ជាតិ
សង្គមជាតិ
ជនពិការ និង​ខ្សោយ​បញ្ញា នឹង​ទទួលបាន​គម្រោង​បញ្ចុះតម្លៃ​សម្ភារ​សិក្សា និង​ថ្លៃ​សាលា​
19, Sep 2017 , 4:30 pm        
រូបភាព
ដោយ:
ជនពិការ និង​ជន​ខ្សោយសតិ​បញ្ញា​នឹង​ទទួលបាន​គម្រោង​បញ្ចុះតម្លៃ​លើ​ការទិញ​សម្ភារ​សិក្សា និង​ថ្លៃបង់​សាលា​ពី​ស្ថាប័នរដ្ឋ និង​ឯកជន​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក្នុងពេល​ឆាប់​ខាងមុខ​។ គម្រោង​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ជួយ​លើកកម្ពស់​ផ្នែក​អប់រំ និង​កាត់បន្ថយ​ភាពក្រីក្រ​ដល់​ជនពិការ និង​ជន​ខ្សោយសតិ​បញ្ញា​នៅ​កម្ពុជា​។ ទន្ទឹមនឹងនេះ​ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ក៏​គ្រោង​បង្កើត​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស​នៅ​កម្ពុជា​ផងដែរ​។​

 
​អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​លោក សែម សុខា បាន​បញ្ជាក់ថា ក្រសួង​សង្គមកិច្ច​បាននិងកំពុង​រៀបចំ​ឲ្យ​មាន​គម្រោង​បញ្ចុះតម្លៃ​លើ​ការទិញ​សម្ភារ​សិក្សា និង​ថ្លៃបង់​សាលា​សម្រាប់​ជនពិការ និង​ជន​ខ្សោយសតិ​បញ្ញា​នៅ​កម្ពុជា​។ លោក​បាន​បន្តថា គម្រោង​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង​លើកតម្កើង​ការអប់រំ​ដល់​ជនពិការ និង​ជន​ខ្សោយសតិ​បញ្ញា​នៅ​ទូទាំងប្រទេស​។ លើសពីនេះ ដើម្បី​លើកទឹកចិត្ត ក៏ដូចជា​ផ្តល់​សិទ្ធ​ក្នុង​ការទទួល​បានការ​អប់រំ​ឲ្យ​ស្មើមុខស្មើមាត់​ដូច​ជន​មាន​អាវៈ​យ​វៈ​គ្រប់គ្រាន់​។​
 
«​ក្រសួង​សង្គមកិច្ច​បាននិងកំពុង​បង្កើត​អនុក្រឹត្យ​ក្នុងការ​បញ្ចុះតម្លៃ​លើ​ការទិញ​សម្ភារ​សិក្សា និង​ការបង់​ថ្លៃឈ្នួល​សាលា​ដល់​បងប្អូន​ជនពិការ​ដែល​កំពុង​សិក្សា​។ ក្រសួង​នឹង​បង្កើត​កាត ឬ​ប័ណ្ណ​សម្គាល់​ដែល​បញ្ជាក់​ពី​ពិការភាព ដើម្បី​ឲ្យ​គាត់​យកទៅ​បង្ហាញ​នៅ​ស្ថាប័នរដ្ឋ ឬ​ស្ថាប័នឯកជន​ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ​ទាំងនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក សែម សុខា​។  
 
​តែ​យ៉ាងណា អនុរដ្ឋលេខាធិការ​រូបនេះ មិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​ពេលវេលា​ជាក់លាក់​ក្នុងការ​ដាក់​ឲ្យ​អនុវត្ត​នូវ​គម្រោង​នេះ​នៅឡើយ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់ថា​៖«​យើង​កំពុង​ពិភាក្សាគ្នា​លើ​ការបញ្ចុះ​តម្លៃ លើ​ការបង់​ថ្លៃឈ្នួល​សាលា ថា​តើ​ឯកជន​ត្រូវធ្វើ​របៀប​ម៉េច​? រដ្ឋ​ធ្វើ​យ៉ាងម៉េច​? បញ្ចុះតម្លៃ​ប៉ុន្មាន​?»​។ 
 
​លោក សែម សុខា បានបញ្ជាក់​ទៀតថា ក្រៅពី​គម្រោង​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ក៏​បាននិងកំពុង​គ្រោង​បង្កើត​អនុក្រឹត្យ​ស្តីពី​ការធ្វើ​ប័ណ្ណបើកបរ និង​សិទ្ធ​សំចត​សម្រាប់​ជនពិការ​ផងដែរ​។ លើសពីនេះ ក្រសួង​សង្គមកិច្ច និង​សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បង្កើត​វិទ្យាស្ថាន​ជាតិ​អប់រំ​ពិសេស ដើម្បី​អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​បង្ហាត់បង្រៀន​ដល់​គ្រូ​ជនពិការ សម្រាប់​យកទៅ​បង្ហាត់បង្រៀន​សិស្ស​នៅតាម​បណ្តា​ខេត្ត​បន្ត​។ 
 
​ទន្ទឹមនឹងនេះ លោក​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា​រូបនេះ ស្នើ​ឲ្យ​មាតា បិតា អាណាព្យាបាល​ជនពិការ និង​ជន​ខ្សោយសតិ​បញ្ញា និង​អង្គការ​នានា​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ជួយ​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ត្រៀមខ្លួន​ទទួលយក​នូវ​ផែនការ និង​គម្រោង​ទាំងនេះ​៕

Tag:
 ប៉េ​ស្យា​ល់​
  សែម សុខា​
  ក្រសួង​សង្គមកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com