ជាតិ
ក្រសួងបរិស្ថាន៖ រដ្ឋាភិបាល​ មាន​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​នៃរមណីយដ្ឋាន​ភ្នំ​បូកគោ​
23, Sep 2017 , 11:59 am        
រូបភាព
ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានចេញ​សេចក្ដីបំភ្លឺ ជុំវិញ​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់​រមណីយដ្ឋាន​ភ្នំ​បូកគោ មិន​ត្រូវបាន​ផ្លាស់ប្ដូរ​ឡើយ​។ ក្នុង​សេចក្ដីបំភ្លឺ​របស់​ក្រសួងបរិស្ថាន បញ្ជាក់ថា «​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ​» នៅតែ​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដដែល​ដោយ​មិនមាន​ការផ្លាស់ប្ដូរ​ទៅ​ឈ្មោះ​ផ្សេង​ឡើយ​។​



បើតាម​សេចក្ដីបំភ្លឺ​របស់​ក្រសួងបរិស្ថាន បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន   «​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ​» នៅតែ​រក្សា​ឈ្មោះ​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ដដែល​ដោយ​មិនមាន​ការផ្លាស់ប្ដូរ​ទៅ​ឈ្មោះ​ផ្សេង​ឡើយ​។  ការបំភ្លឺ​របស់​ក្រសួងបរិស្ថាន​នេះ ធ្វើឡើង​បន្ទាប់ពី​មានការ​ផ្លាស់ប្ដូរ​ផ្លាកសញ្ញា «​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​ឋានសួគ៌​»​។​

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បាន​អះអាងថា​៖  «​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា មាន​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​រក្សា​ឈ្មោះ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​រមណីយដ្ឋាន​ភ្នំ​បូកគោ ក៏ដូចជា​ឈ្មោះ​ទីតាំង​ប្រវត្តិសាស្ត្រ​របស់​រមណីយដ្ឋាន​ដទៃទៀត​នៅ​កម្ពុជា​»​។

សូមបញ្ជាក់ថា ជុំវិញ​បញ្ហា​ផ្លាស់ប្ដូរ​នេះ  ត្រូវបាន សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តកំពត ទម្លាក់​ស្លាក​សញ្ញា និង​ឈ្មោះ​ថ្មី​របស់​រមណីយដ្ឋាន​បូកគោ ទៅ​ឈ្មោះ​ដើម​វិញ​ឲ្យ​បាន​មុន​ម៉ោង​១១ នៃ​ថ្ងៃទី​២៣ ខែកញ្ញា​នេះ​។​

រហូតមកដល់​ពេលនេះ អភិបាល​ខេត្តកំពត លោក ចាន់ ចេស្តា  បាន​ដឹកនាំ​សមត្ថកិច្ច ទៅ​ចុះ​ដក​ផ្លាកសញ្ញា «​រមណីយដ្ឋាន សុខា​ឋានសួគ៌​» រួចរាល់​អស់ហើយ  នៅ​ម៉ោង​ជិត ១០​ព្រឹក នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ដោយ​រក្សា​ឈ្មោះ​ដើម​នៅ​ដដែល គឺ «​រមណីយដ្ឋាន ឋានសួគ៌​បូកគោ​»៕


© រក្សាសិទ្ធិដោយ thmeythmey.com