ជាតិ
នយោបាយជាតិ
បក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ចុះអនុស្សរណៈ លើកិច្ចសហប្រតិបត្តិការជាមួយគ្នា
× សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោក លីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុនីស្តចិន ចាប់ដៃគ្នា នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈមួយចំនួន ដែលធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២0១៧។ រូបភាពពីទំព័រហ្វេសប៊ុក សម្តេច ហ៊ុន សែន
× ភ្នំពេញ៖ អនុស្សរណៈយោគយល់គ្នាស្តីពី «ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និង ការសហប្រតិបត្តិការ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន» ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី២0 ខែកញ្ញា ឆ្នាំ២0១៧នេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
សារលើទំព័រហ្វេសប៊ុកនោះ បានសរសេរថា ការចុះអនុស្សរណៈខាងលើ គឺធ្វើឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល និងលោក លីវ យុនសាន សមាជិកគណៈអចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ សារលើទំព័រហ្វេសប៊ុក បានបញ្ជាក់ថា ការសម្រេចចុះអនុស្សរណៈនេះ គឺក្រោយពីបញ្ចប់កិច្ចពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រវាងសម្តេច ហ៊ុន សែន និងលោក លីវ យុនសាន។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន អនុស្សរណៈចំនួន៥ផ្សេងទៀត ក៏ត្រូវបានចុះហត្ថលេខាផងដែរ ដែលរួមមាន អនុស្សរណៈស្តីពី «ការជំរុញទំនាក់ទំនងនិងសហប្រតិបត្តិការ រវាងអង្គការមិនមែនរដ្ឋាភិបាល នៃប្រទេសចិន និងប្រទេសកម្ពុជា» អនុស្សរណៈ ស្តីពី «ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព រវាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍ» អនុស្សរណៈស្តីពី «ការអនុវត្តគម្រោងលើកកម្ពស់ជីវភាព រវាងក្រសួងអប់រំ នៃប្រទេសកម្ពុជា និងមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ អនុស្សរណៈស្តីពី «កិច្ចសហការថតភាពយន្តឯកសារ រវាងស្ថានីយទូរទស្សន៍មជ្ឈឹមចិន និង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា និង អនុស្សរណៈស្តីពី «ការសហប្រតិបត្តិការសិក្សាលើគម្រោងសាងសង់បណ្តាញទូរទស្សន៍ឌីជីថលទូទាំងប្រទេសកម្ពុជា រវាងក្រសួងព័ត៌មាន នៃប្រទេសកម្ពុជា និង ទូរទស្សន៍យួណាន នៃប្រទេសចិន»។
សូមបញ្ជាក់ថា លោក លីវ យុនសាន បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ច នៅកម្ពុជា។ លោកនិងគណៈប្រតិភូ បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២0១៧៕
Tag:
បក្សប្រជាជន
បក្សកុម្មុយនីស្តចិន
ចុះអនុស្សរណៈ
© រក្សាសិទ្ធិដោយ thmeythmey.com