ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដក​រូប​សម្តេចក្រុមព្រះ ចេញពី​ស្លាកសញ្ញា ហើយ​ដាក់ពាក្យ​បាលី​ជំនួស​ ​
23, Sep 2017 , 1:02 pm        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះបន្ទូល ក្នុងអង្គសមាជវិសាមញ្ញ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២0១៧។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានព្រះបន្ទូល ក្នុងអង្គសមាជវិសាមញ្ញ នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២0១៧។
ដោយ: ថ្មីៗ
ភ្នំពេញ​៖ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្រេច​ដក​រូប​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពី​សញ្ញា​សម្គាល់​។ ក្រោយ​ដក​រូប​ព្រះអង្គម្ចាស់​ចេញ គណបក្ស​នេះ បាន​សរសេរ​ពាក្យ​ថា «​ឧម​» ដែលជា​ភាសាបាលី ក្នុងព្រហ្មញ្ញសាសនា ចូលទៅក្នុង​សញ្ញា​សម្គាល់​។​



រូប​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបាន​ដកចេញ​ពី​សញ្ញា​សម្គាល់ (logo) របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ការសម្រេច​បែបនេះ គឺធ្វើឡើង​តាមរយៈ​សមាជ​វិសាមញ្ញ ដែល​រៀបចំឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២0១៧ ក្រោម​អធិបតីភាព​របស់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ 

លោក ញ៉េប ប៊ុនជិន ​អ្នកនាំពាក្យគណបក្ស​ហ្វ៊ុនស៊ិនប៉ិចបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ពាក្យ «​ឧម​» ដែលជា​ភាសាបាលី បែបព្រហ្មញ្ញសាសនា ត្រូវបាន​ដាក់ចូល​ទៅក្នុង​សញ្ញា​សម្គាល់ ជំនួស​ឲ្យ​រូប​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ​។ បើតាម​ការបកស្រាយរ​បស់​អ្នកនាំពាក្យ​រូបនេះ ពាក្យ «​ឧម​» គឺ​សំដៅលើ «​ប្រភព​នៃ​អំណាច​»​។     


​                                   (រូបភាពពីទំព័រហ្វេសប៊ុកឈ្មោះ «ព័ត៌មាន សម្តេចក្រុមព្រះ»)

ចំណែកឯ រូប​កាំរស្មី​ទាំង​២៥ ដែល​ស្ថិតនៅ​ពីក្រោយ​រូប​ព្រះអង្គ​មា្ច​ស់ នរោត្តម រណឫទ្ធិ នៅតែ​រក្សាទុក​ដូច​មុន ដដែល​។ កាលពីមុន រូប​កាំរស្មី​ទាំង​២៥​នេះ គឺ​តំណាង​ឲ្យ​រាជធានី​-​ខេត្ត ទាំង​២៥ នៅក្នុង​ប្រទេស​កម្ពុជា​។

ប៉ុន្តែ លោក ញ៉េប ប៊ុនជិន អះអាងថា អង្គសមាជ​វិសាមញ្ញ នា​ថ្ងៃនេះ បានសម្រេច​ប្តូរ​អត្ថន័យ​នៃ​រូប​កាំរស្មី​ទាំង​២៥ ហើយ​។ លោក បញ្ជាក់ថា ចាប់ពីពេលនេះ​តទៅ រូប​កាំរស្មី​ទាំង​២៥ គឺ​តំណាង​ឲ្យ ភាព​ស​ប្បូរ​សប្បាយ​និង​ភាពរុងរឿង របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​។ លោក និយាយ​ដូច្នេះ​ថា​៖«​បើ​យើង យក​រស្មី​ទាំង​២៥ តំណាង​ឲ្យ​រាជធានី​-​ខេត្ត​ទាំង​២៥ ក្នុង​ប្រ​ទស​កម្ពុជា ចុះ​ថ្ងៃក្រោយ បើ​គេ ពង្រីក​ឬ​បន្ថែម [​ខេត្ត​] ទៀត ឲ្យ​យើង គិត​យ៉ាងម៉េច​វិញ​? គឺ​យើង នឹងត្រូវ​កែសម្រួល​តាម​គេ​បន្ត​ទៀតហើយ​។ អ៊ីចឹង រស្មី​ទាំង​២៥​ហ្នឹង មិន​តំណាង​ឲ្យ​រាជធានី​-​ខេត្ត​ទាំង​២៥ ទៀត​ទេ គឺ​តំណាង​ឲ្យ​ភាពរុងរឿង​របស់​ប្រទេស​យើង​»​។​

ការរៀបចំ​សមាជ​វិសាមញ្ញ​ខាងលើ ដើម្បី​កែសម្រួល​សញ្ញា​សម្គាល់​គណ​បក្ស គឺធ្វើឡើង​ក្រោយពី​មានការ​ស្នើសុំ​ពី​ក្រសួងមហាផ្ទៃ​។ ក្រសួងមហាផ្ទៃ បាន​ផ្ញើលិខិត​មួយច្បាប់ ថ្វាយទៅ​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដោយ​ស្នើ​ឲ្យ​កែសម្រួល​សញ្ញា​សម្គាល់​គណ​បក្ស ឡើងវិញ ដើម្បី​ស្របតាម​ច្បាប់​ស្តីពី គណបក្សនយោបាយ​។

ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ត្រូវបាន​កែប្រែ បាន​ចែងថា គណបក្សនយោបាយ មិនអាច​យក​រូ​បរប​ស់បុ​គ្គល ទៅធ្វើជា​សញ្ញា​សម្គាល់​រប​ស់​គណបក្ស​ឡើយ ហើយ​គណបក្សនយោបាយ ក៏​មិនអាច​ប្រើ​ឈ្មោះ​របស់​បុគ្គល ទៅ​ដាក់​ជា​ឈ្មោះ​របស់​គណបក្ស​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com