងអមដោយតារាចម្រៀងហ៊ីបហប់ Big Sean ជាបទដ៏ពេញនិយមបំផុតរបស់ Rivera។
Tori Kelly បានពង្រឹងសមត្ថភាពរបស់ខ្លួនលើវិស័យតន្ត្រី បន្ទាប់ពីមិនមានឱកាសឈានចូលវគ្គ២៤នាក់ចុងក្រោយក្នុងកម្មវិធី American Idol រដូវកាលទី៩ ។ Kelly ទាក់ទាញចំណាប់អារម្មណ៍ជាច្រើនតាមរយៈ Youtube ហើយដែលល្បីល្បាញរបស់នាងរួមមាន Foreword (ឆ្នាំ២០១៣) និង Unbreakable Smile (ឆ្នាំ២០១៥) ជាដើម។
Alex និង Sierra គឺជាគូស្នេហ៍ ប៉ុន្តែទើបប្រកាសផ្តាច់ទំនាក់ទំនងគ្នាកាលពីដើមខែកញ្ញា។ Alex Kinsey បានធ្លាក់នៅវគ្គ Live Show នារដូវកាលទី១២ ខែ Sierra Deaton ធ្លាក់តាំងពីវគ្គជម្រុះមកម្ល៉េះ។ មិនដល់មួយឆ្នាំផង អ្នកទាំងពីរ បានក្លាយជាម្ចាស់ពាន The X Factor USA ហើយក្លាយជាតារាចម្រៀងក្នុងក្រុមហ៊ុន Syco របស់លោក Simon Cowell។
Mickey Guyton ជាម្ចាស់បទ «Better Than You Left Me» ដែលបានធ្លាក់នៅមុនវគ្គ Live Show កាលពីរដូវកាលទី៨ ។ បច្ចុប្បន្ន Guyton ក្លាយជាតារាចម្រៀង Country Music ដ៏ពេញនិយមប្រចាំផលិតកម្ម Capitol Nashville។
Alan Ritchson បង្ហាញវត្តមានលើកដំបូងតាមកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី American Idol រដូវកាលទី៣ ប៉ុន្តែលោកបានត្រឹមតែជាប់ក្នុងចំណោមបេក្ខជន៨៧នាក់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ Ritchson នៅតែបោះជំហានទៅមុខលើវិថីសិល្បៈក្នុងអាជីពតារាសម្តែង អ្នកបង្ហាញម៉ូត អ្នកចម្រៀង និងអ្នកនិពន្ធបទចម្រៀង។
Colton Swon បានជាប់ក្នុងចំណោមបេក្ខជនកំពូល៤៨នាក់នៅរដូវកាលទី៧ ប៉ុន្តែខកខានឱកាសទៅវគ្គ Live Show។ ៦ឆ្នាំក្រោយមក Colton និងប្អូនប្រុសរបស់ខ្លួន Zach រួមគ្នាចូលរួមក្នុងកម្មវិធី The Voice រដូវកាលទី៤ ហើយបានឈានទៅវគ្គផ្តាច់ព្រ័ត្រ។ បងប្អូនទាំងពីរ គឺជាតារាចម្រៀងប្រចាំផលិតកម្ម Arista Nashville។
Robyn Troup បានធ្លាក់នៅវគ្គ Hollywood Week កាលពីរដូវកាលទី៦ ប៉ុន្តែត្រឹមតែប៉ុន្មានសប្តាហ៍ក្រោយមកប៉ុណ្ណោះ នាងបានឈ្នះពាន My Grammy Moment ដែលរៀបចំដោយក្រុមហ៊ុន NARAS និង Yahoo ។ Troup បានច្រៀងបទ «Ain’t No Sunshine» និង «My Love» ជាមួយ Justin Timberlake ដែលទទួលបាននូវការសាទរយ៉ាងខ្លាំង៕