អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សហគមន៍​អន្តរជាតិ ពិតជា​មិនអាច​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តាមរយៈ​ទណ្ឌកម្ម​?
19, Sep 2017 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
ការប៉ុនប៉ង​របស់​ម​ហា​អំណាច រួមទាំង​សហគមន៍​អន្តរជាតិ ក្នុង​ការដាក់​សម្ពាធ​កូរ៉េខាងជើង ឲ្យ​បញ្ឈប់​ការអភិវឌ្ឍ​កម្មវិធី​បរមាណូ និង​មហិច្ឆតា​ជា​មហាអំណាច​នុយក្លេអ៊ែរ ហាក់ដូចជា​គ្មាន​ប្រសិទ្ធភាព និង​បរាជ័យ​ជា​បន្តបន្ទាប់ ។ បរាជ័យ​ទាំងនោះ ត្រូវបាន​បង្ហាញ​ច្បាស់​តាមរយៈ សកម្មភាព​ផ្គើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​អាវុធ​របស់ខ្លួន ទាំង​មាន​បម្រាម​និង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ។

 
 
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១១ កញ្ញា កន្លងទៅ​ថ្មីៗ​នេះ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេច​លេខ ២៣៧៥ ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អាមេរិក ។ សេចក្តីសម្រេច​ថ្មី​នេះ គឺជា​ទណ្ឌកម្ម​បន្ថែម​ថ្មី​ចុងក្រោយ​មួយទៀត​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​មហិច្ឆតា​របស់​កូរ៉េខាងជើង ដែល​នៅតែ​បន្ត​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅ​ថ្ងៃទី​០៣ កញ្ញា​កន្លងទៅ ។ 
 
​តាមរយៈ​ទណ្ឌកម្ម​ថ្មី​នេះ កូរ៉េខាងជើង​ត្រូវបាន​ហាមឃាត់​ពី​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​គ្រប់​ប្រភេទ​ទាំង​ផលិតផល​រាវ ទាំង​ផលិតផល​កំណ​កក​។ ការ​នាំចូល​ប្រេង​ឆៅ​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ ។ 
 
​កាន់តែ​ធ្ងន់ធ្ងរ​នោះ តាមរយៈ​សេចក្តីសម្រេច ២៣៧៥ សមាជិក​អង្គការសហប្រជាជាតិ​ទាំងអស់ ត្រូវបាន​តម្រូវ​មិន​ឲ្យ​អនុញ្ញាត​ទទួល​ពលករ​កូរ៉េខាងជើង​ដើម្បី​បម្រើការ​នៅក្នុង​ប្រទេស​ខ្លួណ​ឡើយ ដែល​ប្រការនេះ គឺជា​ចំណាត់ការ​មួយ​ដែល​អាច​ធានា​ពី​ការផ្តាច់​លំហូរ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ដែលមាន​ឡើង​តាមរយៈ​ចំណូល​របស់​ពលរដ្ឋ​ខ្លួន ដែល​ធ្វើការ​ជា​ពលករ​នៅក្រៅ​ប្រទេស​បាន បន្ថែម​ទណ្ឌកម្ម ដែលមាន​ចូល​ជា​ធរមាន​ស្រាប់ ។ 
 
​តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ក្រោយ​តែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការអនុម័ត​សម្រេច​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជាថ្មី​ម្តងទៀត ដែល​សកម្មភាព​នេះ បាននិងកំពុង​តែ​បង្កើត​ក្តីបារម្ភ​កាន់តែខ្លាំង​សម្រាប់​ជប៉ុន និង​កូរ៉េខាងត្បូង ដែលជា​គូបដិបក្ខ​នឹង​គ្នា​នោះ ។ នៅ​ថ្ងៃទី​១៥ កញ្ញា កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី ដោយ​ថែមទាំង​បាន​រម្លង​ជប៉ុន ដែលជា​ប្រទេស​ជិត​ទៀតផង ។ 
 
​សកម្មភាព​របស់​កូរ៉េខាងជើង​បែបនេះ បានបង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ទោះ​ទណ្ឌកម្ម​បែបណា ក៏ដោយ កូរ៉េខាងជើង នៅតែ​មិន​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​នៅក្នុង​ការអភិវឌ្ឍ​កម្មវិធី​អាវុធ​ប្រល័យ​លោក​ឡើយ ។ ក្នុង​ផ្នត់គំនិត​របស់​មេដឹកនាំ​កូរ៉េខាងជើង ត្រកូល​គីម បើ​កូរ៉េខាងជើង ទន់ខ្សោយ​នោះ ក្រុង​ព្យុងយ៉ាង នឹងត្រូវ​បាត់បង់ ហើយ​អាមេរិក គឺជា​គោលដៅ​ធំ​បំផុត​ដែល កូរ៉េខាងជើង ត្រូវ​ប្រ​យ​ត្ន័​ខ្លួន និង​ពង្រឹងសមត្ថភាព​ខ្លួន​ដើម្បី​តទល់ ។ 
 
​គេ នៅចាំ​ច្បាស់​ថា គ្រាន់តែ​នៅក្នុង​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សេចក្តីសម្រេច ដែលជា​ទណ្ឌកម្ម​រហូត​ដល់​ពីរលើក​ដើម្បី​ដាក់​សម្ពាធ និង​ប្រឆាំង​សកម្មភាព កូរ៉េខាងជើង ។  ទណ្ឌកម្ម​ទាំងនោះ ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រភេទ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត រួចទៅហើយ​ក្នុងការ​ទប់ទល់​កូរ៉េខាងជើង ។ ក៏ប៉ុន្តែ វា នៅតែ​មិនអាច​បញ្ឈប់​កូរ៉េខាងជើង​បាន ។ 
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​០២ ខែមីនា កន្លងទៅ ឆ្នាំ​២០១៦​កន្លង ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ ក៏បាន​អនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​មួយ​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។​
 
​នៅ​ឆ្នាំ​ដដែល​នោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ក៏បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើស​ម្រេច​លេខ​២៣២១ ដែលជា​ដំណោះស្រាយ​ថ្មី​មួយ​បន្ថែម​ដើម្បី​ឆ្លើយតប ក៏ដូចជា​ប្រឆាំងនឹង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ដែល​បាន​បាញ់​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​លើក​ទី​៥​នៅ​ថ្ងៃទី​០៩ ខែកញ្ញា​ទៅ ដែល​ពេលនោះ ក៏​ជាការ​បាញ់​សាកល្បង​មួយ​ដ៏​ខ្លាំង​មួយ​ផងដែរ​។ 
 
​ទាំង​សេចក្តីសម្រេច ២៣២១, ២២៧០ និង ២៣៧៥ សុទ្ធតែ​មិនអាច​រារាំង​កូរ៉េខាងជើង​បាន ។ រហូតដល់​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧​នេះ អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ បាន​និយាយថា អង្គការសហប្រជាជាតិ (UN) អស់ជម្រើស​ក្នុងការ​បញ្ចប់​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ហើយ​៕ 
 

Tag:
 កូរ៉េខាងជើង​
  អង្គការសហប្រជាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com