ជាតិ
រាជរដ្ឋាភិបាល បាន​សម្រេចយក «​ថ្ងៃទី​២១ កញ្ញា ជា​ទិវា​សន្តិភាព​អន្តរជាតិ​» ប្រារព្ធ​នៅ​កម្ពុជា ជា​រៀងរាល់ឆ្នាំ​
23, Sep 2017 , 3:54 pm        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្មមន្រ្តីកម្ពុជា
សម្តេច ហ៊ុន សែន នាយករដ្មមន្រ្តីកម្ពុជា
ដោយ:
​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សារលិខិត​មួយ ដោយ​សម្រេចយក «​ថ្ងៃទី​២១ ខែកញ្ញា​» ចូលរួម​ជាមួយ​ពិភពលោក ក្នុងការ​ប្រារព្ធ​នូវ «​ទិវា​សន្តិភាព​អន្តរជាតិ​» ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​អត្ថន័យ​នៃ​សន្តិភាព​ឲ្យ​កាន់តែ​ទូលំទូលាយ ពង្រីក​សាមគ្គីភាព ឯកភាព​ជាតិ បន្ត​ជម្រុញ​ស្មារតី និង​ពួតដៃ​ជា​ធ្លុង​មួយ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សន្តិភាព សម្រាប់​កម្ពុជា ដែលជា​សេចក្តីប្រាថ្នា​របស់​មនុស្ស​គ្រប់រូប និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់​សម្រាប់​ប្រទេស​បោះជំហាន​បន្តទៅ​មុខ លើ​វិថី​អភិវឌ្ឍន៍ និង​ការរីកចម្រើន​។​



សារលិខិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹងថា «​ទិវា​សន្តិភាព​អន្តរជាតិ​» ត្រូវបាន​ប្រា​ព្ធ​ទូទាំង​ពិភពលោក​នៅ​ថ្ងៃទី​២១ ខែកញ្ញា ជា​រៀងរាល់ឆ្នាំ បន្ទាប់ពី​មានការ​អនុម័ត ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៥ កាលពី​ឆ្នាំ​២០០១ ដើម្បី​លុបបំបាត់​អំពើហិង្សា បញ្ឈប់​សង្គ្រាម ជំរុញ​ឲ្យ​មាន​សន្តិភាព​ក្នុងប្រទេស ក្នុង​តំបន់ ក៏ដូចជា​ក្នុង​ពិភពលោក​ទាំងមូល​ផងដែរ​។

សារ​លិ​ត​ខិត ដែល​ចុះហត្ថលេខា​ដោយ សម្ដេច​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្តថា សន្តិភាព​របស់​ប្រទេសជាតិ និង​ប្រជាជន គឺជា​អាទិភាព ដែល​ឈរ​លំដាប់​ខ្ពស់បំផុត​សម្រាប់ រាជរដ្ឋាភិបាល​កម្ពុជា ដែល​គ្មានអ្វី​ជំនួស​បានឡើយ​។ សារលិខិត​នោះ បាន​បន្ថែមទៀត សម្រាប់​កម្ពុជា នេះ​គឺជា​សន្តិភាព ដែល​បានមកពី​ការបូជា​សាច់​ស្រស់​ឈាម​ស្រស់​ក្នុ ង​ការតស៊ូ​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​បានសម្លាប់​រង្គាល​ប្រជាជន​ខ្មែរ និង​បំផ្លាញ​គ្រប់​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ព​ទូទាំងប្រទេស​ស្ទើរ​សូន្យ​។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានបញ្ជាក់​ក្នុង​សារលិខិត យ៉ាងនេះ​ថា​៖«​រាជរដ្ឋាភិបាល មានការ​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​រក្សា​ការពារ​សន្តិភាព​នេះ ពីព្រោះ​សន្តិភាព ដែល​យើង​បានមក​នេះ គឺជា​សេចក្ដីសុខ​រួម​សម្រាប់​យើងទាំងអស់គ្នា​»​។

សារលិខិត​ដដែល​នោះ បានលើកឡើង​ទៀតថា កម្ពុជា ក៏​ដើរតួនាទី ក្នុងការ​ចូលរួម​ធានា​នូវ​សន្តិភាព និង​សន្តិសុខ​ពិភពលោក តាមរយៈ​ការចូលរួម​ជា​ភាគី​នៃ​សន្ធិសញ្ញា និង​ពិធីសារ​អន្តរជាតិ​ជាច្រើន​ដូចជា សន្តិ​សញ្ញា​ស្តីពី​ការមិន​ផលិត​អាវុធ​នុយក្លេអ៊ែរ អនុសញ្ញា​និង​ពិធីសារ​អន្តរជាតិ​ការហាមឃាត់​ការផលិត ការ​ស្តុក​ទុក និង​ការប្រើប្រាស់​មីន អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ ហើយ​និង​អនុសញ្ញា​ស្ដីពី​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​៕


© រក្សាសិទ្ធិដោយ thmeythmey.com