ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេ​ពន្ធនាគារ សុំ​ឲ្យសាលា​ឧទ្ធរណ៍ ពិចារណា​ចំពោះ​ការដឹក​ឯកឧត្តម កឹម សុខា ពី​ត្បូងឃ្មុំ ទៅ​ចូលរួម​សវនាការ​នៅ​ភ្នំពេញ​
20, Sep 2017 , 1:44 pm        
រូបភាព
​ភ្នំពេញ​៖ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព មេ​ពន្ធនាគារ បានស្នើ​ឲ្យ​សាលាឧទ្ធរណ៍ ពិចារណា​ចំពោះ​ការបញ្ជូន​ឯក​ឧ​ត្តម កឹម សុខា ពី​ពន្ធនាគារ​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅ​ចូលរួម​សវនាការ​នៅ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ​។ តាម​កាលកំណត់​របស់​សាលាឧទ្ធរណ៍ សវនាការ​លើ​រឿងក្តី​ឯកឧត្តម កឹម សុខា នឹងធ្វើ​ឡើង នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៧​។



​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួងមហាផ្ទៃ ហាក់​ពុំ​ទុកចិត្ត​ពី​សន្តិសុខ​និង​សុវត្ថិភាព​នៅតាម​ផ្លូវ ប្រសិនបើ​ដឹក​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចេញពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ នៅ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២0១៧​។ លើសពីនេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏​ព្រួយបារម្ភ​ពី​បញ្ហា​ណាមួយ ដែល​អាច​កើតឡើង​ផងដែរ នៅពេល​ឯកឧត្តម កឹម សុខា មាន​វត្តមាន​នៅក្នុង​សាលាឧទ្ធរណ៍ ក្នុងអំឡុង​នៃ​ការបើក​សវនាការ​។

​ដោយ​ក្តី​ព្រួយបារម្ភ​បែបនេះ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក៏បាន​ផ្ញើលិខិត​មួយ ដែល​ចុះហត្ថលេខា​ដោយ​លោក ចាន់ គីម​សេង ទៅកាន់​អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ពិចារណា​ចំពោះ​ការដឹក​ឯកឧត្តម កឹម សុខា ពី​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​រាជធានី​ភ្នំពេញ នាពេលខាងមុខ​។​

​គម្រោង​នៃ​ការបើក​សវនាការ នៅ​ថ្ងៃទី​២៦ ខែកញ្ញា នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា​។ ក្រុម​មេធាវី បាន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ប្រឆាំងនឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​ការឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ សម្រាប់​ក្រុម​មេធាវី ការឃុំខ្លួន​ឯកឧត្តម កឹម សុខា គឺ​មិន​ស្របតាម​នីតិវិធី​នោះទេ​។

​លោក សំ សុ​គង់ មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ទាំង​ប្រាំ​រូប​របស់​ឯកឧត្តម កឹម សុខា ធ្លាប់​បកស្រាយ​ថា ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា ទាំង​ពាក់​កណ្តាលអធ្រាត្រ គឺជា​ប្រការ ដែល​ច្បាប់​ហាមឃាត់​។ លោក បន្ថែមថា ម្យ៉ាងទៀត ឯកឧត្តម កឹម សុខា មិនបាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នោះទេ ដូច្នេះ​ការចោទប្រកាន់​ឬ​ការចាប់ខ្លួន​ឯកឧត្តម កឹម សុខា តម្រូវ​ឲ្យ​មាន​ការដក​អភ័យឯកសិទ្ធិសភា​ជាមុនសិន​។ ផ្អែកលើ​ហេតុផល​ទាំងនេះហើយ ​ដែល​ក្រុម​មេធាវី​បាន​ប្តឹងទៅ​សាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងការឃុំខ្លួន​ឯកឧត្តម កឹម សុខា​។

​ក្រៅពី​ការ​ប្តឹងទៅ​សាលាឧទ្ធរណ៍ ក្រុម​មេធាវី ក៏បាន​ដាក់​លិខិត​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ ដើម្បី​សុំ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា​។ ប៉ុន្តែ រហូតមកដល់​ពេលនេះ សំណើសុំ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ខាងលើ នៅ​មិនទាន់មាន​ដំណឹង​លេចឮ ​យ៉ាងណា​នោះទេ​។

​ទោះជា​ក្រុម​មេធាវី​យល់​យ៉ាងនេះ​ក្តី ប៉ុន្តែ​សម្រាប់​សមត្ថកិច្ច​និង​តុលាការ ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដោយ​ផ្អែកលើ​វីដេអូ​ឃ្លី​ប​មួយ ដែល​ផលិត​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឈ្មោះ CBN ហើយ​ត្រូវបាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហេ្វ​ស​ប៊ុ​ក​។ នៅក្នុង​វីដេអូ​ឃ្លី​ប​នោះ ឯកឧត្តម កឹម សុខា បាន​និយាយថា ឯកឧត្តម មាន​អ្នកជំនាញ​ជា​ជនបរទេស នៅ​ពី​ក្រោយខ្នង ដើម្បី​ជួយ​ណែនាំ ក្នុងការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។

​ក្រោយ​វីដេអូ​ឃ្លី​ប​នោះ បាន​បែកធ្លាយ សមត្ថកិច្ច បាន​ទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន ទាំង​ពាក់​កណ្តាលអធ្រាត្រ ម៉ោង​ប្រហែល​១២ និង​៣0​នាទី ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ បច្ចុប្បន្ន ឯកឧត្តម កឹម សុខា កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ដោយ​រង​បទ​ចោទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​បទល្មើស​នេះ ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕




Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com