ជាតិ
សង្គមជាតិ
ការធ្វើ​ទាន​ត្រូវ​ប្រកបដោយ​បញ្ញា​!
19, Sep 2017 , 4:11 pm        
រូបភាព
រូបថត៖ Sovandy
រូបថត៖ Sovandy
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ កន្លងមក ស្ត្រី​ម្នាក់ បាន​នាំ​កូន​ដើរ​បាច​លុយ​នៅក្នុង​វត្ត​មួយ។ កាយវិការ​របស់​ស្ត្រី​រូបនោះ ទទួលរង​នូវ​ការរិះគន់​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​ចោទប្រកាន់ថា គាត់​មើលងាយ​សាសនា ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ មតិ​មួយចំនួន​យល់ថា គាត់​ជាម​នុស្ស​ចិត្តបុណ្យ ដោយ​គ្រាន់តែ​ភ្លេច​គិត និង​មិនបាន​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​តែប៉ុណ្ណោះ​។ ស្វាមី​របស់​ស្តី​រូបនោះ ក៏បាន​ចេញមុខ​សុំទោស​ផងដែរ​។

 
​តើ​ទាន​មាន​អត្ថន័យយ៉ាងណា​? តើ​ការបរិច្ចាគ​ទាន​ត្រូវធ្វើ​យ៉ាងដូចម្តេច​? សារព័ត៌មាន​ថ្មីៗ សូម​ធ្វើការ​ចុះផ្សាយ​ពី​អត្ថន័យ​នៃ​ពាក្យ «​ទាន​» ដូចខាងក្រោម​៖
 
ទាន មានន័យថា ការ​ឲ្យ​នូវ​របស់​ដែល​គួរ​ឲ្យ ដល់​បុគ្គល​ដែល​គួរ​ឲ្យ ។ វត្ថុ​ដែល​គួរ​ឲ្យ សំដៅ​ដល់ វត្ថុ​ទាំងឡាយ​ដែល​ញ៉ាំង​ប្រយោជន៍​ឲ្យ​កើតមាន​ដល់​បុគ្គល​អ្នកទទួល ដូចជា អាហារ​បរិភោគ គ្រឿង​ឧ​បរិភោគ (​របស់​ប្រើប្រាស់​) ទីស្នាក់អាស្រ័យ ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ ជាដើម ។​បុគ្គល​ដែល​គួរ​ឲ្យ សំដៅ​ដល់ បុគ្គល​ដែល​សក្តិសម​នឹង​ទទួលបាន​នូវ​វត្ថុ​ដែល​ផ្តល់​ឲ្យ ដូចជា មាតាបិតា អ្នកមាន​គុណធម៌​ខ្ពង់ខ្ពស់ អ្នកបួស អ្នកមាន​សីល ចាស់ព្រឹទ្ធាចារ្យ ឬក៏​អ្នកក្រខ្សត់ ជន​ទុគ៌ត​ជាដើម ។ 
 
 ដូច្នេះ ដើម្បី​ធ្វើ​ទាន​ឲ្យ​ពេញលក្ខណៈ អ្នក​ត្រូវ​ពិចារណា ថា​តើ​បុគ្គល​ណា​ដែល​អ្នក​គួរផ្តល់​ឲ្យ ហើយ​ផ្តល់​ឲ្យ​នូវ​វត្ថុ​អ្វីដែល​អាច​ញ៉ាំង​ប្រយោជន៍​ដល់​បុគ្គល​នោះ ។ ការធ្វើ​ទាន​ត្រូវ​ប្រកបដោយ​បញ្ញា ទើបបាន​ផល​ទាំង​អ្នកទទួល​ទាំង​អ្នកផ្តល់​ឲ្យ ។ ប្រសិនបើ​អ្នកធ្វើ​ទាន​ដោយ​ភាពល្ងង់ខ្លៅ ខ្វះ​បញ្ញា មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ដល់​អ្នកទទួល​នោះទេ វា​ថែមទាំង​អាច​ផ្តល់​ទោស​ដល់​អ្នកផ្តល់​ឲ្យ​ទៀតផង ។ 
​ប្រសិនបើ​អ្នកផ្តល់​នូវ​របស់​ដែល​គួរ​ឲ្យ ដល់​បុគ្គល​មិនគួរ​ឲ្យ ក៏​មិនមាន​ឈ្មោះថា​ពេញលក្ខណៈ​ជា​ទាន​ដែរ ហើយ​ប្រសិនបើ​អ្នកផ្តល់​នូវ​របស់​មិនគួរ​ឲ្យ ដល់​បុគ្គល​ដែល​គួរ​ឲ្យ ក៏​មិនមាន​ឈ្នោះ​ថា​ពេញលក្ខណៈ​ជា​ទាន​ដូចគ្នា​។ 
 
​ឧបមា​ថា អ្នកយក​ម្ហូបអាហារ​ទៅ​ប្រគេន​ព្រះសង្ឃ ហើយ​ម្ហូប​នោះ​អ្នក​ស្ល​ពីសា​ច់​ឆ្កែ ។ ការពិត​ព្រះសង្ឃ​ជា​អ្នកមាន​សីល ជា​ស្រែបុណ្យ​របស់​យើង ដែល​យើង​គួរ​ធ្វើ​ទាន​ជាមួយ តែ​តាម​ព្រះ​វិន័យ​ដែល​ព្រះពុទ្ធ​ទ្រង់​បញ្ញត្តិ​ហាម​មិន​ឲ្យ​ព្រះសង្ឃ​ឆាន់​សាច់​ឆ្កែ​ទេ ។ ដូច្នេះ​ត្រង់នេះ​គឺ​អ្នកយក​របស់​មិនគួរ​ឲ្យ (​សម្ល​សាច់​ឆ្កែ​) ទៅ​ឲ្យ​បុគ្គល​ដែល​គួរ​ឲ្យ (​ព្រះសង្ឃ​) ចឹ​ង​ទាន​ដែល​អ្នកធ្វើ​ក៏​មិន​ពេញលក្ខណៈ​ជា​ទាន​ដែរ ។​
 
 ផ្ទុយ​មកវិញ​ប្រសិនបើ​អ្នកយក​មាសប្រាក់ ឬ​ម្ហូបអាហារ​ទៅ​ផ្គត់ផ្គង់​ដល់​ជនពាល ចូលចិត្ត​ដើរ​ស៊ីផឹក លេង​ល្បី សេព​គ្រឿងញៀន ពេលនោះ​វា​មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ល្អ​ដល់​អ្នក​នោះទេ វា​ថែមទាំង​អាច​ផ្តល់នូវ​ទោស​ដល់​អ្នក​វិញទៀត ។ 
 
​ការពិត របស់​ទាំងអស់នេះ​គឺជា​វត្ថុ​ដែល​គួរ​ឲ្យ (​មាសប្រាក់ ឬ​ម្ហូបអាហារ​) គួរ​យកទៅ​ធ្វើ​ទាន តែ​ដោយសារតែ​បុគ្គល​នោះ​ជា​ជនពាល (​បុគ្គល​មិនគួរ​ឲ្យ​) គ្មាន​គុណធម៌ ប្រព្រឹត្ត​តែ​អបាយមុខ នាំទុក្ខ​ទោស​ដល់ គ្រួសារ និង​សង្គម ។ បុគ្គល​ប្រភេទ​នេះ​មិន​សក្តិសម​នឹងមាន​ឈ្នោះ​ថា បុគ្គល​ដែល​គួរ​ឲ្យ គួរ​ធ្វើ​ទាន​ជាមួយ​នោះទេ​។ ដូច្នេះ​ទាន​ដែល​អ្នកធ្វើ​ក៏​មិនមាន​ឈ្នោះ​ថា​ជា​ទាន​ពេញលក្ខណៈ​ដូចគ្នា ៕    
 
    

Tag:
 ទាន
  បុណ្យ
© រក្សាសិទ្ធិដោយ thmeythmey.com