ជាតិ
ទេសាភិបាលបារាំង ជាអ្នកផ្តើមគំនិតសាងសង់រមណីយដ្ឋានភ្នំបូកគោ សម្រាប់គយគន់ទេសភាព រូបពីហ្វេសប៊ុកឋានសួគ៌បូកគោ
× ភ្នំបូកគោ ជាមណីយដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលស្ថិតនៅលើកំពូលភ្នំ ភាគខាងលិច នៃទីរួមខេត្តកំពត ចម្ងាយ ៤២គីឡូម៉ែត្រ។ ការដាក់ឈ្មោះថា «ភ្នំបូកគោ» ទំនងដោយសារមើលពីចម្ងាយទៅ ភ្នំនេះមានសណ្ឋានដូចបូកគោ។
យោងតាមឯកសារមួយចំនួន បានបង្ហាញថា កាលពីអំឡុងឆ្នាំ ១៩១៧ មានក្រុមអ្នកស្រាវជ្រាវបរទេស បានមកដល់ទីនេះដំបូងគេ។ ក្រោយមក ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ ជនជាតិបារាំងម្នាក់ឈ្មោះ រូលួស បានរៀបចំឡើងភ្នំ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ។
ឯកសារដទៃទៀតបញ្ជាក់ថា ក្រោយពេលបារាំងធ្លាក់ចុះសេដ្ឋកិច្ចជាគំហុក ឆ្នាំ១៩២០ លោកហ្វ្រង់ស័រ បូឌ័ន(Francois Baudoin)ឬ ហ្វ្រង់ស័រ-បូដ្វាំង ដែលជាអគ្គទេសាភិបាលបារាំងថ្មី ប្រចាំឥណ្ឌូចិន បានសម្រេចចិត្ត ឲ្យគេសាងសង់រមណីយដ្ឋានភ្នំបូកគោនេះឡើង។ ការស្ថាបនា រមណីយដ្ឋាន ភ្នំបូកគោ គឺអាចជួយឲ្យជនបរទេស ជាពិសេសលោកបូឌ័ន ឡើងមកលំហែកាយ ស្រូបយកខ្យល់អាកាសត្រជាក់ បរិសុទ្ធ និងអាចទស្សនាទេសភាព ដ៏ស្រស់ស្អាត នៃឆ្នេរសមុទ្រកម្ពុជា ដូចជាកែប កំពត ក្រុងព្រះសីហនុ បណ្តាកោះនានារបស់កម្ពុជា ជាពិសេស ឈូងសមុទ្រសៀម។
ដើម្បីជាទីកន្លែងទេសចរណ៍ ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរបរទេស លោកបូឌ័ន បានឲ្យគេសាងសង់កាស៊ីណូ មួយកន្លែង បឹងហ្គាឡូ និងកន្លែងវាយតេនីស។
ការស្ថាបនារមណីយដ្ឋានភ្នំបូកគោ និងផ្លូវឡើង ត្រូវបានចំណាយជាង៣ឆ្នាំ។ ការសាង សង់រមណីយដ្ឋានភ្នំបូកគោ បានធ្វើឲ្យពួកពលករម្ចាស់ប្រទេស តែគ្មានសិទ្ធិសម្រេចចិត្ត បាត់បង់ជីវិត ប្រមាណចន្លោះពី៩០០ ទៅ២០០០នាក់។ អ្នកស្លាប់ទាំងនេះ ភាគច្រើនគ្រោះថ្នាក់ ដោយសារការងារធ្វើផ្លូវឡើងភ្នំ គ្រុនចាញ់ និងពស់ចឹក។ ពួកគេ ពុំទទួលបានសំណងសង្គម កិច្ចពីអាណាព្យាបាលបារាំងឡើយ។
ក្រៅពីកន្លែងកម្សាន្ត តាមបែបកែច្នៃនេះ នៅចម្ងាយ៧គីទ្បូមែត្រពីកំពូលភ្នំបូកគោ ក៏នៅមានកន្លែងកម្សាន្តធំៗ បីកន្លែងផ្សេងទៀតផងដែរ គឺទឹកធ្លាក់បីថ្នាក់ ពពកវិល និងព្រះរាជដំណាក់ ព្រះបាទស៊ីសុវត្ថិមុនីវង្ស។ ទីនេះគេអាចមកមុជទឹកកម្សាន្ត និងទស្សនា ផ្ទាំងពពក ដែលអណ្តែតទៅមក តាមកម្លាំងខ្យល់បក់។ ភ្នំបូកគោមានកំពស់ ១០៧៥ម៉ែត្រ នៅទីនេះ មានអាកាសធាតុត្រជាក់បង្គួរ និងចុះអាប់ជាញឹកញាប់។ រុក្ខជាតិទាំងទ្បាយនៅទីនេះ រីកស្រស់បំព្រងស្ទើរគ្រប់រដូវកាល។
ភ្នំបូកគោ ត្រូវបានគេបោះបង់ចោលចំនួនពីលើក គឺលើកទីមួយ ចន្លោះ ក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុ បន្ទាប់ពីព្រះបាទមុនីវង្ស សោយទិវង្គត និងបើកឲ្យដំណើរការឡើងវិញ ក្នុងរជ្ជកាល ព្រះបាទនរោត្តមសីហនុដដែល ហើយលើកទី២ នៅក្នុងអំឡុងឆ្នាំ១៩៧២ ក្នុងរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខលន់នល់ រហូតដល់ឆ្នាំ១៩៩៣ ក្រោយការបោះឆ្នោតរៀបចំឡើងដោយអ៊ុនតាក់ ទើបរាជរដ្ឋាភិបាលចម្រុះ ដែលមានសហនាយករដ្ឋមន្ត្រី បើកឲ្យដំណើរការម្តងទៀត និងប្រកាសតំបន់នេះ ជាឧទ្យានជាតិ។
គេនិយាយថា ព្រះបាទស៊ីសុវត្ថិ មុនីវង្សី បានបង្អត់ក្រយា រហូតសោយទិវង្គត នៅក្នុងព្រះរាជដំណាក់របស់ព្រះអង្គ លើកំពូលភ្នំបូកគោនេះ ក្រោយពីជប៉ុន បង្ខំបារាំង ឲ្យប្រគល់់ខេត្តចំនួន៣ នៅភាគខាងលិច គឺខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ ឲ្យទៅសៀម កាលពីថ្ងៃទី៩ ឧសភា ឆ្នាំ១៩៤១ ។ ព្រះអង្គតូចព្រះទ័យ ចំពោះអាណាព្យាបាលបារាំង ដែលមិនព្រមជំទាស់ ឬបដិសេធ ការប្រមាថរបស់ជប៉ុន។
បន្ទាប់ពីឡើងគ្រងរាជបានជាង១០ព្រះវស្សា ក្នុងសម័យសង្គមរាស្ត្រនិយម ព្រះបាទ សម្តេច នរោត្តមសីហនុ បានឲ្យគេសាងសង់អាគារសាធារណៈជាច្រើន ស្ទើរតែដូចរាជធានីតូចមួយ លើកំពូលភ្នំដែរ ។
នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលចម្រុះ បានបើកឱ្យ ទេសចរចូលទៅលេងកម្សាន្តជាលើកដំបូង បន្ទាប់ពីបានបោះបង់ចោលជាង២០ឆ្នាំ។
រមណីយដ្ឋានភ្នំបូកគោ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់សិទ្ធិឲ្យក្រុមហ៊ុនសុខ គង់ អូតែល វិនិយោគ កាលពីខែឧសភា ឆ្នាំ២០១២ ក្នុងទំហំទឹកប្រាក់ប្រមាណ១០០០លានដុល្លារ ហើយរមណីយដ្ឋាន បានប្តូរឈ្មោះទៅជា រមណីយដ្ឋាន ឋានសួគ៌ ភ្នំបូកគោ។
ក្នុងពិធីបើកការដ្ឋានសាងសង់ ប្រមុខរាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា មន្ត្រីជំនាញ ត្រូវកំណត់ព្រំដែន នៃតំបន់អភិរក្សព្រៃឈើ នៅភ្នំបូកគោ ត្រូវទប់ស្កាត់ និងការពារនូវសកម្មភាពកាប់ឈើខុសច្បាប់ ក្នុងឧទ្យានជាតិនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com