ជាតិ
ក្រសួងពាណិជ្ជកម្ម​៖ សហគមន៍​អឺរ៉ុប​កំពុង​ចាប់អារម្មណ៍​ខ្លាំង ចំពោះ​ការ​រចនា​ម៉ូត​សម្លៀកបំពាក់​របស់​កម្ពុ​ជា
22, Sep 2017 , 10:39 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
​បណ្ដា​ប្រទេស​សហគមន៍​អឺរ៉ុប អាមេរិក និង​អាស៊ី​ជាច្រើន បាន​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍ ចំពោះ​វត្តមាន​សម្លៀកបំពាក់​ក​ម្ពុ​ជា ដែល​បាន​រចនា​ម៉ូត​បែប​ទាន់សម័យ​មិន​ចាញ់​សហគមន៍​អឺរ៉ុប​ឡើយ​។ កម្ពុជា បាន​នាំ​សម្លៀកបំពាក់​ច្នៃ​ម៉ូត​កម្រិត​អន្តរជាតិ ដែលជា​ស្នាដៃ​កូន​ខ្មែរ ចូលរួម​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ «APPAREL SOURCING PARIS 2017» នៅ​ប្រទេស​បារាំង កាលពី​ថ្ងៃទី ២០ កញ្ញា​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​។​



ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ «APPAREL SOURCING PARIS 2017» នៅ​ទីក្រុង​ប៉ារីស​នេះ ក្រុមហ៊ុន​ឌី​ហ្សា​ញ​ម៉ូត និង​កាត់ដេរ​សម្លៀកបំពាក់ NATACHA VAN តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​នាំ​សម្លៀកបំពាក់​ច្នៃ​ម៉ូត​កម្រិត​អន្តរជាតិ ជា​ស្នាដៃ​កូន​ខ្មែរ ចូលរួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត «READY-TO-WEAR CATWALK SHOW»​។ បើតាម​ក្រសួងពាណិជ្ជកម្ម ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នេះ បានធ្វើ​ឲ្យ​បណ្ដា​ប្រទេស​អឺរ៉ុប អាមេរិក និង​អាស៊ី មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​វត្តមាន​សម្លៀកបំពាក់​ក​ម្ពុ​ជា ដែល​រចនា​ម៉ូត​របស់​ស្នាដៃ​កូន​ខ្មែរ បែប​ទាន់សម័យ​មិន​ចាញ់​សហគមន៍​អឺរ៉ុប​ឡើយ​។



ក្នុង​កម្មវិធី​បង្ហាញ​ម៉ូត​នោះ មានការ​ចូលរួម​ពី​បណ្ដា​ប្រទេស​មកពី​សហគមន៍​អឺរ៉ុប កម្ពុជា វៀតណាម និង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ជាមួយគ្នានេះ ការបង្ហាញ​ម៉ូត​សម្លៀកបំពាក់​របស់​កម្ពុ​ជា ត្រូវ​បានទទួល​ការចាប់អារម្មណ៍​ខ្លាំងជាងគេ ដោយ​អ្នកទស្សនា​ទាំងអស់​បាន​ទះដៃ​អបអរ តាំងពីដើម​ដំបូង​រហូត​ដល់​បញ្ចប់​។ នេះ​បើតាម​ក្រសួងពាណិជ្ជកម្ម​។​



ក្រសួងពាណិជ្ជកម្ម បាន​បន្ថែមថា ម៉ូត​សម្លៀកបំពាក់​ខ្មែរ​ក្នុង​កម្មវិធី​នោះ ត្រូវបាន​មើលឃើញថា ស្អាត ទាន់សម័យ មានគុណ​ភាពល្អ ហើយ​អាច​ប្រកួតប្រជែង​បាន​ក្នុង​ទីផ្សារ​អឺរ៉ុប​ផងដែរ​។ បន្ថែម​លើ​នេះ ភាពលេច​ធ្លោ​នៃ​សម្លៀកបំពាក់​កម្ពុជា បានធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​កម្ម​វិធី​កោតសរសើរ​ដល់​កម្ពុជា​។



ទន្ទឹមនឹងនេះ ភាគ​ជោគជ័យ​នេះ នឹង​ជួយ​ឲ្យ​មានការ​គាំទ្រ និង​មាន​ការបញ្ជាទិញ​ផលិតផល​សម្លៀកបំពាក់ និង​វាយនភ័ណ្ឌ​កម្ពុជា កាន់តែ​ច្រៀ​ន​ឡើងៗ ពី​បណ្ដា​ប្រទេស​មកពី​សហគមន៍​អឺរ៉ុប អាមេរិក កាណាដា និង​អាស៊ី​ទៀតផង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងពាណិជ្ជកម្ម​៕


© រក្សាសិទ្ធិដោយ thmeythmey.com