អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីប្រដូច ត្រាំ និង គីម ជុងអ៊ុន ទៅនឹងក្មេងមតេ្តយ្យ
× សង្គ្រាមពាក្យសម្ដីរវាងអាមេរិក និងកូរ៉េខាងជើង បានផ្ទុះឡើងខ្លាំង ក្រោយសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្រោយពីលោក ត្រាំ គំរាមកម្ទេចកូរ៉េខាងជើងទាំងស្រុង បើនៅតែបន្តគំរាមកំហែងអាមេរិក និងសម្ព័ន្ធមិត្ត លោក គីម ជុងអ៊ុន ឯណោះក៏ចេញមុខដោយផ្ទាល់គំរាមវាយបកអាមេរិកវិញ។ រុស្សីឯណេះវិញ បានស្នើឲ្យភាគីទាំងសងរក្សាភាពស្ងៀមស្ងាត់ និងបានរិះគន់សង្គ្រាមពាក្យសម្ដីនេះ ជាសកម្មភាពកូនក្មេងទៀតផង។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បានទទូចឲ្យមេដឹកនាំអាមេរិក និងកូរ៉េខាងជើង រំងាប់កំហឹងដែលឆេះរោលរាលក្នុងពេលប៉ុន្មានថ្ងៃមកនេះ។ ប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្លោងសម្ដីដាក់គ្នាទៅវិញទៅមក រហូតដល់ថ្នាក់កូរ៉េខាងជើងគំរាមបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែនក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលស្ថិតនៅឆ្ងាយពីទឹកដីរបស់ខ្លួនទៅទៀត។ ចិន និងរុស្ស៊ី សុទ្ធតែបានស្នើឲ្យភាគីទាំងពីរបន្តការអត់ធ្មត់ឲ្យបានដាច់ខាត។
ក្នុងសន្និសីទកាសែតក្រោយថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតនៅថ្ងៃទី២២ ខែកញ្ញា លោក Lavrov ទទូចឲ្យមេដឹកនាំដែលកំពុងមានកំហឹងរក្សាជំហរស្ងៀមស្ងាត់ និងត្រូវផ្អាកការចោលពាក្យសម្ដីដាក់គ្នា ក៏ដូចជារកផ្លូវដើម្បីធ្វើទំនាក់ទំនងគ្នាផងដែរ។ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ប្រមុខការទូតរុស្ស៊ីបន្តថា៖ «យើងត្រូវស្វះស្វែងរកវិធីសាស្ត្រសមហេតុផល មិនមែនការប្រើប្រាស់អារម្មណ៍ដោះស្រាយបញ្ហាដូចក្មេងមត្តេយ្យឈ្លោះគ្នាឡើយ»។
សង្គ្រាមពាក្យសម្ដីរវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង រាលដាលខ្លាំងដោយសារសម្ដីលោក ត្រាំ ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Ri Yong-ho ដែលមានវត្តមាននៅក្រុងញូវយ៉កដែរនោះ បានព្រលយថា លោក គីម ជុងអ៊ុន ពិចារណាក្នុងការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនក្នុងកម្រិតមិនធ្លាប់មានក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីរូបនេះ មិនដឹងច្បាស់ថា មេដឹកនាំក្រុងព្យុងយ៉ាងអាចប្រថុយគ្រោះថ្នាក់នេះឬយ៉ាងណាទេ។
បន្ថែមពីលើការប្រើប្រាស់ពាក្យសម្ដីគំរាម រដ្ឋបាលក្រុងវ៉ាស៊ីនតោនក៏ចាប់ផ្ដើមរឹតបន្តឹងទណ្ឌកម្មបន្ថែមទៀតលើកូរ៉េខាងជើង ដោយហាមឃាត់រាល់ក្រុមហ៊ុនទាំងឡាយរកស៊ីនៅអាមេរិក បើរកឃើញថាកំពុងធ្វើជំនួញជាមួយកូរ៉េខាងជើងដែរនោះ។ ប៉ុន្តែគេមិនរំពឹងថាទណ្ឌកម្មរបស់អាមេរិកលើកនេះ អាចទម្លាយភាពទ័លច្រកនៃវិបត្តិនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េឡើយ ដ្បិតក្រុងព្យុងយ៉ាងមិនបានខ្វាយខ្វល់នឹងទណ្ឌកម្មអន្តរជាតិអ្វីទេ។
ឆ្លើយតបពាក្យគំរាមរបស់កូរ៉េខាងជើង រដ្ឋមន្ត្រីការបរទសអាមេរិក រិច ធីល័រសិន នៅមានគំនិតសុទិដ្ឋិនិយមក្នុងការបញ្ចប់វិបត្តិនុយក្លេអ៊ែរនេះតាមផ្លូវចរចា ទោះជាអាមេរិកហាក់អស់ការអត់ធ្មត់ទៅហើយក្ដី។ ប៉ុន្តែសម្ព័ន្ធមិត្តអាមេរិកមានជប៉ុន និងកូរ៉េខាងត្បូង ពិតជានៅមិនសុខឡើយចំពោះការសម្ដីគឃ្លើនរបស់កូរ៉េខាងជើងនោះ។ ជុំវិញការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនវិញ ក្រុងតូក្យូបានជំទាស់ដាច់ណាត់ និងចាត់ទុកជាទង្វើមិនអាចទទួលយកបានទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com