ជាតិ
ព្រលឹម​ស្រាងៗ​ថ្ងៃទី ២៣ កញ្ញា ព្រះអាទិត្យ​នឹង​រះ​តាម​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​
21, Sep 2017 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ ព្រះអាទិត្យ​នឹង​រះ​ឡើង​តាម​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​អប្សរា​។ អ្នកស្រាវជ្រាវ ហៅ​ព្រឹត្តិការណ៍​នេះ​ថា សម​រាត្រី ព្រោះ​ជា​ពេលដែល​យប់​និង​ថ្ងៃ​មាន​រយៈពេល​ស្មើគ្នា​។​



​អាជ្ញាធរ​អ​ប្សា​រា បានចេញ​សេចក្តីជូនដំណឹង​ថា នៅ​ព្រលឹម​ស្រាងៗ​ថ្ងៃទី ២៣ ខែកញ្ញា ព្រះអាទិត្យ​នឹង​រះ​តាម​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​។ លោក អ៊ឹម សុខ​រិទ្ធី អ្នកស្រាវជ្រាវ​បុរាណវិទ្យា និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ពន្យល់ថា ព្រះអាទិត្យ​រះ​ឡើង​តាម​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នេះ មិនមែនជា​របកគំហើញ​ថ្មី​នោះទេ តែ​ជា​បទ​សិក្សា​ដែល​អ្នកស្រាវជ្រាវ​ធ្លាប់​បានធ្វើ​ឡើងជា​បន្តបន្ទាប់​ខ្លះៗ​មកហើយ​។ លោក​បន្តថា បទ​សិក្សា​នោះ គឺជា​ការស្វែងយល់​អំពី​ទំនាក់ទំនង​រវាង​សំណង់​ស្ថាបត្យកម្ម​បុរាណ​និង​តារាសាស្ត្រ ដើម្បី​បញ្ជាក់ថា វា​មិនមែន​ជាហេតុ​ចៃដន្យ ឬ​ជា​អព្ភូត​ហេតុអ្វី​នោះទេ តែ​នេះ​ជាការ​ដឹង​ជាមុន​ផ្នែក​តារាសាស្ត្រ​នៃ​អ្នកប្រាជ្ញ​បុរាណ​ដែល​ដឹកនាំ​កសាង​ប្រាសាទអង្គរវត្ត​។​

​លោក អ៊ឹម សុខ​រិទ្ធី ពន្យល់​បន្ថែមថា ជាដំបូង​គេ​ត្រូវ​សិក្សា​ពី​ទម្រង់​នៃ​ចក្រ​វា​ឡ​ទូទៅ ហើយ​ធៀប​នឹង​ស្ថាបត្យកម្ម​នៃ​ប្រាសាទអង្គរវត្ត​។ អ្នកប្រាជ្ញ​បុរាណ បានរៀបចំ​អង្គរវត្ត​ស្នង​ឲ្យ​រូបភាព​បង្រួម​របស់​ចក្រ​វា​ទ្ប នៅលើ​ផែនដី​តាម​ទម្រង់​រូបវន្ត ដូចជា​ការរៀបចំ​ឲ្យ​មាន​មហាសមុទ្រ​និង​ជួរ​ភ្នំ​ព័ទ្ធជុំវិញ មាន​ទ្វីប​ទាំង​បួន​នៅក្នុង​ចក្រ​វា​ទ្ប និង​ភ្នំ​ព្រះ​សុមេរុ​នៅ​ចំ​កណ្តាល ព្រមទាំង​ដំណើរ​វិវត្តន៍​របស់​ច​ក្រ​វា​ទ្ប​ជាដើម​។

​បើតាម​អាជ្ញាធរ​អប្សរា សម​រាត្រី​ជាក់ស្តែង​នា​ខែកញ្ញា ឆ្នាំ​២០១៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកញ្ញា វេលា​រសៀល​ម៉ោង​២០​និង​០២​នាទី ម៉ោង​សកល ដែល​ត្រូវ​នឹង​វេលា​នៅ​ស្រុក​ខ្មែរ នាពេល​ទៀបភ្លឺ​ថ្ងៃទី ២៣ ខែកញ្ញា ម៉ោង​៣​និង​០២​នាទី​។ ប៉ុន្តែ​ព្រឹ​ត្ត​ការណ៍​នៃ​ព្រះអាទិត្យ​រះ​ទ្បើង​តាម​និង​ចំ​កំពូល​កណ្តាល​ប្រាសាទអង្គរវត្ត នឹង​កើត​ទ្បើង​នៅ​ព្រឹក​ព្រលឹម​ស្រាងៗ​នា​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧៕


Tag:
 អាជ្ញាធរ​អប្សរា​
  ប្រាសាទអង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com