ជាតិ
ក្រុមតំណាងរាស្ត្របក្សប្រឆាំង នឹងទៅសាលាឧទ្ធរណ៍ ដើម្បីតាមដានសវនាការរឿងឯ.ឧ កឹម សុខា
× ភ្នំពេញ៖ ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងនាំគ្នាទៅកាន់សាលាឧទ្ធរណ៍ ដើម្បីតាមដានការបើកសវនាការ លើសំណុំរឿងរបស់ឯកឧត្តម កឹម សុខា ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២0១៧។ នេះជាការអះអាងរបស់លោក សុន ឆ័យ តំណាងរាស្ត្រនិងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែត។
ក្នុងសន្និសីទកាសែត ដែលរៀបចំឡើងនៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី២៥ កញ្ញានេះ លោក សុន ឆ័យ លើកឡើងថា សវនាការ ត្រូវតែមានវត្តមានរបស់ឯកឧត្តម កឹម សុខា។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះ បញ្ជាក់យ៉ាងដូច្នេះ៖«យើងជឿ ជាក់ថា រដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធានាសុវត្ថិភាពឯកឧត្តម កឹម សុខា»។ ប៉ុន្តែ លោក បានបន្ថែមថា ទោះជាសវនាការនេះ មានវត្តមានឯកឧត្តម កឹម សុខា ឬគ្មានក៏ដោយ ក៏ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅតែទៅចូលរួមដែរ។
អ្វីដែលលោក សុន ឆ័យ និយាយទាក់ទងនឹងសវនាការលើសំណុំរឿងឯកឧត្តម កឹម សុខា ក្នុងសន្និសីទកាសែតនៅថ្ងៃនេះ មិនសូវជាខុសពីខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុន នោះទេ។ ក្នុងសេចក្តីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិ បានទាមទារឲ្យមន្ត្រីពន្ធនាគារ បញ្ជូនឯកឧត្តម កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ មកកាន់សវនាការនៃសាលាឧទ្ធរណ៍ ក្នុងរាជធានីភ្នំពេញ តាមកាលកំណត់។ សម្រាប់គណបក្សសង្គ្រោះជាតិ សវនាការ នឹងមិនត្រឹមត្រូវតាមនីតិវិធីឡើយ ប្រសិនបើឯកឧត្តម កឹម សុខា អវត្តមាន។
ចំណែក ក្រុមមេធាវី ដែលការពារក្តីឲ្យឯកឧត្តម កឹម សុខា បានដាក់សំណើទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៥ ខែកញ្ញានេះ ដើម្បីស្នើសុំឲ្យឯកឧត្តម កឹម សុខា បានចូលរួមសវនាការ។ ក្នុងសំណើនោះ ក្រុមមេធាវី បានប្រាប់សាលាឧទ្ធរណ៍ថា ឯកឧត្តម កឹម សុខា ក៏មានបំណងចូលរួមសវនាការដែរ។ លើសពីនេះ ក្រុមមេធាវី បានលើកហេតុផលថា តាមគោលការណ៍នៃនីតិព្រហ្មទណ្ឌ ការបើកសវនាការ គឺត្រូវធ្វើឡើងចំពោះមុខជនត្រូវចោទ។
ជុំវិញការសម្រេចនាំខ្លួនឯកឧត្តម កឹម សុខា មកចូលរួមសវនាការនេះ លោក ទូច ថារិទ្ធិ អ្នកនាំពាក្យសាលាឧទ្ធរណ៍ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីបែបនេះ ៖«សាលាឧទ្ធរណ៍ បានចេញដីកាកោះហៅអ្នកពាក់ពន្ធអស់ហើយ ហើយក៏បានបង្គាប់ឲ្យនាំខ្លួន ជនត្រូវចោទ មកសវនាការដែរ។ តែរឿងនាំខ្លួនឬមិននាំខ្លួន ទាល់តែសួរខាងពន្ធនាគារ បានដឹង»។
ការទាមទារខាងលើរបស់ក្រុមមេធាវីនិងគណបក្សសង្គ្រោះជាតិ គឺបន្ទាប់ពីលោក ចាន់ គីមសេង អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ បានសរសេរសំណើទៅកាន់អគ្គព្រះរាជអាជ្ញា ដើម្បីសុំឲ្យពិចារណា ពីការដឹកឯកឧត្តម កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុង មកចូលរួមសវនាការ ក្នុងរាជធានីភ្នំពេញ។ ក្នុងសំណើនោះ អគ្គនាយកពន្ធនាគារ ប្រាប់អគ្គព្រះរាជអាជ្ញានៃសាលាឧទ្ធរណ៍ថា លោក បារម្ភពីសន្តិសុខ និងសុវត្ថិភាពរបស់ឯកឧត្តម កឹម សុខា នៅតាមផ្លូវ ពេលបញ្ជូនពីខេត្តត្បូងឃ្មុំ មកកាន់រាជធានីភ្នំពេញ។
ការបើកសវនាការនៅថ្ងៃស្អែកនេះ គឺធ្វើឡើងតាមសំណើរបស់ក្រុមមេធាវី។ ក្រុមមេធាវី បានស្នើទៅសាលាឧទ្ធរណ៍ ដើម្បីសុំប្រឆាំងនឹងដីការបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឃុំខ្លួនឯកឧត្តម កឹម សុខា។ សម្រាប់ក្រុមមេធាវី ការឃាត់ខ្លួនឯកឧត្តម កឹម សុខា ដែលជាតំណាងរាស្ត្រ ទាំងពាក់កណ្តាលអធ្រាត្រ ហើយយកទៅឃុំទាំងមានអភ័យឯកសិទ្ធិសភាបែបនេះ គឺមិនត្រឹមត្រូវតាមនីតិវិធីនោះទេ។
យ៉ាងណាក៏ដោយចុះ សមត្ថកិច្ចនិងតុលាការ ចាត់ទុកថាឯកឧត្តម កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដូច្នេះការឃាត់និងការឃុំខ្លួន មិនចាំបាច់គិតពីអភ័យឯកសិទ្ធិឡើយ។
សូមរម្លឹកថា សមត្ថកិច្ច បានចុះទៅចាប់ឯកឧត្តម កឹម សុខា ដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ ឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ត្រូវបានចោទពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ដែលស្ថិតក្នុងអំពើក្បត់ជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com