ជាតិ
ពីនេះ ពីនោះ
ទំនាក់ទំនង​រវាង​ជំនាញ Sale និង Marketing ដែលជា​ដង្ហើម​របស់​អង្គភាព​អាជីវកម្ម​
24, Sep 2017 , 2:09 pm        
រូបភាព
ដោយ:
  ភ្នំពេញ៖ និស្សិត​ដែល​សិក្សា​ជំនាញ​ម៉ាឃីតធីង កំពុង​ត្រូវបាន​សាធារណជន​ភ័ន្តច្រឡំ និង​បន្ទច់​បង្អាប់ ថា គ្រាន់តែ​ជា​អ្នកដើរ​ផ្សព្វផ្សាយ​លក់​ផលិតផល ឬ​សេវាកម្ម​ប៉ុណ្ណោះ​។ តាមពិត អ្នកធ្វើការ​ផ្នែក Marketing និង Sale ត្រូវបាន​ម្ចាស់​អាជីវកម្ម និង​សាស្ត្រាចារ្យ​ភាគច្រើន​ឲ្យ​តម្លៃ​ពួកគេ​ខ្ពស់បំផុត ហើយ​ចាត់ទុក​អ្នកធ្វើការងារ​ផ្នែក​នេះ ជា​ដង្ហើម​របស់​អង្គភាព​អាជីវកម្ម ដោយ​មិនអាច​ប្រកែក​បានឡើយ​។ ហើយ​បច្ចុប្បន្ន និស្សិត​សិក្សា​ជំនាញ​ម៉ាឃីតធីង​មាន​តិចជាង​ម្រូ​វ​ការ​នៅលើ​ទីផ្សារការងារ ។ សិ​ស្សានិ​ស្សិត​ដែល​ចង់​សិក្សា​ជំនាញ​ម៉ា​ឃី​ត​ធី​ត​ឲ្យ​ពូកែ ត្រូវ​ស្វែងយល់​អ្វីខ្លះ​ពី​ជំនាញ​មួយ​នេះ​?

ជំនាញ​ម៉ាឃីតធីង គឺជា​អ្វី​?
​ម៉ាឃីតធីង (Marketing) ត្រូវបាន​គេ​ផ្តល់​ទស្សនទាន​ផ្សេងៗ​គ្នា អ្នកខ្លះ​ថា ជាការ​សិក្សា​អំពី​របៀប​ផ្សព្វផ្សាយ លក់​ផលិតផល និង​សេវាកម្ម​។ អ្នក​ខ្លះទៀត​យល់ថា ជាការ​សិក្សា​ដោយ​ផ្តោត​សំខាន់​ទៅលើ​ការបំពេញ​ចិត្ត​អតិថិជន និង​ការកសាង​ទំនុកចិត្ត​របស់​អតិថិជន​មកលើ​ម៉ាក​សញ្ញា​របស់​ក្រុមហ៊ុន​។ ហើយ​ក៏មាន​ទស្សនទាន​មួយចំនួនទៀត​យល់ថា ម៉ាឃីតធីង គឺ​សំដៅ​ទៅលើ​សកម្មភាព​ទាំងឡាយណា ដែលមាន​ទំនាក់ទំនង​ជាមួយ​ទីផ្សារ ហើយ​ទីផ្សារ​នោះ​ជា​កន្លែង​ដែល​អ្នកលក់ និង​អ្នកទិញ​ជួបគ្នា​។​ល​។​
​សម្រាប់​លោក​សាស្ត្រាចារ្យ​ជំនាញ​ម៉ាឃីតធីង អៀម សំអឿន បាន​ឲ្យ​និយមន័យ​ដោយយោង​តាម​សមាគម​អ្នក​ម៉ាឃីតធីង​សហរដ្ឋអាមេរិក (AMA) ថា ម៉ាឃីតធីង គឺជា​ដំណើរការ​នៃ​ការរៀបចំ​ផែនការ និង​ការប្រតិបត្តិ​ទៅលើ​ទស្សនទាន​ទាក់ទង​នឹង​ផលិតផល និង​សេវាកម្ម ការកំណត់​តម្លៃ ការផ្សព្វផ្សាយ និង​ចែកចាយ ដើម្បី​បំពេញតម្រូវការ​អតិថិជន ជា​លក្ខណ​បុគ្គល និង​អង្គភាព គោលបំណង ដើម្បី​ប្រាក់ចំណេញ​យូរអង្វែង​។ និយាយ​ជារួម​ម៉ាឃីតធីង គឺ​ផ្តោតលើ​គោលការណ៍ 4P’s ។​

ទំនាក់ទំនង​ពិសេស​រវាង​ជំនាញ Marketing និង Sale
​នៅ​កម្ពុជា​មិនមាន​សកល​វិទ្យាល័យ​ណា​បង្រៀន​ជំនាញ Sale ឡើយ​។ ផ្នែក Sale គ្រាន់តែ​ជា​ផ្នែក​មួយ​នៅក្នុង​ជំនាញ​ម៉ាឃីតធីង​ប៉ុណ្ណោះ​។ លោក​សាស្ត្រាចារ្យ​ជំនាញ​ម៉ាឃីតធីង​ខាងលើ បាន​ពន្យល់​ពី​ទំនាក់ទំនង​រវាង​ជំនាញ Marketing និង Sale ថា ផ្នែក Sale គ្រាន់តែ​ជា​ផ្នែក​មួយ​របស់​ម៉ាឃីតធីង តែ​ការងារ​ស្នូល​របស់​អ្នក​ម៉ាឃីតធីង គឺ​គិត​អំពី​ការលក់ ឬ​គេ​អាច​និយាយបានថា ផ្នែក Sale គឺជា​សកម្មភាព​ស្នូល​របស់​អ្នក​ម៉ាឃីតធីង​។ បន្ថែម​ពីនេះ លោក​សាស្ត្រាចារ្យ​បាន​ឲ្យ​និយម​ម​ន័យ Sale ថា គឺជា​កាល​ក់ ដោយ​ផ្តល់នូវ​ទំនិញ ឬ​សេវាកម្ម​ទៅដល់​អតិថិជន ហើយ​ជាការ​ដោះដូរ​ទំនិញ និង​ទំនិញ ឬ​ទំនិញ និង​លុយ​។ ជាងនេះទៅទៀត គេ​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​ម៉ាឃីតធីង គឺ​រក​អតិថិជន​គោលដៅ ហើយ​ប្រើ​យុទ្ធសាស្ត្រ 4P’s ឬ 7P’s ដើម្បី​លក់​។​

សិស្ស​និស្សិត​ត្រូវ​ដឹង​អ្វីខ្លះ ពី​មូលដ្ឋានគ្រឹះ​នៃ​ជំនាញ​ម៉ាឃីតធីង​?
​ជាទូទៅ​គ្រប់​សៀវភៅ​ម៉ាឃីតធីង គឺ​គេ​សិក្សា​ពី​គោលការណ៍ 4P’s ឬ​ហៅថា Marketing Mix រួមមាន ១. Product (​ផលិតផល ឬ​សេវាកម្ម​) ២. Price (​ការកំណត់​តម្លៃនៅលើទីផ្សារ​) ៣. Place [Distribution] (​ច្រក​បែងចែក​ផលិតផល ឬ​សេវាកម្ម ទៅតាម​ទី​តាំ​ដែល​នៅក្បែរ​អតិថិជន ដោយ​ធ្វើ​ការលក់​ផ្ទាល់ លក់រាយ ឬ​លក់ដុំ​) ៤. Promotion (​ការផ្សព្វផ្សាយ ឬ​បំផុសបំផុល​) ។ នៅក្នុង​ចំណុច​ទី​៤​នេះ ត្រូវបាន​អ្នក​ម៉ាឃីតធីង​ប្រើ​យុទ្ធសាស្ត្រ Promotion Mix ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​។ ៤​ចំណុច​នេះ​រួមមាន ៤.១ Advertising (​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឧ​. វិទ្យុ​, ទូរទស្សន៍​, ផ្ទាំង​ប៉ាណូ​...) ៤.២ Personal Selling (​បុគ្គលិក​ផ្នែក​លក់​របស់​អង្គភាព​) ៤.៣ Sale Promotion (​លក់​បណ្តើរ​ផ្សព្វផ្សាយ​បណ្តើរ គឺ​នៅពេល​ផ្សព្វផ្សាយ​មាន​ទំនិញ​លក់​នៅនឹងកន្លែង​ផ្សព្វផ្សាយ ឧ​. ការតាំង​ពិ​ព័រ​ណ៌​, ប្រគំ​តន្ត្រី​,...)  ៤.៤ Public Relation (​ទំនាក់ទំនង​សាធារណៈ គឺ​អង្គភាព​ផ្តល់​ទៅ​ឲ្យ​សារ​ធារ​ណៈ ឬ​ធ្វើ​កិច្ចការ​ដើម្បី​សាធារណៈ ដូចជា​៖ ធ្វើ​បង់​ឲ្យ​អង្គុយ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា កាកបាទក្រហម​... ដែល​ជាការ​ឧបត្ថម​ដោយ​ក្រុមហ៊ុន​របស់គេ​) ។ ទាំងនេះ​ជា​សេចក្តីពន្យល់​ពី​មូលដ្ឋានគ្រឹះ​ម៉ាឃីតធីង របស់លោក​សាស្ត្រាចារ្យ អៀម សំអឿន នៃ​សកល​វិទ្យាល័យ​ស្វាយរៀង​។​

បន្ថែម​ពីនេះ លោក​សាស្ត្រាចារ្យ​បាន​ពន្យល់​ពីរ​ចំណុច​ថ្មីៗ​បន្ថែមទៀត ដែល​អ្នក​ម៉ាឃីតធីង​ត្រូវតែ​ប្រើ​ដើម្បី​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​ឲ្យ កាន់​តែមាន​ប្រសិទ្ធិភាព គឺ​៤.៥ Direct Marketing (​អ្នកលក់​ប្រើ​យុទ្ធសាស្ត្រ​ផ្ញើ​សារ (SMS) ឬ​ទូរ​សព្ទ​ផ្ទា​ស់​ទៅកាន់​អតិថិ​ជ ឬក៏​សុំ​ជួប​ផ្ទាល់​ដើម្បី​បង្ហាញ​ពី​ទំនិញ និង​សេវាកម្ម​របស់​ពួកគេ​) ។ និង​ទី​៤.៦ Internet Marketing (​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ដូចជា​៖ គេ​ទំព័រ ហ្វេ​ស​ប៊ុ​ក​...) ។ សរុបមក មធ្យោបាយ​ផ្សព្វផ្សាយ ៤​ចំណុច​នៅក្នុង Promotion Mix ខាងលើ គេ​ហៅថា សមាហរណកម្ម​នៃ​ការទំនាក់ទំនង​ម៉ាឃីតធីង (IMC) គឺ​អ្នក​ម៉ាឃីតធីង​ខំប្រឹង​ទំនាក់ទំនង ផ្សព្វផ្សាយ ពន្យល់ បញ្ចុះបញ្ចូល​ឲ្យ​គេ​ដឹង ស្គាល់ និង​ជឿទុកចិត្ត​លើ​ផលិតផល​របស់​អង្គភាព ដើម្បី​ឲ្យ​អតិថិជន​ទិញ​ផលិតផល ឬ​សេវាកម្ម​។​

នៅក្នុង​សៀវភៅ​ជំនាន់​ថ្មី មាន​ទស្សនទាន​ម៉ាឃីតធីង​មួយចំនួន​បាន​បន្ថែម​យុទ្ធសាស្ត្រ​ម៉ាឃីតធីង ឬ​គោលការណ៍​ម៉ាឃីតធីង​បី​ចំណុច​ទៀត ពោលគឺ​ពី 4P’s ទៅ 7P’s ។ បី​ចំណុច​ថ្មី​នោះ គឺ​ផ្តោតទៅលើ​ការផ្តល់​សេវាកម្ម​របស់​អ្នកលក់ រួមមាន​៖ ៥. People (​ការផ្តល់​សេវាកម្ម​រស់​អ្នកលក់​ល្អ ឬ​មិនល្អ​) ៦. Process (​ដំណើរការ​នៃ​ការផ្តល់​សេវាកម្ម​របស់​អ្នកលក់​លឿន ឬក៏​យឺត​) ៧. Physical Environment (​បរិយាកាស​រូបសាស្ត្រ គឺ​ការតុបតែង​ហាង​ឲ្យ​បាន​ស្អាត ល្អ កន្លែង​មាន​ខ្យល់​បរិសុទ្ធ ឬ​មិនមាន​) ។ នេះ​ជា​សេចក្តីពន្យល់​បញ្ជាក់​រប​ស់​សាស្ត្រាចារ្យ​ជំនាញ​ម៉ាឃីតធីង វ័យ​៣៦​ឆ្នាំ អៀម សំអឿន​។​

លក្ខណសម្បត្តិ និង​ចំណេះដឹង​អ្វីខ្លះ ដែល​សិស្ស​និស្សិត​ត្រូវមាន និង​ត្រៀម​ទុក​?
​ដើម្បី​អាច​សិក្សា​ជំនាញ​ម៉ាឃីតធីង​ឲ្យ​ពូកែ សិស្ស​និស្សិត​ត្រូវមាន​ចំណេះដឹង​គ្រឹះ​ចំនួន​ដូចជា​៖ ពូកែ​ទំនាក់ទំនង សិល្ប៍​នៃ​ការនិយាយ ត្រូវមាន​ចំណេះ​ផ្នែក​ភាសារ​ខ្មែរ ភាសារ​បរទេស សីលធម៌ និង​គណិតវិទ្យា​បន្តិចបន្តួច​ផងដែរ​។ លើសពីនេះ អ្នក​ចង់​សិក្សា​ជំនាញ​ម៉ាឃីតធីង​ក៏​ទាមទារ​ឲ្យ​មាន​បុគ្គលិក​លក្ខណពិសេស មួយចំនួនទៀត​ដូចជា​៖ ត្រូវមាន​រួប​សម្បត្តិ​សមរម្យ ចេះ​តស៊ូ អំណត់ អត់ធ្មត់ ស្មោះត្រង់ និយាយរ​ស់រាយ​រាក់ទាក់ ពូកែ​ពន្យល់ ពូកែ​ស្តាប់ និង​ចេះ​សម្របសម្រួល​គ្រប់​ស្ថានភាព​ជាមួយ​អតិថិជន​គ្រប់​ប្រភេទ ឬ​កម្រិត​។​ល​។
​នៅក្នុង​ការសិក្សា​ជំនាញ​ម៉ាឃីតធីង មានមុខ​វិទ្យា​ផ្សេងៗ​គ្នា​ទៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នីមួយៗ​។ ឆ្លងកាត់​ការបង្រៀន​ជំនាញ​ម៉ាឃីតធីង នៅ​សកល​វិទ្យាល័យ​ជិត​៨​ឆ្នាំកន្លងមក លោក​សាស្ត្រាចារ្យ អៀម សំ​អឿង បាន​មានប្រសាសន៍ថា មានមុខ​វិទ្យា​សំខាន់ៗ​មួយចំនួន​ដែល​គេ​ត្រូវ​សិក្សា​ដូចជា​៖ មូលដ្ឋានគ្រឹះ​ម៉ាឃីតធីង ការស្រាវជ្រាវ​ម៉ាឃីតធីង ការសិក្សា​ស្វែងយល់​ពី​ឥរិយាបថ​របស់​អតិថិជន យុទ្ធសាស្ត្រ​របស់​ម៉ាឃីតធីង យុទ្ធសាស្ត្រ​នៃ​ការកំណត់ថ្លៃ ការគ្រប់គ្រង​ការលក់ ការគ្រប់គ្រង​លើ​ផលិតកម្ម និង​ការអភិវឌ្ឍ​ផលិតផល​ថ្មី​។​ល​។​

អត្ថប្រយោជន៍ និង​ឱកាស​ការងារ​សម្រាប់​សិស្ស​និស្សិត ដែល​សិក្សា​ជំនាញ​ម៉ាឃីតធីង​
ក្រោយពេល​បញ្ចប់​ការសិក្សា​ជំនាញ​ម៉ា​ឃេ​ធី​ង និស្សិត​អាច​នឹងមាន​សមត្ថភាព​ធ្វើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ឯកជន អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ និង​ជា​មន្ត្រីរាជការ ដូចជា​៖ ជា​បុគ្គលិក​ផ្នែក​លក់ និង​ទីផ្សារ បុគ្គលិក​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម បុគ្គលិក​ផ្នែក​ម៉ាក​សញ្ញា​ពាណិជ្ជកម្ម អ្នក​ចែកចាយ​ផលិតផល អ្នកសម្របសម្រួល​ម៉ា​ឃេ​ធី​ង មន្ត្រី​ម៉ា​ឃេ​ធី​ង អ្នកគ្រប់គ្រង​ផ្នែក​លក់ អ្នកគ្រប់គ្រង​ម៉ា​ឃេ​ធី​ង អ្នកគ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម អ្នកគ្រប់គ្រង​ទំនាក់ទំនង​សាធារណៈ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារ​ដឹកជញ្ជូន​។​ល​។ ហើយក៏​អាច​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង​ផងដែរ​។​

បើតាម​លោក​សាស្ត្រាចារ្យ​ជំនាញ​ម៉ា​ឃី​តនៃ​សកល​វិទ្យាល័យ​ស្វាយរៀង អៀម សំអឿន បាន​បញ្ជាក់ថា មុខ​វិទ្យា​ម៉ាឃីតធីង គឺជា​មុខ​វិទ្យា​ងាយស្រួល​រក​ការងារ​ធ្វើ​បំផុត​។ ហើយ​ប៉ុន្នា​ន​ឆ្នាំ​ចុងក្រោយ​នេះ​លោក​ស្រា​ស្ត្រ​ចា​រ្យ​កត់សម្គាល់​ឃើញថា អ្នកសិក្សា​ជំនាញ​គ្រប់គ្រង គណនី​យ្យ ធនាគា និង​អ្នកសិក្សា​ជំនាញ​ទាក់ទង​នឹង​អាជីវកម្ម​មួយចំនួនទៀត កំពុងដណ្តើម​ការងារ​របស់​អ្នកសិក្សា​ជំនាញ​ម៉ាឃីតធីង​៕


© រក្សាសិទ្ធិដោយ thmeythmey.com