ជាតិ
សេដ្ឋកិច្ច
ស្ពានជ្រោយចង្វារចាស់ជួសជុល៖ក្រសួងនឹងយកស្រឡាងមកចម្លងអ្នកដំណើរ ករណីស្ទះខ្លាំង
× ក្រសួងសាធារណការ និងដឹកជញ្ជូន មិនទាន់យកស្រឡាង មកចម្លងប្រជាពលរដ្ឋភ្លាមៗទេ នៅពេលស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់) បិទចរាចរណ៍ ដើម្បីអនុវត្តគម្រោងជួសជុលកែលំអ ចាប់ពីថ្ងៃអាទិត្យ ទី១ ខែតុលានេះ។ ក្រៅពីកំពុងរៀបចំលំហូរចរាចរណ៍ និងការងារជំនាញមួយចំនួន ដើម្បីបញ្ចៀសការកកស្ទះឲ្យបានជាអតិបរមា អ្នកជំនាញបញ្ជាក់ថា ក្រសួងរង់ចាំមើលស្ថានភាពជាក់ស្តែង នៃលំហូរចរាចរណ៍នៅចំណុចការដ្ឋានសិន ករណីចរាចរណ៍កកស្ទះខ្លាំង ស្រឡាងនឹងដាក់ឲ្យពលរដ្ឋឆ្លងទៅមក។
ស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់)នឹងបិទចរាចរណ៍ ដើម្បីអនុវត្តគម្រោងជួសជុលកែលំអ ចាប់ពីថ្ងៃអាទិត្យ ទី១ ខែតុលានេះតទៅ រហូតដល់អំឡុងខែកក្កដា ឆ្នាំ២០១៩ទើបបញ្ចប់។ ការជួសជុលនេះ គ្រោងចំណាយចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន។
ទោះជាការការធ្វើចរាចរណ៍លើស្ពានជ្រោយចង្វារចាស់នេះបិទ ប៉ុន្តែក្រសួងសាធារណការ មិនទាន់យកស្រឡាងមកចម្លងប្រជាពលរដ្ឋភ្លាមៗទេ ចាំមើលស្ថានភាពជាក់ស្តែងនៃលំហូរចរាចរណ៍នៅចំណុចការដ្ឋានសិន។ ក្នុងករណីចរាចរណ៍មមាញឹកខ្លាំង ទើបគម្រោងដាក់ស្រឡាងឲ្យពលរដ្ឋឆ្លងឥតគិតថ្លៃ ត្រូវដំណើរការ។ នេះបើតាមលោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងប្រាប់សារព័ត៌មាន thmeythmey.com ដូច្នេះថា៖«គម្រោងដាក់ស្រឡាងឲ្យឆ្លង នៅដំណើរការធម្មតា ប៉ុន្តែមិនមែនបិទភ្លាម យើងយកស្រឡាងមកដាក់ភ្លាមទេ។ ពេលមានលំហូរចរាចរណ៍មមាញឹកខ្លាំង ដូចជានៅពេលបុណ្យអ៊ុំទូក ទើបយើងយកស្រឡាងមកដាក់»។
តាមប្រធាននាយកដ្ឋានផ្លូវថ្នល់ដដែល ស្រឡាងនឹងដាក់ឲ្យឆ្លងទៅមក នៅចំណុចកំពង់ចម្លងអរិយក្សត្រ និងចំណុចសណ្ឋាគារសុខាត្រើយខាងកើត។ ជាមួយគ្នានេះដែរ លោក ឈឹម ផល្លា បញ្ជាក់ថា ភាគីពាក់ព័ន្ធ នឹងប្រឹងប្រែងពន្លឿនដំណើរការជួសជុលឲ្យបានមុនពេលកំណត់។
ទន្ទឹមនឹងការជួសជុលស្ពានជ្រោយចង្វារចាស់ជិតចាប់ផ្តើម លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់សារព័ត៌មាន thmeythmey.com ថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផែនការមួយចំនួន ដើម្បីឲ្យការជួសជុលស្ពាននេះ ដំណើរការទៅដោយរលូន និងបញ្ចៀសការកកស្ទះចរាចរណ៍។
លោក ម៉េត មាសភក្តី បញ្ជាក់ថា អាជ្ញាធរកំពុងរៀបចំលំហូរចរាចរណ៍ លើស្ពានមិត្តភាពកម្ពុជា-ចិន ឡើងវិញ ដោយឲ្យធ្វើដំណើរទៅមក ក្រោមការសម្រួលពីនគរបាលចរាចរណ៍ ព្រមទាំងមានការពង្រីកទំហំផ្លូវឡើងចុះ ទាំងសងខាងស្ពានផងដែរ។ យានយន្តធុនធំ ក៏នឹងត្រូវបង្វែរទិសដៅចរាចរណ៍ឲ្យចូលរាជធានី តាមផ្លូវជាតិលេខ៥ ឬតាមផ្លូវហាណូយវិញដែរ ខណៈដែលរដ្ឋបាលរាជធានី នឹងស្នើទៅក្រុមហ៊ុនលី យ៉ុងផាត់ ដើម្បីអនុញ្ញាតឲ្យរថយន្តទេសចរណ៍ឆ្លងកាត់ស្ពាន លី យ៉ុងផាត់ ដោយឥតគិតថ្លៃ នៅអំឡុងពេលស្ពានជ្រោយចង្វារចាស់នេះជួលជុល។ លោក ម៉េត មាសភក្តី បន្ថែមដូច្នេះ ទន្ទឹមនឹងការស្នើឲ្យប្រជាពលរដ្ឋយោគយល់នៅអំឡុងស្ពានជ្រោយចង្វារជួសជុល និងទទូចឲ្យគោរពតាមការបង្វែរទិសចរាចរណ៍ របស់សមត្ថកិច្ចជំនាញនៅពេលចរាចរណ៍កកស្ទះខ្លាំង នៅចំណុចការដ្ឋាននេះ។
ស្របពេលជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏កំពុងសង់ស្ពានដែកប៉ាឡេឆ្លងទន្លេសាប ក៏កំពុងសាងសង់ដែរ ចេញពីចំណុចក្បែរឃ្លាំងសាំងសូគីម៉ិច ហើយនឹងដាក់ឲ្យប្រើប្រាស់ជំនួសស្ពានជ្រោយចង្វារចាស់ដែលជួសជុល។ ការស្ថាបនាស្ពានដែកនេះ គ្រោងចំណាយរយៈពេល ៦ខែ ដើម្បីបញ្ចប់គម្រោង។
សូមបញ្ជាក់ថា គម្រោងជួសជុលកែលំអស្ពានជ្រោយចង្វារចាស់ គ្រោងបញ្ចប់នៅអំឡុងខែកក្កដា ឆ្នាំ២០១៩ ។ ការជួសជុលនេះ គ្រោងចំណាយថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com