អន្តរជាតិ
កូរ៉េខាងជើង​មាន​មី​ស៊ី​លបាញ់​ដល់​អាមេរិក តែ​មិន​ប្រាកដថា​អាច​ប្រើ​ជាមួយ​នុយក្លេអ៊ែរ​បានទេ​ ​
22, Sep 2017 , 9:39 pm        
រូបភាព
កូរ៉េខាងជើង​ត្រូវគេ​ជឿថា​មាន​មី​ស៊ី​ល​ដែល​អាច​បាញ់​ដល់​ទឹកដី​អាមេរិក បើ​មិន​ទាំងមូល ក៏​ផ្នែក​ភាគច្រើន​ដែរ​។ អាមេរិក​បារម្ភ​ថា ការគំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​នឹង​កើនឡើង​ខ្លាំង​ជាង​នេះ បើ​បណ្ដោយ​ឲ្យ​រដ្ឋ​ក្បាលរឹង​ឯកោ​មួយ​នេះ​បន្ត​មហិច្ឆតា​អភិវឌ្ឍ​នុយក្លេអ៊ែរ ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​បាន​នោះ​។ យ៉ាងណាក្ដី កូរ៉េខាងជើង​អាច​ត្រូវការ​ពេល​ច្រើន​ទៀត​ដើម្បី​សម្រេច​បំណង ទោះជា​ពេលនេះ​ខ្លួន​មាន​មី​ស៊ី​ល​រំលង​ទ្វីប​ដ៏​មាន​ឥទ្ធិពល​ក៏ដោយ​។​



​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​ពីរដង​ក្នុង​ខែកក្កដា ហើយ​មី​ស៊ី​ល​ដែល​បាញ់​ចុងក្រោយ​គេ ត្រូវបាន​អះអាងថា​មាន​សមត្ថភាពរ​ត់ដល់​ឆ្នេរ​ខាងលិច​របស់​អា​មេ​រិ​កេ​ណោះ​។ មី​ស៊ី​ល​នោះ អាចជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​ធុន Hwasong-14 ដែល​ត្រូវបាន​ប៉ាន់​ស្មានថា​ហោះ​បាន​ចម្ងាយ​លើស​មួយ​ម៉ឺន​គីឡូម៉ែត្រ​។ ការបាញ់​មី​ស៊ី​ល​លើក​នេះ ក៏​នាំ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង​ចំពោះ​ទង្វើ​ព្រហើន​នេះ​។​

​ទោះជា​មាន​មី​ស៊ី​ល​រំលង​ទ្វីប​ក៏ដោយ ក៏​មិនមែន​ន័យ​ថា​កូរ៉េខាងជើង​អាច​ប្រើប្រាស់​វា​ជាមួយ​គ្រាប់​នុយក្លេអ៊ែរ​បានដែរ ហើយក៏​មិន​ប្រាកដថា​អាច​បាញ់​ដល់​ទឹកដី​អាមេរិក​ដែរ​។ ក្រុង​ព្យុងយ៉ាង​ទើបតែ​ប្រកាស​ពី​ជោគជ័យ​ក្នុងការ​សាកល្បង​គ្រាប់​អ៊ីដ្រូសែន​ដ៏​មាន​ឥទ្ធិពល ហើយ​មាន​អានុភាព​ខ្លាំង​ជា​គ្រាប់បែក​អា​មេ​រិម​ទម្លាក់​លើ​ជប៉ុន​ទៅទៀត​។ គេ​នៅតែ​សង្ស័យថា គ្រាប់​អ៊ីដ្រូសែន​នោះ​ពិត​ជាមាន​ឥទ្ធិពល​ខ្លាំង​មែនឬ​យ៉ាង​ទេ តែ​ការសាកល្បង​នេះ​បង្ហាញ​ពី​ការរីកចម្រើន​របស់​កូរ៉េខាងជើង​។​

​លើសពីនេះ ក្រុង​ព្យុងយ៉ាង​ក៏ត្រូវ​អភិវឌ្ឍ​ក្បាល​គ្រាប់​តូច​ល្មម​ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​។ ពោលគឺ​ក្បាល​គ្រាប់​កាន់តែ​តូច មី​ស៊ី​ល​ក៏​ហោះ​បាន​កាន់តែ​ឆ្ងាយ​ដែរ​។ កាលពី​ឆ្នាំ​២០១៦ សារព័ត៌មាន​កូរ៉េខាងជើង​បានបង្ហាញ​រូបភាព​លោក គីម ជុង​អ៊ុន ឈរ​ក្បែរ​ក្បាល​គ្រាប់​ដែល​គេ​ជឿថា ជា​ក្បាល​គ្រាប់​សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​។ អ្នកជំនាញ​នុយក្លេអ៊ែរ រួមទាំង​ចារកម្ម​អាមេរិក​ផង​នោះ​និយាយថា កូរ៉េខាងជើង​អាច​ផលិត​គ្រាប់បែក​ដែល​អាច​តូច​ល្មម​សម្រាប់​មី​ស៊ី​លហើយ​។​

​ក្រៅពី​ការផលិត​បាន​គ្រាប់បែក​ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​បាល កូរ៉េខាងជើង​ត្រូវការ​បច្ចេកវិទ្យា សម្រាប់​បំពាក់​លើ​មី​ស៊ី​ល​រំលង​ទ្វីប​របស់ខ្លួន គឺ​បច្ចេកវិទ្យា​នាំ​មី​ស៊ី​ល​ចូល​បរិយាកាស​ឡើងវិញ (Re-entry)​។ វា​ជា​រឿង​ងាយស្រួល​ក្នុងការ​បាញ់​មី​ស៊ី​ល​សំដៅ​បរិយាកាស តែ​អ្វីដែល​ពិបាក គឺ​ធ្វើយ៉ាងណា​ឲ្យ​មី​ស៊ី​ល​នោះ​ធ្លាក់ចុះ​មកវិញ​។ កូរ៉េខាងជើង​មិនទាន់មាន​សមត្ថភាព​ខ្ពស់​លើ​បច្ចេកវិទ្យា​នេះ​ទេ តែ​ការសាកល្បង​មី​ស៊ី​ល​ច្រើនលើកច្រើនសារ នឹង​ពង្រឹងសមត្ថភាព​នេះ​កាន់តែ​ប្រសើរ​ឡើយ​។​

​មាន​មី​ស៊ី​ល​រំលង​ទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​អាច​បំពាក់​គ្រាប់​នុយក្លេអ៊ែរ​ក៏​ខ្លាំង​រួចហើយនោះ កូរ៉េខាងជើង​ក៏ត្រូវ​ឆ្លង​ឧបសគ្គ​ចុងក្រោយ​មួយទៀត គឺ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​។ អាមេរិក​បាន​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស​ជាច្រើន​ប្រភេទ​នៅក្បែរ​ឧបទ្វីប​កូរ៉េ​ដើម្បី​ការពារ​ខ្លួន​។ គេ​ឃើញ​មាន​ប្រព័ន្ធ​ការពារ THAAD នៅ​កូរ៉េខាងត្បូង និង​នៅ​កោះ​ហ្គា​ម ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​បំពាក់​លើ​នាវា Aegis នៅ កូរ៉េ ខាង ត្បូង​ដែរ​។ នៅ​ជប៉ុន​អាមេរិក​ក៏មាន​ប្រព័ន្ធ​ការពារ Patriot ដ៏​មាន​ឥទ្ធិពល​ដូចគ្នា​ដែរ​៕   


© រក្សាសិទ្ធិដោយ thmeythmey.com