ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
សេវាកម្ម​ប៉ះ​កង់ឡាន កូវ​អាគុយ​ឡាន ដល់​កន្លែង ២៤​ម៉ោង​
25, Sep 2017 , 6:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ចូ​វ សៀវ​ជា បាន​ប្រក​បរបរ​ប៉ះ​កង់ឡាន កូវ​អាគុយ​ឡាន​ដល់ទី​កន្លែង​ពេញ​២៤​ម៉ោង រយៈពេល​ជាង​១​ឆ្នាំ​ហើយ​។ ជា​របរ​កម្រ​មួយ​។ បើ​ទោះ​នៅ​ភ្នំពេញ​មាន​យានដ្ឋាន​ជួសជុល​រថយន្ត​ច្រើន ពិតមែន ប៉ុន្តែ​លោក ចូ​វ សៀវ​ជា នៅតែ​អាច​ទទួល​បា​អតិថិជន ពី​៤​នាក់ ទៅ​៥​នាក់ ក្នុង​មួយថ្ងៃ​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សៀវ​ជា បញ្ជាក់ថា លោក​បង្កើត​របរ​នេះ ដោយសារតែ​មើលឃើញថា អ្នកមាន​រថយន្ត​ជិះ​ភាគច្រើន មិនសូវ​ចេះ​ជួសជុល នៅពេល​រថយន្ត​របស់​ខ្លួន​បែក​កង់ ឬ​ពេល​អាគុយ​រថយន្ត​មាន​បញ្ហា​ជាដើម​។



​សូម​អញ្ជើញ​អាន​បទ​សម្ភាស រវាង​លោក មឿ​ន ឌី​ណា អ្នកកាសែត​នៃ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ចូ​វ សៀវ ជា ម្ចាស់​សេវាកម្ម​ប៉ះ​កង់ឡាន កូវ​អាគុយ​ឡាន​ដូចតទៅ​៖

​លោក មឿ​ន ឌី​ណា​៖ លោក ចូ​វ សៀវ​ជា បានចាប់ផ្ដើម​បង្កើត​អាជីវកម្ម​មួយ​ប្រភេទ​នៅ​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ​២០១៦ ជា​ប្រភេទ​សេវាកម្ម​ប៉ះ​កង់ឡាន កូវ​អាគុយ​ឡាន​ដល់ទី​កន្លែង​។ មកដល់ពេលនេះ គឺ​ជាង​១​ឆ្នាំ​ហើយ​។ ជា​សំណួរ​ដំបូង ខ្ញុំបាទ​ចង់​ឲ្យ លោក ចូ​វ សៀវ​ជា បញ្ជាក់ប្រាប់​អ្នក​និយម​អាន​សារព័ត៌មាន​ថ្មីៗ ពី​មូលហេតុ និង​គំនិត​នៃ​ការបង្កើត​អាជីវកម្ម​របស់លោក​កាលពី​ពេលនោះ​?

​លោក ចូ​វ សៀវ​ជា​៖ បាទ​ពីដំបូង​ខ្ញុំ​មើលឃើញថា​អ្នកណាៗ​ក៏​ជិះឡាន​ដែរ ពួកគាត់​មាន​ឡាន​ជិះ​ពិតមែន ប៉ុន្តែ​ភាគច្រើន​មិនសូវ​ចេះ​ធ្វើ​ទេ ដូចជា​នារីៗ​អីចឹង ចេះ​ជិះឡាន​មែន តែ​ដល់ពេល​ឡាន​ខូច ឬក៏​ឡាន​បែក​កង់ ពួកគាត់​មិនដឹង​ជួសជុល​ដោយ​របៀប​ណា​នោះទេ ។  ជួនកាល​អស់​អាគុយ​ឡាន​ពិបាកធ្វើ ហើយ​កន្លែង​ជួសជុល​ឡាន​នៅ​ឆ្ងាយ​។ អីចឹង​ហើយ​បានជា​ខ្ញុំ​បង្កើត​សេវា​កម្មនេះ​វា​ស្រួល​តែម្ដង គឺ​ពួកគាត់​គ្រាន់តែ​ហៅ​ទូរស័ព្ទ និង​ប្រាប់​ទីកន្លែង​មក សេវាកម្ម​ពួកយើង​នេះ នឹង​ទៅដល់​តែម្ដង គឺ​ផ្ដល់​ភាពងាយស្រួល​ដល់​ពួកគាត់​។​



​លោក មឿ​ន ឌី​ណា​៖ ក្រៅពី​ផ្តល់​សេវាកម្ម​ប៉ះ​កង់ឡាន កូវ​អាគុយ​ឡាន ដល់ទី​កន្លែង នៅ​ក្រុងភ្នំពេញ តើ​សេវា​នេះ បាន​គ្របដណ្តប់​ដល់​ខេត្ត​ណាខ្លះ​ទៀត​ទេ​?

​លោក ចូ​វ សៀវ​ជា​៖ បច្ចុប្បន្ននេះ សេវាកម្ម​របស់​យើង មាន​ពីរ គឺ​មួយ​នៅ​ភ្នំពេញ និង​មួយកន្លែង​ទៀត​នៅ​ខេត្តសៀមរាប​។ សម្រាប់​សេវាកម្ម​របស់ខ្ញុំ​នៅ​ភ្នំពេញ​បាន​ទៅ​សព្វ​អស់ហើយ ពេលខ្លះ​សេវាកម្ម​នេះ បាន​ទៅដល់​ស្រុក​គៀនស្វាយ ខេត្តកណ្ដាល និង​ព្រែក​លាភ​ទៀតផង ក្នុងនោះ ក៏​ធ្លាប់បាន​ទៅដល់​ខេត្តកំពង់ស្ពឺ​ដែរ​។​

​តាមពិតទៅ​ខ្ញុំ​ចង់​ពង្រីក​ឲ្យ​បាន​ច្រើន​នៅ​ភ្នំពេញ ប៉ុន្តែ​តាម​ខ្ញុំ​វិភាគ​មើលទៅ ប្រហែលជា​អាចបង្កើត​បន្ថែម​មួយ ឬ​ពីរ​ទៀត​ប៉ុណ្ណោះ ដោយសារតែ​អតិថិជន​របស់ខ្ញុំ នៅពេលនេះ នៅមានកម្រិត​នៅឡើយ​។ ក្នុងករណីនេះ​មាន​ច្រើន​ទៅ​ថ្ងៃមុខ ខ្ញុំ​នឹង​អាចដាក់​បន្ថែម​ទៅតាម​ហ្នឹង​ដែរ​។ ប៉ុន្តែ​នៅខាងមុខ​នេះ ខ្ញុំ​ចង់​បើក​ហ្គា​រ៉ា​ស​ជួសជុល​ឡាន និង​លក់​កង់ឡាន​ផងដែរ​។ មានន័យថា យើង​មិន​ត្រឹម​តែមាន​សេវាកម្ម​ចល័ត​ទេ ក៏មាន​នៅនឹងកន្លែង​ជាក់លាក់​មួយ​ផងដែរ​។​

​លោក មឿ​ន ឌី​ណា​៖ លោក ចូ​វ សៀវ​ជា អាច​ប្រាប់​បានទេ ថា​ជា​មធ្យម​លោក​អាច​ទទួលបាន​អតិថិជន​ប៉ុន្មាន​នាក់ ក្នុង​មួយថ្ងៃ​? ហើយ​គិតថ្លៃ​ផ្តល់​សេវា​នេះ ក្នុងតម្លៃ​ប៉ុន្មាន​ក្នុង​មួយ​លើក​?

​លោក ចូ​វ សៀវ​ជា​៖ បាទ​មុខរបរ​នេះ ដូចជា​មិនសូវ​ទៀង​ដែរ​។ ថ្ងៃ​ខ្លះ​ក៏បាន​ច្រើន ថ្ងៃ​ខ្លះ​ក៏បាន​តិច ប៉ុន្តែ​គិត​ជា​មធ្យម យើង​មាន​អតិថិជន ពី​៤ ទៅ​៥​នាក់​ដែរ ក្នុង​មួយថ្ងៃ​។ ចំពោះ​តម្លៃ​វិញ ខ្ញុំ​បានកំណត់​ទៅតាម​ពេលវេលា​។ តម្លៃ​ទី​១ គឺ​គិតពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច យើង​គិត​តម្លៃ​២​ម៉ឺន​៨​ពាន់​រៀល​។ ប៉ះ​កង់ឡាន​ក៏​តម្លៃ​ប៉ុណ្ណឹង ប្ដូរ​អាគុយ​ក៏​តម្លៃ​ប៉ុណ្ណឹង​ដែរ​។ ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​១១​យប់ យើង​គិត ៣​ម៉ឺន ៥​ពាន់​រៀល ហើយ​ពេលយប់​ជ្រៅ គឺ​ចាប់ពី​ម៉ោង​១១​យប់ ដល់​ម៉ោង​៦​ព្រឹក   យើង​គិតថ្លៃ ៦​ម៉ឺន​រៀល​។ នៅពេល​យប់​ជ្រៅ​អីចឹង អតិថិជន​ភាគច្រើន​ចេញ​មកពី​ក្លិប និង​ខារ៉ាអូខេ​។



​លោក មឿ​ន ឌី​ណា​៖ នៅ​ភ្នំពេញ​លោក​មានតែ​ជាង​ជួសជុល​តែ​ម្នាក់​ទេ ប៉ុន្តែ​នៅឯ​ខេត្តសៀមរាប​ឯណោះ​វិញ លោក​បញ្ជាក់ថា​មាន​ជាង​ដល់​ទៅ​២​នាក់​។ ហេតុអ្វី​បានជា​នៅ​ភ្នំពេញ​ដែល​សម្បូរ​យានយន្ត បែរជា​មាន​ជាង​តែ​ម្នាក់​ទៅវិញ​? តើ​អាច​ផ្តល់​សេវាកម្ម​ទាន់ពេលវេលា​ដ​ល់​អតិថិជន​ទេ​?

​លោក ចូ​វ សៀវ​ជា​៖ បានជា​ខ្ញុំ​ដាក់​ជាង​ជួសជុល​តែ​ម្នា​ក់នៅ​ភ្នំពេញ ពីព្រោះ​នៅ​ភ្នំពេញ​មាន​ហ្គា​រ៉ា​ស​ច្រើន និង​នៅ​គ្រប់កន្លែង​។  ចំណែក​នៅ​ខេត្តសៀមរាប​វិញ ខ្ញុំ​ដាក់​ជាង​ពីរ​នាក់ ពីព្រោះ​នៅ​ទីនោះ មិនសូវមាន​ហ្គា​រ៉ា​ស ដូច​នៅ​ភ្នំពេញ​ទេ ហើយ​អ្នក​ជិះឡាន​នៅតាម​ខេត្ត​មួយចំនួន ពេល​ឡាន​មាន​បញ្ហា​មិនដឹងថា​ធ្វើយ៉ាងណា​? ដូច្នេះហើយ ពេល​ពួកគាត់​ជួប​បញ្ហា អាច​ត្រូវការ​សេវាកម្ម​របស់ខ្ញុំ​បាន​។ ម្យ៉ាងទៀត ជាង​ជួសជុល​អាច​ផ្លាស់ប្តូរ​គ្នា​បាន នៅពេល​ម្នាក់ទៀត កំពុងតែ​ជួសជុល​ឡាន​ឲ្យ​អតិថិជន​។ ការផ្តល់​សេវាកម្ម​វិញ មិនទាន់មាន​បញ្ហា​អ្វី​ទេ តាម​ដែល​ខ្ញុំ​ធ្លាប់​ជួប​គឺ​គាត់​អាច​គ្រប់គ្រង​យ៉ាង​ងាយស្រួល​។

​លោក មឿ​ន ឌី​ណា​៖ តើ​អតិថិជន​អាច​ស្វែងរក​សេវាកម្ម​របស់លោក​តាម​រយៈ​ណា​?

​លោក ចូ​វ សៀវ​ជា​៖ ភាគច្រើន ខ្ញុំ​ផ្សព្វផ្សាយ​នៅតាម​ហ្វេ​ស​ប៊ុ​ក​។ អាច​ឆែក​មើល​បានដែរ តាម​ឈ្មោះថា CF service Phnom Penh សេវាកម្ម​ប៉ះ​កង់ឡាន កូវ​អាគុយ​ឡាន​។ ខ្ញុំ​ក៏មាន​បិទ​ស្ទីក​ឃើ​នៅតាម​បង្គោល​ភ្លើង ឬ​នៅតាម​ជញ្ជាំង​តាម​ទីសាធារណៈ​ដែរ​។ អីចឹង​អតិថិជន​ងាយស្រួល នៅពេល​ឡាន​របស់​ពួកគាត់ មាន​បញ្ហា​បែក​កង់ឡាន ឬ​អាគុយ​ឡាន​៕






Tag:
 ចូ​វ សៀវ​ជា​
  ​ប៉ះ​កង់ឡាន​
 ​ កូវ​អាគុយ​
© រក្សាសិទ្ធិដោយ thmeythmey.com