ជាតិ
ប្រទះឃើញ​គ្រាប់បែក ១ គ្រាប់​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ នៅ​ថ្ងៃ​ភ្ជុំបិណ្ឌ​
21, Sep 2017 , 4:10 pm        
រូបភាព
ដោយ:
​គ្រាប់បែក​១​គ្រាប់​ត្រូវ បាន​សន្តិសុខ​ការពារ​ម៉ូតូ ប្រទះឃើញ​នៅ​កន្លែង​ផ្ញើរ​ម៉ូតូ​ក្នុង​មន្ទីរពេទ្យ​ជោ​រ៉ៃ កាលពី​យប់​ថ្ងៃទី​២០ ខែកញ្ញា ដែលជា​ថ្ងៃ​ភ្ជុំបិណ្ឌ​។​



​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ជា​អ្នកនាំពាក្យ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មានប្រសាសន៍​នៅ​ថ្ងៃទី​២១ កញ្ញា ថា ករណី​រកឃើញ​គ្រាប់បែក​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ ដែល​ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ មិនមែនជា​ការដាក់​ប​ង្កៃ​ឲ្យ​ផ្ទុះ ឬក៏​ប៉ុនប៉ង​ធ្វើ​ឲ្យ​ផ្ទុះ​នោះទេ ប៉ុន្តែ​ករណីនេះ​ជាការ​កាន់កាប់​គ្រឿងផ្ទុះ​ដោយ​ខុសច្បាប់​។ លោក បាន​បន្តទៀតថា តាម​ការស្រាវជ្រាវ​ជំហាន​ដំបូង មុខសញ្ញា​ដែលជា​ម្ចាស់​ម៉ូតូ​ត្រូវបាន​បងថ្លៃ ឲ្យ​យក​គ្រាប់បែក​នេះ ទៅ​បន្ទាយ​នៅ​ខាងលិច​កំពង់ស្ពឺ ម្ដុំ​ត្រែងត្រយឹង កំពង់​សិលា​។ «​តែដោយសារ​ឪពុក​ឈឺ​ធ្ងន់​នៅ​មន្ទីរពេទ្យ​ជោ​រ៉ៃ ម្ចាស់​ម៉ូតូ​បានដាក់​គ្រាប់បែក​នៅក្នុង​ខ្លុប​ម៉ូតូ​ស្កុប​ពី​រុំ​ស្កុ​ត​ពី​ក្រៅ ហើយ​ដោយសារតែ​ប្រ​ញ៉ាប់​ចូលទៅ​មើល​ឪពុក​កំពុង​ឈឺ ពេលដែល​យក​ម៉ូតូ​ទៅ​ផ្ញើ​ក៏​មិនបាន​ដក​សោ​ម៉ូតូ​នោះទេ​។ សន្តិសុខ​ដែល​យាម​ការពារ​នៅ​មន្ទីរពេទ្យ ពេល​ឃើញ​សោរ​នៅជាប់​ម៉ូតូ ក៏បាន​យក​សោរ​ម៉ូតូ​ទៅ​ចាក់​បើក​ខ្លុប​ម៉ូតូ​ដើម្បី​ឆែក​មើល​ក្រែង​មាន​សម្ភារ​សំខាន់​ត្រូវយក  ជួន​ជា​ចៃដន្យ​ក៏បាន​ឃើញ​គ្រាប់បែក​ពណ៌​ខ្មៅ​រុំ​ស្កុ​ត​ពី​ក្រៅ បន្ទាប់មក​ក៏បាន​ទម្លាក់​វា​នៅ​ជិត​ម៉ូតូ​នោះ ហើយ​ស្រែកថា​ប្រទះឃើញ​គ្រាប់បែក​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ​។ 

​អគ្គ​ស្នងការរង​នគរបាលជាតិ​រូបនេះ​បន្ថែមទៀតថា សមត្ថកិច្ច​ក៏បាន​ទៅយក​គ្រាប់បែក​នោះមក​រក្សាទុក ចំពោះ​ករណីនេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្តទៀត ដើម្បី​រក​ឲ្យ​ឃើញ​ពិត​ប្រាកដថា​ប្រភព​គ្រាប់បែក​ហ្នឹង​មកពីណា គោលដៅ​ទៅណា​។ បច្ចុប្បន្ន​កម្លាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់​មុខសញ្ញា​ដែលជា​ម្ចាស់​ម៉ូតូ និង​ហៅ​សន្តិសុខ ដើម្បី​មក​ធ្វើការ​បំភ្លឺ និង​ស៊ើបអង្កេត​បន្តទៀត​។ នេះ​បើតាម​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ​។​






Tag:
 គៀត ច័ន្ទ​ថា​រិ​ទ្ធ​
  ​គ្រាប់បែក​
© រក្សាសិទ្ធិដោយ thmeythmey.com