អន្តរជាតិ
រដ្ឋ​កោះ​ប៉ាស៊ីហ្វិក​រិះគន់​អាមេរិក និង​ទទូច​ឲ្យ​ពិភពលោក​តាំងចិត្ត​ចូលរួម​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ
25, Sep 2017 , 10:19 pm        
រូបភាព
អនុប្រធានាធិបតីរដ្ឋកោះប៉ាស៊ីហ្វិក មីក្រូណេស៊ីលោក Yosiwo George (រូបភាព៖ UN)
អនុប្រធានាធិបតីរដ្ឋកោះប៉ាស៊ីហ្វិក មីក្រូណេស៊ីលោក Yosiwo George (រូបភាព៖ UN)
​បណ្តា​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​នាំគ្នា​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ប្តេជ្ញាចិត្ត​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ និង​បន្ត​ផ្តល់​ការគាំទ្រ​ហិរញ្ញវត្ថុ​សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍ​ផង​។ ការអំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧២​នៅ​ក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​សុក្រ​ទី ២៣​ខែកញ្ញា​។



​តំណាង​ប្រទេស​កោះ​ប៉ាស៊ីហ្វិក​តូចៗ​បាននាំគ្នា​យក​វេទិកា​ម​ហាស​ន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧២ ដើម្បី​អំពាវនាវ​ឲ្យ​ប្រទេស​ទូទាំង​ពិភពលោក​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ពួកគេ​។​

​តំណាង​ប្រទេស​មីក្រូ​ណេ​ស៊ី អនុ​ប្រធានាធិបតី Yosiwo George ថ្លែងប្រាប់​អង្គប្រជុំ​ទាំងមូល​ថា ប្រទេស​លោក​ព្រួយបារម្ភ​ខ្លាំង​ដែល​ប្រទេសមួយ​ចំនួន​ព្រងើយកន្តើយ​ការប្រែប្រួល​អាកាសធាតុ និង​ចាត់ទុក​បញ្ហា​នេះ​ជា​រឿង​បោកប្រាស់​ទៀត​។​

«​មីក្រូ​ណេ​ស៊ី​បារម្ភ​ខ្លាំង​ដែល​ប្រទេស​មួយចំនួន​បានជ្រើសរើស​យក​ផ្លូវ​ដាច់ដោយឡែក​ពី​សហគមន៍​អន្តរជាតិ និង​មិន​ខ្វល់ខ្វាយ​ពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស ដែល​ផ្ទុយ​នឹង​ការផ្តល់​យោបល់​របស់​អ្នកវិទ្យាសាស្ត្រ​»​។​

​ឆ្លៀតឱកាស​នេះដែរ តំណាង​កោះ​មីក្រូ​ណេ​ស៊ី​ក៏បាន​ទទូច​ឲ្យ​បណ្តា​ប្រទេស​ធំៗ​បន្ត​ចូលរួមចំណែក​ផ្តល់​ការគាំទ្រ​ដល់​មូលនិធិ​ហិរញ្ញវត្ថុ​សម្រាប់​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ (Green Climate Fund) ដែល​ជួយ​ទ្រទ្រង់​ប្រទេស​ក្រីក្រ​ផងដែរ​។​

​ថ្វីបើ​តំណាង​កោះ​មីក្រូ​ណេ​ស៊ី​រូបនេះ​មិន​បញ្ជាក់​ឈ្មោះ​ប្រទេស​ក៏ដោយ គេ​ដឹង​ច្បាស់​ថា​លោក​ចង់​សំដៅលើ​ប្រទេសមួយ​ចំនួន​មាន​ទាំង​អាមេរិក​ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​កន្លងមក​នោះ​។ កាយវិការ​របស់​ប្រធានាធិបតី​អាមេរិក​ចំពោះ​ការដោះស្រាយ​បញ្ហា​អាកាសធាតុ​នេះ​បង្ក​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល និង​ប្រៀបបាន​ដូចជា​ការបោះបង់​ការទទួល​ខុសត្រូវ​ចំពោះ​ការស្វែងរក​ដំណោះស្រាយ​វិបត្តិ​ពិភពលោក​ដូច្នេះ​ដែរ​។​

​កិច្ចព្រមព្រៀង​អាកាសធាតុ ឆ្នាំ ២០១៥ ជា​លិខិតបទដ្ឋាន​អន្តរជាតិ​ប្រវត្តិសាស្ត្រ​មួយ​ដែល​ទទួល​បានការ​គាំ​ពី​ប្រទេស ១៩៥ ទូទាំង​ពិភពលោក​។ វា​មាន​គោលដៅ​សំខាន់​ប្រយុទ្ធប្រឆាំង​ការប្រែប្រួល​អាកាសធាតុ និង​ជំរុញ​ឲ្យ​មានការ​ដាក់ចេញ​ដំណោះស្រាយ និង​ដាក់ទុន​វិនិយោគ​ដែល​ធានា​ការកាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត ត្រៀមខ្លួន​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​អាកាសធាតុ និង​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​។

 ជារួម​គោលបំណង​សំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​គឺ​ធ្វើយ៉ាងណា​ទប់ស្កាត់​ការកើនឡើង​សីតុណ្ហភាព​មិន​ឲ្យ​លើសពី ពីរ​អង្សា​សេ និង​អាច​ឈានទៅ​កម្រិត​ការកើនឡើង​សីតុណ្ហភាព​ត្រឹម ១,៥ អង្សា​សេ​មុន​សម័យ​ឧស្សាហកម្ម​។​

​ក្រៅពី​មីក្រូ​ណេ​ស៊ី តំណាង​ប្រទេស ប៉ា​ពូ អាស៊ី នូ​វែ​ល​ហ្គី​ណេ បានលើកឡើង​ពី​កង្វល់​របស់ខ្លួន​ដូចគ្នា​នៅ​ចំពោះមុខ​មហាសន្និបាត​ពា​ក់​ព័ន្ធ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ ប្រមុខ​រដ្ឋាភិបាល​កោះ​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ​លោក Peter O’Neill បានលើកឡើង​ពី​ក្តីបារម្ភ​របស់​ប្រជាជន​លោក​ពាក់ព័ន្ធ​ការប្រើប្រាស់​ធនធាន​មិន​ត្រឹមត្រូវ រួមជាមួយ​គ្រោះមហន្តរាយ​ទឹកជំនន់ និង​ការកើនឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ​ដែល​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​ជាដើម​។​

«​ប៉ា​ពូ អាស៊ី នូ​វែ​ល​ហ្គី​ណេ និង​ប្រទេស​នានា​លើ​ពិភពលោក ប្រជាជន​ជាច្រើន​កំពុង​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ការប្រែប្រួល​អាកាសធាតុ​។ ស្តង់ដារ​នៃ​ការរស់នៅ​រង​ការប៉ះពាល់ ហើយ​ពួកគេ​បាត់បង់​ឱកាស​ទៀត​។ ពិភពលោក​ត្រូវ​ចាប់ផ្តើម​សកម្មភាព​ឥឡូវនេះ​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត និង​ជួយ​ដល់​សហគមន៍​នានា​ឆ្លើយតប​នឹង​បញ្ហា​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធិភាព​»​។ លោក Peter O’Neil បានបញ្ជាក់​ដូច្នេះ​។

​ចំណែក​តំណាង​កោះ​ម៉ា​សាល់ ក៏បាន​យក​អង្គ​មហាសន្និបាត​ដើម្បី​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​មាន​ទំនុកចិត្ត​ចំពោះ​កិច្ចព្រមព្រៀង​អាកាសធាតុ និង​បន្ត​ប្តេជ្ញាចិត្ត​ដោះស្រាយ​បញ្ហា​សកល​នេះ​រួមគ្នា​ផងដែរ​។​

​រដ្ឋមន្ត្រីការបរទេស​កោះ​ម៉ា​សាល់ John Silk បាន​ថ្លែងថា​ការប្រែប្រួល​អាកាសធាតុ​ជា​រឿង​ពិតប្រាកដ​មិនមែន​បោកប្រាស់​ឡើយ ហើយ​វា​ជា​រឿង​ចាំបាច់​ដែល​ប្រទេស​ទាំងអស់​ត្រូវ​តាំងចិត្ត​មិន​ដកថយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នេះ​។ លើសពីនេះ​លោក​ជឿជាក់ថា គោលដៅ​ទី ១៤​នៃ​គោល​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​មាន​សារសំខាន់​សម្រាប់​បណ្តារ​ដ្ឋ​តូចៗ​ដូចជា​ប្រទេស​របស់លោក ព្រោះ​វា​ក៏​មហិច្ឆតា​ជំរុញ​ការអភិរក្ស​និង​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​នូវ​ធន​ធាតុ​សមុទ្រ​ដែលជា​ប្រភព​នៃ​ចំណូល និង​និង​ជីវិត​របស់​ប្រជាជន​ផង​។​

​ប្រមុខ​ការទូត​កោះ​ម៉ា​សាល់​បានលើកឡើង​ដូច្នេះ​៖ «​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ជា​ឆន្ទៈ​និង​ទំនុកចិត្ត​ផ្នែក​នយោបាយ​តែមួយគត់ ហើយ​វា​លើសពី​មាន​សារសំខាន់​ទៀត​សម្រាប់​គ្រប់គ្នា ព្រោះ​វា​មាន​គោលដៅ​ចម្បង​ជំរុញ​ឲ្យ​ប្រជាជាតិ​ទាំងអស់​ធ្វើ​សកម្មភាព​ច្រើនជាង​មុន​ដើម្បី​ដោះស្រាយ​ប​ញ្ហ​ពិភពលោក​នេះ​»៕


Tag:
 បា​ស៊ី​ហ្វិ​ក​
  UNGA
  ការប្រែប្រួល​អាកាសធាតុ​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com