ថៃ៖ ស្ថាប័ន TCEB របស់រដ្ឋាភិបាលថៃ (Thailand Convention and Exhibition Bureau) បានបើកកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារទេសចរណ៍ពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា វៀតណាម និងឡាវ (CLMV) ដើម្បីរកដំណោះស្រាយរួមគ្នាមួយ ក្នុងការពង្រីកទីផ្សាទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ទាំង៥នេះបន្ថែមទៀត។
ប្រធាននាយកដ្ឋានផលិតផលក្នុងស្រុកថៃ នៃស្ថាប័នTCEB លោក Puripan Bunnag បាននិយាយថា ការរៀបចំកិច្ចប្រជុំ CLMVT នេះឡើង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៥ ដើម្បីលើកកម្ពស់ទីផ្សារ MICE (Meeting ,Incentive ,Conference ,Exhibit / Event) តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារទេសចរក្នុងប្រទេសនីមួយៗ។
ថ្លែងក្នុងកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារទេសចរណ៍ពី CLMV នៅទីស្នាក់ការTCEB នាទីក្រុងបាងកក កាលពីថ្ងៃទី១៩ កញ្ញា លោក Purinpan Bunnag បានបន្ថែមថា៖« មូលហេតុដែលភាគីថៃ ផ្ដួចផ្ដើមរៀបចំកិច្ចពិភាក្សារួមគ្នានេះ គឺដើម្បីជំរុញឲ្យប្រទេសទាំង៥ អាចធ្វើការរួមគ្នា ក្នុងការបើកចំហរទីផ្សារទេសចរណ៍ឲ្យកាន់តែទូលំទូលាយ និងការផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញ នៅក្នុងតំបន់ទេសចរណ៍ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) ដែលអាចជាការទាក់ទាញភ្ញៀវទេសចរណ៍ ឫអ្នកវិនិយោគគិន ឬអតិថិជន ពីគ្នាទៅវិញទៅមក»។
នៅក្នុងកិច្ចប្រជុំCLMVT ដែលមានតំណាងទីភ្នាក់ងារទេសចរណ៍ជាង២០នាក់មកពីស្ថាប័នផ្សេងៗគ្នានោះ បានចំណាយពេលជាង២ម៉ោង ក្នុងការជជែកវែកញែកពីគុណវិបត្តិ និងគុណសម្បត្តិនៃកិច្ចសហការគ្នានេះ ។ ប៉ុន្តែមិនទាន់មានលទ្ធផលជាផ្លែផ្កា ដើម្បីកំណត់ទិសដៅរួមគ្នាមួយ ក្នុងការអនុវត្តការងារជាមួយគ្នា ឲ្យសមស្របតាមលក្ខខណ្ឌប្រទេសនីមួយៗនៅឡើយទេ។ តែយ៉ាងណាភាគីថៃ កម្ពុជា ឡាវ មីយ៉ានម៉ា និងថៃ (CLMVT) ក៏បានឯកភាពគ្នា គ្រោងបង្កើតគណៈកម្មាធិការរួមគ្នា ដើម្បីកំណត់ទិសដៅក្នុងការដាក់របៀបវារៈ និងលក្ខខណ្ឌថា ភាគីទាំងអស់ត្រូវទទួលខុសត្រូវលើកិច្ចការងារទីផ្សារទេសចរណ៍(CLMVT)នេះយ៉ាងម៉េច? តើត្រូវអនុវត្តបែបណា ដើម្បីទទួលបានផលប្រយោជន៍ទាំងអស់គ្នា ពីទីផ្សារ MICE នេះ។
បើតាមលោក Puripan Bunnag ភាគីថៃនឹងរៀបចំកិច្ចប្រជុំ CLMVT បន្តបន្ទាប់ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅពង្រីកទីផ្សារទេសចរណ៍ (MICE)រវាងប្រទេសទាំង៥នេះ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) និងទទួលបន្ទុកកិច្ចការតំបន់ទន្លេមេគង្គ (GMS) លោក ឈួន សម្បត្តិ ដែលបានចូលរួមកិច្ចប្រជុំCLMVT នេះ ចាត់ទុកដំណើការផ្ដួចផ្ដើមនៃកិច្ចពិភាក្សារកដំណោះបើកចំហទីផ្សារទេសចរណ៍បន្ថែមនេះ គឺជារឿងមួយល្អសម្រាប់ប្រទេសកម្ពុជា និងប្រទេសទាំង៤ទៀតផងដែរ។ ប៉ុន្តែលោក ឈួន សម្បត្តិ ក៏មានមតិស្នើឲ្យការរៀបចំគណៈកម្មាធិការមួយ ដែលគ្រោងបង្កើតនាពេលខាងមុខនោះ ត្រូវមានតម្លាភាព និងអាចទទួលបានផលប្រយោជន៍ដោយស្មើភាពគ្នា។
«បើមានការផ្ដើមពីឥឡូវនេះ ហើយមានការវិវដ្តនៃការប្រជុំ និងការសហការគ្នាបានល្អ យើងអាចរំពឹងថា ទីផ្សារMICE សម្រាប់ស្រុកខ្មែរ វានឹងមានការរីកចម្រើនសម្រាប់ប្រទេសយើង។ ការពិតបើទោះជាខាងប្រទេសថៃ គេមានធនធាន មានសក្ដានុពលជាងយើង មានអ្វីៗល្អជាងយើង ក៏ប៉ុន្តែផ្ដើមចេញពីការងារពង្រីកទីផ្សារMICEនេះ យើងសង្ឃឹមថា លំហូរភ្ញៀវ លំហូរប្រាក់ចំណូល ដែលចូលមកស្រុកខ្មែរតាមរយៈការងារនេះគឺមានការរីកចម្រើនខ្លាំង »។ នេះបើតាមលោក ឈួន សម្បត្តិ ដែលបានបន្ថែមថា ទីផ្សារMICEនេះ ក៏នឹងផ្ដល់ឱកាសល្អដល់វិស័យឯកជនផងដែរ។
គួរបញ្ជាក់ថា ស្ថាប័ន TCEB (Thailand Convention and Exhibition Bureau) ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលថៃ កាលពីឆ្នាំ២០០២ ដើម្បីទទួលខុសត្រូវលើទីផ្សារMICE សម្រាប់បង្កើតយុទ្ធសាស្ត្រ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសថៃ។ ហើយនៅឆ្នាំ២០០៤ ស្ថាប័ន TCEB (Thailand Convention and Exhibition Bureau) បានចាប់ផ្ដើមអនុវត្តការងារលើទីផ្សារMICE នេះ ដោយបានរកចំណូលរាប់រយលានដុល្លារសម្រាប់ប្រទេសថៃផងដែរ។
ពាក្យកត់សម្គាល់៖
ទីផ្សារMICE ឬទីផ្សារទេសចរណ៍ MICE ៖ ( Meeting ,Incentive ,Conference ,Exhibit / Event) គឺសំដៅទៅលើសេវារៀបចំទេសចរណ៍ សម្រាប់ក្រុមទេសចរពិសេស ដែលបានរៀបចំគម្រោងអ្វីមួយ ក្នុងការកក់កន្លែងស្នាក់នៅ ការធ្វើសន្និសីទកាសែត សិក្ខាសាលា និងផ្សព្វផ្សាយជំនួញ ឫសកម្មភាពព្រឹត្តិការណ៍ផ្សេងៗ នៅក្នុងទីកន្លែងណាមួយជាលក្ខណៈជាតិ និងអន្តរជាតិ ឬ នៅក្នុងប្រទេស និងក្រៅប្រទេស។ ទីផ្សារទេសចរណ៍ MICE គឺជាប្រភេទឧស្សាហកម្មអន្តរជាតិមួយ ដែលទាក់ទងទៅនឹងការសម្របសម្រួលរៀបចំទទួលការចាត់ចែង និងផ្សព្វផ្សាយនៃបណ្ដាញអាជីវកម្មទេសចរណ៍ (Tourism Business) ជាមួយនឹងអាជីវកម្មដទៃទៀត (Business B2B) ឬអាជីវកម្មទេសចរណ៍ (Tourism Business) និងអ្នកប្រើប្រាស់សេវាកម្មទេសចរណ៍ (Tourism Consumer B2C) តាមរយៈស្ថាប័នរដ្ឋក្នុងប្រទេសមួយ ឬទីភ្នាក់ងារសមាគមន៍ទេសចរណ៍ និងវិស័យឯកជនទេសចរណ៍ជាដើម។
MICE គឺជាប្រភេទទេសចរណ៍បែបថ្មី ដែលកំពុងពេញនិយមនៅលើពិភពលោក។ ហើយបើនិយាយឲ្យចំទៅ MICE គឺជាប្រភេទទេសចរណ៍ដែលសំដៅលើការជួបប្រជុំ(Meeting) ការកំសាន្តដែលបានផ្តល់ឲ្យដោយសហគ្រាសឬក្រុមហ៊ុនណាមួយក្នុង១ឆ្នាំ ឬច្រើនឆ្នាំម្តងដល់បុគ្គលិកឬកម្មកររបស់គេ (Incentive) ,ការរៀបចំប្រារព្វធ្វើសន្និសិទជាតិឬអន្តរជាតិ (Conference) ឬព្រឹត្តការកំសាន្តសប្បាយ (Event) ដើម្បីទាក់ទាញអតិថិជនឬមហាជនផ្សេងៗ ដែលទាមទាឲ្យមានរៀបចំយ៉ាងច្បាស់លាស់និងប្រាកដជាក់លាក់ពីក្រុមហ៊ុនជំនាញណាមួយ។ ឧទាហរណ៍៖ ការរៀបចំពិពណ៌អន្តរជាតិអំពីផលិតផលអ្វីមួយ ,ការផ្តល់មេដាយ ឬការផ្តល់ប័ណ្ណសរសើរជាលក្ខណៈអន្តរជាតិ ,ការរៀបចំការកំសាន្តដល់បុគ្គលិករបស់ស្ថាប័ន្តណាមួយ ឬការរៀបចំមហោស្រព...ជាដើម៕