ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ឃីម សុខ​ហេង ប្រាប់​គន្លឹះ​ដល់​អ្នក​ជាប់​បាក់​ឌុប​លើ​ការសម្រេចចិត្ត​រើស​ជំនាញ​សិក្សា​
19, Sep 2017 , 7:30 pm        
រូបភាព
​លោកគ្រូ ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI)
​លោកគ្រូ ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI)
ដោយ:
​លោកគ្រូ ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI) បានលើកឡើង​ពី​សារសំខាន់​នៃ​ការ​រើស​ជំនាញ​សិក្សា​របស់​និស្សិត​ម្នាក់ៗ ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​ការងារ និង​គោលដៅ​នា​ថ្ងៃ​អនាគត​។ អ្នកឯកទេស​ផ្នែក​អភិវឌ្ឍន៍​មនុស្ស​រូបនេះ ផ្តល់​គោលការណ៍​៤​ក្នុងការ​រើស​ជំនាញ​សិក្សា​ដែល​មិន​ផ្ទុយ​ច្បាប់ ស្របតាម​ចំណង់​ចំណូលចិត្ត ទីផ្សារការងារ និង​បរិបទ​របស់​ប្រទេស តំបន់ និង​ពិភពលោក​។ លោក​បាន​គូសបញ្ជាក់ថា បច្ចុប្បន្ននេះ សិស្ស​ក៏​អាចធ្វើ​តេ​ស្តិ៍ និង​មាន​ឧបករណ៍​វិទ្យាសាស្ត្រ​ផ្សេងទៀត ដែល​ធ្វើ​ឲ្យ​សិស្ស​អាច​ដឹង​ពី​ទេពកោសល្យ​ពី​កំណើត​របស់ខ្លួន​បាន​ផងដែរ​។  

 
​ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អាន​បទ​សម្ភាស​រវាង​លោក ទីន សុខ​លីម អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​លោក ឃីម សុខ​ហេង ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ ដូចខាងក្រោម​៖ 
 
​លោក ទីន សុខ​លីម​៖ តើ​ការ​ជ្រើស​ជំនាញ​សិក្សា​មាន​សារសំខាន់​បែបណា ចំពោះ​ការសិក្សា ការងារ និង​គោលដៅ​របស់​និស្សិត​ម្នាក់ៗ​? 
​លោក ឃីម សុខ​ហេង​៖ ពិត​ជាមាន​សារសំខាន់​ណាស់ ពីព្រោះ​បើ​យើង​គ្មាន​គោលដៅ​ច្បាស់ និង​គ្មាន​ទិសដៅ​ច្បាស់ តើ​យើង​ដឹកនាំ​ជីវិត ឬ​យើង​ត្រូវ​រៀន​ជំនាញ​នេះ​យ៉ាងដូចម្តេច​? នេះ​គឺជា​រឿង​ដ៏​សំខាន់​។ 
 
​លោក ទីន សុខ​លីម​៖ តើ​លោកគ្រូ​មើលឃើញ​យ៉ាងណាដែរ ចំពោះ​ការជ្រើសរើស​ជំនាញ​សិក្សា​របស់​និស្សិត​នាបច្ចុប្បន្ន​? 
​លោកគ្រូ ឃីម សុខ​ហេង​៖ ជា​បទពិសោធន៍​ដែល​ខ្ញុំ​បានធ្វើ​កិច្ចការ​តម្រង់ទិស​សិស្ស ដែល​ត្រូវ​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ខ្ញុំ​មើលឃើញថា សិស្ស​មួយចំនួន​ជ្រើសរើស ជំនាញ​សិក្សា តាម​មិត្តភក្តិ អ្នកខ្លះ​រង​ឥទ្ធិពល​ពី​សង្សារ រហូតដល់​អ្នកខ្លះ​ក៏​ទៅ​រៀន​តាម​សង្សារ​។ សម្រាប់​សិស្ស​មួយចំនួន​ពី​ខេត្ត ពួកគាត់​សម្រេចចិត្ត​រៀន​ជំនាញ​តាម​គ្នា ព្រោះ​ដើម្បី​អាចធ្វើ​ដំណើរ​ជាមួយគ្នា ឬ​ងាយស្រួល​សាកសួរ​គ្នា ព្រោះ​ដំបូង​ឡើយ មិន​ស្គាល់​អ្នកណា​ផ្សេង​ឡើយ ប៉ុន្តែ​ពួកគាត់​មិនបាន​គិតថា វា​ត្រូវ​ចំណង់​ចំណូលចិត្ត ឬ​ទេពកោសល្យ​ខ្លួន​នោះទេ​។ រីឯ​អ្នក​ខ្លះទៀត រៀន​តាម​ទំនោ​ចិត្ត​ឪពុកម្តាយ ដូចជា​វេជ្ជបណ្ឌិត វិស្វករ ជាដើម​។ ប្អូនៗ​ខ្លះទៀត​រៀន​ជំនាញ នៅ​មហាវិទ្យាល័យ ដោយសារតែ​កត្តា​អាហារូបករណ៍​ដែល​សាលា​ផ្តល់​ឲ្យ ទោះ​រៀន​មិនសូវ​ត្រូវ​ជំនាញ ដែល​ខ្លួន​ចូលចិត្ត​ក៏ដោយ​។ ប៉ុន្តែ​ដោយឡែក​ឥឡូវនេះ យើង​មាន​ព័ត៌មាន​ច្រើន អ៊ីចឹង​ប្រហែលជា​របៀប​នៃ​ការជ្រើសរើស​ជំនាញ​សិក្សា​នោះ គឺ​ទៅតាម​របៀប​ថ្មី​មួយទៀត​។ 
 
​លោក ទីន សុខ​លីម​៖ អ្វី​ទៅជា​ការជ្រើសរើស​ជំនាញ​តាមរបៀប​បែប​ថ្មី​? 
​លោកគ្រូ ឃីម សុខ​ហេង​៖ បច្ចុប្បន្ន​ការ​ផ្តល់ព័ត៌មាន​ដល់​យុវជន ទូលំទូលាយ​ជាង​មុន​។ នៅ​ភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ មានការ​ធ្វើតេស្ត ដើម្បី​ដឹង​ពី​ទេពកោសល្យ​ខ្លួនឯង​។ អ៊ីចឹង​ប្អូនៗ​ជា​យុវវ័យ អាច​ឆ្លៀតពេល​ឡើងមក​ភ្នំពេញ ដើម្បី​ធ្វើតេស្ត៍​ឲ្យ​ដឹង​ពី​ទំនោ​សិក្សា​របស់ខ្លួន​។ គេ​ក៏​អាច​ប្រើ​ឧបករណ៍​បែប​វិទ្យាសាស្ត្រ​ដើម្បី​វាស់​ស្ទង់​ពី​ទេពកោសល្យ​ពី​កំណើត និង​ទំនោ​ចិត្ត​សិក្សា​ផងដែរ​។ ការឆ្លងកាត់​តេ​ស្តិ៍​ទាំងអស់នេះ ត្រូវការ​ចំណាយ​ថវិកា​ខ្លះ មិនដឹងថា​ប្អូនៗ​ហ៊ាន​ចំណាយ ដើម្បី​ដឹង​ទេពកោសល្យ​ខ្លួន ឬ​យ៉ាងណា​នោះឡើយ​។ បច្ចេកវិទ្យា​ទំនើប កម្មវិធី​សិក្ខាសាលា កម្មវិធី​តម្រង់ទិស​ផ្សេងៗ និង​ការចែករំលែក​បទពិសោធ​ន៍​នា​នាពី​រៀមច្បង ក៏​ធ្វើ​ឲ្យ​ប្អូនៗ​មួយចំនួន​បាន​ព័ត៌មាន​ទូលំទូលាយ មុននឹង​សម្រេចចិត្ត​រើស​ជំនាញ​បានដែរ​។ ការ​រើស​ជំនាញ​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទៅតាម​ទេពកោសល្យ និង​ទំនោ​របស់ខ្លួន គឺជា​រឿង​ល្អ​បំផុត​។​
 
​លោក ទីន សុខ​លីម​៖ ការ​រើស​ជំនាញ​សិក្សា​តាម​សង្សារ ឪពុកម្តាយ និង​ដោយសារ​អាហារូបករណ៍​ជាដើម តើ​ករណី​ទាំងនេះ ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​បែបណាខ្លះ​សម្រាប់​និស្សិត​? 
​លោកគ្រូ ឃីម សុខ​ហេង​៖ ជា​ផលប៉ះពាល់​អវិជ្ជមាន អ្នកខ្លះ​រៀន​បាន​មួយឆ្នាំ ឬ​ពីរ​ឆ្នាំ ក៏​បោះបង់​។ ពួកគេ​បោះបង់​ដោយសារ​ថា ដំបូង​គាត់​គិតថា វា​គឺជា​រឿង​ដែល​ស្រួល ប៉ុន្តែ​នៅពេល​រៀន​ប្រចាំថ្ងៃ វា​មិន​ស្រួល​ដូចជា​ការគិត​ឡើយ​។ អ្នកខ្លះ​ទៀត​គាត់​សុខចិត្ត​រៀន​ឲ្យ​ចប់ ប៉ុន្តែ​នៅពេលដែល​ចប់ គាត់​ទៅធ្វើ​ការខុស​ជំនាញ ដូច្នេះ​អ្វីដែល​ពួកគាត់​រៀន​៤​ឆ្នាំ  មិនបាន​យកទៅ​ប្រើ​ទេ​។ ចំពោះ​ការ​រើស​ជំនាញ​តាម​កត្តា​ខាងក្រៅ ដូចជា​កត្តា​សង្សា ឪពុកម្តាយ ជាដើម ការសិក្សា​ក៏​មិនសូវ​រលូន​នោះដែរ​។ ឧទាហរណ៍ អ្នកខ្លះ​រៀន​ចប់​ឆមាស​ទី​១ ហើយ​គ្រាន់តែ​សង្សា​បែកចិត្ត លែង​ចូលរៀន​នៅ​ឆមាស​ទី​២ ។ រីឯ​ការរៀន​ដើម្បី​បានតែ​សញ្ញាបត្រ ក៏​មិនអាច​ប្រកួតប្រជែង​សមត្ថភាព​ការងារ​ជាមួយ​គេ​បានដែរ​។​
 
លោក ទីន សុខ​លីម​៖ សម្រាប់​និស្សិត​ដែល​មើលឃើញថា​ខ្លួន​រៀន​ខុស​ចំណង់​ចំណូលចិត្ត តើ​ពួកគេ​គួរតែ​ប្តូរ ឬ​បន្ត​ការសិក្សា​? 
​លោកគ្រូ ឃីម សុខ​ហេង​៖ វា​មាន​ពីរ​ចំណុច ទី​១ បើ​ទាក់ទង​នឹង​កត្តា​លទ្ធភាព​ដែល​អាចទៅរួច យើង​សុខចិត្ត​ខុសពីរ​ឆ្នាំ​ប្រសើរ​ជាង​ខុស​មួយជីវិត​។ គ្មាន​អ្នកណាម្នាក់​ដែល​មិន​ខុស​ទេ អាច​ថា​ពេលនោះ មិន​បានគិត​វែងឆ្ងាយ អ៊ីចឹង​គឺ​យើង​អាច​ដូរ​បាន ប្រសិនជា​អ្វីដែល​យើង​កំពុង​រៀន​នោះ មិនត្រូវ​ទំនោ​ខ្លួន​។ តែ​ប្អូនៗ​ខ្លះទៅ​មិន​រួច​ដោយសារ​គ្មាន​លុយ​បង់​សាលា ហើយ​មិនអាច​ទៅរក​អាហារូបករណ៍​ផ្សេង​បានទេ​។ ជា​យោបល់​ខ្ញុំ ប្អូនៗ​ទទួលយក​អ្វីដែល​យើង​ត្រូវការ​សិន ដើម្បី​ឈានទៅរក​អ្វីដែល​យើង​ចង់បាន​។ អ៊ីចឹង​អ្វីដែល​យើង​ត្រូវការ យ៉ាងហោចណាស់ រៀន​ឲ្យ​ចប់​បរិញ្ញាបត្រ ទោះបីជា​យើង​មិនសូវ​ចេះ ថ្ងៃក្រោយ​គេ​សួរថា​ប្អូនឯង​រៀន​ដល់​ណា​? ខ្ញុំ​បាន​រៀន​ចប់​បរិញ្ញាបត្រ​មួយ​ដែរ​។ យ៉ាងហោចណាស់ មនុស្ស​ដែល​បាន​ឆ្លងកាត់​កម្រិត​ឧ​ត្ត​មសិ​ក្សា ចង់​មិន​ចង់​ក៏​គ្រាន់បើ​ដែរ​។​
 
​លោក ទីន សុខ​លីម​៖ ការងារ​ខុស​ជំនាញ តើ​មកពី​ទីផ្សារការងារ ឬមួយ​មកពី​និស្សិត​ខ្លួនឯង​ខ្វះ​សមត្ថភាព​?
​លោកគ្រូ ឃីម សុខ​ហេង​៖ យើង​ពិបាក​និយាយថា ជ្រុង​ណាមួយ​ខុស​ណាស់ ព្រោះ​វា​មាន​កត្តា​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង ទី​១​កត្តា អ្នករៀន​ផ្ទាល់​ដែល​មិនបាន​ស្រាវជ្រាវ​ពី​ទីផ្សារ និង​តម្រូវការ​ទីផ្សារ​ច្បាស់លាស់​។ ទី​២ ទាក់ទង​នឹង​កត្តា​សាលា​ខ្លះ​ដែរ ព្រោះ​សាលា​ត្រូវ​តម្រង់ទិស​ឲ្យ​និស្សិត តែ​ពេលខ្លះ​យើង​អាច​និយាយបានថា ទោះជា​សាលា​ប្រឹងប្រែង​យ៉ាងណា ក៏​នៅតែមាន​ចំណុច​ខ្វះចន្លោះ​ដែរ​។ រឿង​ដែល​លំបាក​ជាងគេ គឺ​ជំនាញ​ក្នុង​ការគិត​ស៊ីជម្រៅ​ដល់ពេល​ពួកគាត់​ចូលទៅ​ធ្វើ​ការងារ ចង់តែ​ស្រួល ហើយ​មិន​ចង់​ប្រកួតប្រជែង​ខ្លួនឯង​ទេ នេះ​គឺជា​កង្វះខាត និង​ធ្វើ​ការមិនចុះសម្រុង​ជាមួយ​អ្នកដទៃ​។ ទាំងអស់នេះ ជា​ចំណែក​សំខាន់​ណាស់​នៅក្នុង​ផ្នែក​ជំនាញ​ទន់​។ 
 
​លោក ទីន សុខ​លីម​៖ តើ​និស្សិត​ត្រូវ​គិត​អ្វីខ្លះ​ទើប សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​ឲ្យ​បាន​ត្រឹមត្រូវ​? 
​លោកគ្រូ ឃីម សុខ​ហេង​៖ ខ្ញុំ​ចែករំលែក​តាម​ទីសាធារណៈ​ច្រើន​ដែរ តើ​យើង​ធ្វើ​ដូចម្តេច ទើប​ដឹងថា​ជំនាញ​ដែល​យើង​រើស​នោះ​ត្រឹមត្រូវ​? យើង​មាន​គោលការណ៍​៤​សំខាន់​ក្នុងការ​ជ្រើសរើស​។ ចំណុច​ទី​១ គឺ​រើស​ជំនាញ​ដែល​ច្បាប់​មិន​ហាមឃាត់ ទី​២ រើស​ជំនាញ​តាម​ចំណង់​ចំណូលចិត្ត​ខ្លួន​។ កាលណា​យើង​រកឃើញ​ចំណង់​ខ្លាំង ចង់​ក្លាយជា​បុគ្គល​បែបណា​? ជំនាញ​ខាង​អ្វី​? គឺថា​អ្នក​ហ្នឹង ទោះជា​រៀន​ដាច់បាយ ដាច់ទឹក​ខ្លះ លំបាក​ខ្លះ ក៏​គាត់​នៅតែ​ប្រឹង​ដល់ទី​បញ្ចប់​របស់គាត់​ដែរ​។ ទី​៣ ទាក់ទង​នឹង​តម្រូវការ​ទីផ្សារ យើង​ឃើញ​ហើយ​ថា កាលពី​១៥ ទៅ​ជាង​២០​ឆ្នាំមុន ប្រទេស​យើង​កំពុងតែ​អភិវឌ្ឍន៍ ហើយ​មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ចូល​ច្រើន​។ អ៊ីចឹង​ទីផ្សារការងារ​នៅ​អង្គការ​សម្បូរ​ណាស់ អង្គការ​នីមួយៗ​មាន​មូលនិធិ​ច្រើន  ប៉ុន្តែ​២០០៥ ឬ​២០០៦ វិស័យ​ឯកជន និង​វិស័យ​ពាណិជ្ជកម្ម រីកដុះដាល អ៊ីចឹង​សិស្ស​និស្សិត​ត្រូវផ្តោត​ទៅរក​ជំនាញ​ទាំងនេះ​។ ចំណុច​ទី​៤​គឺ​ការជ្រើសរើស​ជំនាញ​ដែល​សមស្រប​ទៅតាម​រប​ត់​ប្រទេស តំបន់ និង​ពិភពលោក​ទាំងមូល ជាពិសេស​ការពង្រឹង​សមត្ថភាព​ចំណេះដឹង​ផ្នែក បច្ចេកវិទ្យា ទាំង​ភាសា ទាំង​ការគិត​។​
 
​លោក ទីន សុខ​លីម​៖ អនុសាសន៍​របស់លោក​គ្រូ​ចុងក្រោយ​ជុំវិញ​ការជ្រើសរើស​ជំនាញ​? 
​លោកគ្រូ ឃីម សុខ​ហេង​៖ លោកគ្រូ​សូម​អបអរសាទ​ប្អូនៗ ដែល​ប្រឡង​ជាប់​បាក់​ឌុប ប៉ុន្តែ​ប្អូនៗ កុំ​ជិះសេះ​លែងដៃ កុំអាល​អរ​ពេក ចប់​បាក់​ឌុប ហើយ  សំណួរ​សួរថា តើ​យើង​ទៅណា​ទៀត​? ពីព្រោះ​ចប់​បាក់​ឌុប មិនទាន់​កំណត់​ក្នុង​ជីវិត​របស់​យើង កំណត់​សុភមង្គល គុណ​តម្លៃ កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្លូ​រទាំង​ស្រុង​ទេ​។ ប្អូនៗ​ដែល​ធ្លា​ក់បាក់​ឌុប​កុំ​អស់សង្ឃឹម បុគ្គល​ជោគជ័យ​ច្រើនណាស់ នៅលើ​លោក​នេះ រួមទាំង​មហាសេដ្ឋី​ជាច្រើន​នៅលើ​ពិភពលោក​នេះ​។ អ្នកខ្លះ​រៀន​មិនទាន់​ចប់​បាក់​ឌុប​ផង អ៊ីចឹង​ការធ្លាក់​បាក់​ឌុប មិនមែនជា​រនាំង​រារាំង មិន​ឲ្យ​ឈានទៅរក​ការរីកចម្រើន​ទេ​។ ប្អូនៗ​អាច​បន្ត​ការសិក្សា ទៅ​ថ្នាក់​បរិញ្ញាបត្ររង ឬ​ប្អូន​ទៅ​រៀន​ជំនាញ​វិ​ជ្ជី​ជីវៈ ជំនាញ​បច្ចេកទេស​។ សូម​រស់ក្នុង​ក្តីសង្ឃឹម រស់ក្នុង​អត្ថន័យ​នៃ​ការ​ប្រែខ្លួន ឲ្យ​ក្លាយជា​អនាគត​បុគ្គល​ល្អ នាំ​តម្លៃ​ឲ្យ​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​របស់​យើង​៕ 

Tag:
 ឃីម សុខហេង
  បាក់ឌុប
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com