ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាន ប្រាប់​មន្ត្រី​ខ្លួន​ឲ្យ​ប្រយ័ត្ន​ចំពោះ​មេរោគ​កាច​សាហាវ ដែល​កំពុង​វត្តមាន​នៅក្នុង​ព្រៃ​ឡង់​
22, Sep 2017 , 6:30 pm        
រូបភាព
ភ្នំពេញ​៖ ក្រសួងបរិស្ថាន បាន​ប្រាប់​ឲ្យ​មន្ត្រី​ខ្លួន ដែល​អនុរក្ស​នៅ​តំបន់​ព្រៃ​ឡង់ ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ​កាច​សាហាវ​ម្យ៉ាង ដែល​កំពុងមាន​វត្តមាន​នៅ​ទីនោះ​។ ការណែនាំ​បែបនេះ ធ្វើឡើង​បន្ទាប់ពី​មាន​ករណី​ផ្ទុះ​ជំងឺឆ្លង​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ព្រៃ​ឡង់ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ធំ​កន្លងមកនេះ​។​


 
​ក្រោយពី​មាន​ករណី​ជំងឺគ្រុនចាញ់ ដែល​បណ្ដាល​ឲ្យ​មន្ត្រី​អនុរក្ស​ម្នាក់ ស្លាប់​នៅ​ខេត្តស្ទឹងត្រែង​នោះ ស្រាប់​តែមាន​ករណី​ផ្ទុះ​ជំងឺ​ហើម​សាច់ដុំ (​ហើម​ដៃ ជើង និង​បំពង់ក​) ដែល​បាន​បណ្ដាល​ឲ្យ​មន្ត្រី​អនុរក្ស​ម្នា​ក់នៅ​ខេត្តកំពង់ធំ​ម្នាក់​ស្លាប់ កាលពី​ថ្ងៃទី​២១ កញ្ញា និង​មន្ត្រី​ចំនួន​១២​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​។ ជំងឺ​ហើម​នេះ ក៏​កំពុង​យាយី​ដល់​អាយុជីវិត​របស់​ប្រជាជន​មួយចំនួនទៀត នៅក្នុង​តំបន់​ព្រៃ​ឡង់​នោះដែរ​។ នេះ​បើតាម​ក្រសួងបរិស្ថាន​។​
 
​ចំពោះ​បញ្ហា​នេះ​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹង​មូល​ហេតុថា តាមរយៈ​សង្កេត និង​ការសន្និដ្ឋាន​ជាបឋម​របស់​គ្រូពេទ្យ​ជំនាញ ជំងឺ​ហើម​សាចដុំ​នេះ​បង្កឡើង​ដោយ​ប្រភេទ​ប៉ារ៉ាស៊ីត​ម្យ៉ាង ឆ្លង​ចូលទៅក្នុង​ខ្លួន​មនុស្ស​តាមរយៈ​ការបរិភោគ​សាច់សត្វ ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ និង​ការប្រើប្រាស់​ទឹក​តាម​ដងអូរ​ក្នុងព្រៃ ហើយ​ប៉ារ៉ាស៊ីត​ដ៏​កាច​សាហាវ​នេះ កំពុងមាន​វត្ត​មាននៅ​ក្នុង​តំបន់​ព្រៃ​ឡង់​។ 
 
​សេចក្តីណែនាំ​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២២ កញ្ញា​នេះ បានបញ្ជាក់​ដូច្នេះ​ថា​៖​ចំពោះ​មន្ត្រី​អនុរក្ស ដែល​កំពុង​ប្រចាំការ​បំពេញភារកិច្ច​នៅតាម​តំបន់ការពារធម្មជាតិ​ទាំងអស់ គឺ​ត្រូវ​ណែនាំ​ពួកគាត់​កុំ​ឲ្យ​បរិភោគ​សាច់សត្វ​ដែល​ចម្អិន​មិនបាន​ឆ្អិន​ល្អ ត្រូវ​បរិភោគ​ទឹក​ដាំ​ពុះ ដែល​ធានាថា​នឹងមាន​សុវត្ថិភាព និង​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ការយាយី​សត្វ​ចម្លងជំងឺ​នានា ជាពិសេស​មូស​ដែកគោល ដែល​បង្ក​ឲ្យ​កើត​ជំងឺគ្រុនចាញ់​»​។​
 
​ជាមួយគ្នានេះ​ក្រសួងបរិស្ថាន ក៏​ណែនាំ​ឲ្យ​ប្រធាន​មន្ទី​បរិស្ថាន ចាត់វិធានការ​ជាបន្ទាន់​ក្នុង​ជួយ​ដល់​ការការពារ និង​ថែរក្សា​សុខភាព និង​សុវត្ថិភាព​ដល់​មន្ត្រីរាជកា​រ​ក្រោម​ឱវាទ​របស់ខ្លួន​ផងដែរ​៕
 
 
 
 
 

Tag:
 បរិស្ថាន​
 ​ព្រៃ​ឡង់​
© រក្សាសិទ្ធិដោយ thmeythmey.com