ជាតិ
កូនស្រី​ឯ​.​ឧ កឹម សុខា រម្លឹក​អនុស្សាវរីយ៍​ជុំគ្នា​ជាមួយ​ឪពុក​កាលពី​ឆ្នាំមុន​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​
21, Sep 2017 , 8:59 pm        
រូបភាព
ដោយ:
​ស្រប​ពេលដែល​ប្រជាជន​ខ្មែរ កំពុង​ជួបជុំ​គ្រួសារ សាច់ញាតិ បងប្អូន ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ កូនស្រី​របស់​ឧ​ត្ត​ម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ភាព​សោកសៅ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅពេលដែល​ខ្លួន​ឃ្លាត​ឪពុក​អំឡុង​ពិធីបុណ្យ​ដ៏​ធំ​របស់​កម្ពុជា​នេះ​។​



​ភាព​សោកសៅ ដែល​កញ្ញា កឹម សម្មា​ធីតា កូន​របស់​ឯកឧត្តម កឹម សុខា បង្ហាញ​នៅលើ​បណ្តាញ​សង្គម​នោះ គឺ​រូបភាព​ទទួលទាន​អាហារ​ជុំគ្នា​ជាមួយ​ឪពុក ម្តាយ បងស្រី​( កញ្ញា កឹម មនោ​វិទ្យា​) និង​រូប​ខ្លួន កាលពី​រដូវ​ភ្ជុំ​ឆ្នាំមុន​។​«​រូបភាព​កាលពី​ភ្ជុំបិណ្ឌ​ឆ្នាំមុន ខ្ញុំ​និង​ក្រុមគ្រួសារ​បាន​យក​ចំណីអាហារ​ទៅ​ទទួលទាន​ជុំគ្នា​ជាមួយ​ឪពុក​នាង​ខ្ញុំ ដែល​ជាប់​នៅក្នុង​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​។ ឆ្នាំនេះ​កុំថាឡើយ​ដល់​បាន​ពិសារ​ជុំគ្នា គ្រាន់តែ​សម្លេង​ក៍​មិន​បានឮ​ផង​»​។ នេះ​ជាការ​អត្ថាធិប្បាយ​របស់​កញ្ញា កឹម សម្មា​ធីតា អម​ជាមួយ​រូបភាព​ផងដែរ​។

​សូម​រម្លឹកថា  ឯកឧត្តម កឹម សុខា ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​ពាក់កណ្តាល​អធ្រាត្រ​ថ្ងៃទី​២ ចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ នៅផ្ទះ​របស់លោក​នៅ​សង្កាត់​បឹងកក់ ២ ខណ្ឌទួលគោក​។ ក្រោយ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បកស្រាយ​ដោយ​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ថា ជា​ជន​ក្បត់ជាតិ ដែល​ស្តាប់​បញ្ជា​អាមេរិក ដើម្បី​ធ្វើ​ផែនការ​ផ្តួលរំលំ​រដ្ឋាភិបាល​។ សម្តេច​លើកឡើង​ដូច្នេះ ដោយ​សម្តេច​យោងទៅលើ​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា កាលពី​ឆ្នាំ ២០១៣ នៅ​ប្រទេស​អូស្ត្រាលី នៅក្នុង​វីដេអូ​ឃ្លី​ប  ដែល​ត្រូវបាន​ផ្សាយ​ដោយ​បណ្តាញ​មួយ ឈ្មោះ CBN (Cambodian Broadcasting Network)​។

​ក្រោយពី​ប្រមុខ​រដ្ឋាភិបាល​បកស្រាយ​ថា ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ នៅ​ថ្ងៃទី ៥ ខែកញ្ញា តុលាការ​បានសម្រេច​ចោទប្រកាន់​ឯកឧត្តម កឹម សុខា ពី​អំពើ​ក្បត់ជាតិ ទាក់ទង​នឹង​បទល្មើស​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​។ បច្ចុប្បន្ន​ឯកឧត្តម កឹម សុខា កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​៕


Tag:
 កឹម សម្មា​ធីតា​
  កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com