អន្តរជាតិ
ឥណ្ឌា​ប្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា ប៉ា​គី​ស្ថាន​ជា «​រដ្ឋ​ផលិត​ភេរ​វករ​»
25, Sep 2017 , 10:59 pm        
រូបភាព
លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
លោកស្រីរដ្ឋមន្ត្រីការបរទេសឥណ្ឌា Sushma Swaraj នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា​លោកស្រី Sushma Swaraj បាន​ព្រលះ​ប៉ា​គី​ស្ថាន​នៅក្នុង​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដោយ​ហៅ​ប៉ា​គី​ស្ថាន​ថា​ជា «​រោងចក្រ​ផលិត​ក្រុម​ភេរវជន​»​។ លោកស្រី​បានលើកឡើង​បែបនេះ​បន្ទាប់ពី​តំណាង​ប៉ា​គី​ស្ថាន​ចោទប្រកាន់ថា ឥណ្ឌា​ប្រើប្រាស់​កម្លាំង​បំពារបំពាន​គេឯង​នោ​តំបន់​ជម្លោះ​កា​ស្មៀ​។



​ថ្លែង​នៅ​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧២ ប្រមុខ​ការទូត​ឥណ្ឌា​លោកស្រី Sushma Swaraj បាន​ទិតៀន​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​ចំៗ​ឥត​សំចៃ និង​ថែមទាំង​ហៅ​រដ្ឋ​ជិតខាង​របស់ខ្លួន​នេះ​ជា​រោងចក្រ​ផលិត​ភេរវជន​ថែមទៀត​។  ខុសពី​ប៉ា​គី​ស្ថាន ឥណ្ឌា​បន្ត​ផលិត​វិស្វករ​និង​គ្រូពេទ្យ​ល្បីៗ​ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ដល់​ពិភពលោក​ថែមទៀត​។​

​ថ្ងៃ​សុក្រ​ទី ២៣ ខែកញ្ញា លោកស្រី Sushma Swaraj បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដូច្នេះ​៖« ហេតុអ្វី​នៅពេល​បច្ចុប្បន្ន​ឥណ្ឌា​ត្រូវបាន​គេ​ចាត់ទុកជា​មហាអំណាច​ប​ច្ចេក​វិទ្យា​លើ​ពិភពលោក ខណៈដែល​ប៉ា​គី​ស្ថាន​ត្រូវគេ​ចាត់ទុកជា​រោងចក្រ​ផលិត​និង​នាំចេញ​ភេរវជន​ទៅវិញ​?

​ប្រមុខ​ការទូត​មហា​យ​ក្ស​អាស៊ី​ខាងត្បូង​រូបនេះ​បន្តថា​៖« យើង​ផលិត​បញ្ញា​វ័​ន្ត​, វេជ្ជបណ្ឌិត​ល្បីៗ និង​វិស្វករ​ចំណានៗ​។ ចុះ​តើ​អ្នក​ផលិត​អ្វី​ដែរ​? អ្នកឯង​ត្រឹម​ផលិត​ភេរវជន​ប៉ុណ្ណោះ​»​។​

​តាមពិត​លោកស្រី Swaraj ព្រលះ​ប៉ា​គី​ស្ថាន​មិន​សំចៃមាត់​បែបនេះ ក៏​ដើម្បី​ឆ្លើយតប​នឹង​សម្តី​របស់​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក Shahid Khaqan Abbasi ដែល​បាន​យក​វេទិកា​អង្គការសហប្រជាជាតិ​ទិតៀន​និង​ចោទប្រកាន់​ឥណ្ឌា​មុន​នោះ​។ ប្រមុខ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន​រូបនេះ​បាន​ចោទថា​ឥណ្ឌា​ប្រើប្រាស់​កម្លាំង​មហិមា​របស់ខ្លួន​នៅ​តំបន់​កា​ស្មៀ​។​

​តាំងពីរ​យូរ​មកហើយ ឥណ្ឌា​ចោទប្រកាន់ថា ប៉ា​គី​ស្ថាន​បាន​បន្ត​បង្វឹក​ក្រុម​ភេរវជន​ដើម្បី​បញ្ជូនមក​តំបន់​កា​ស្មៀ តែ​ប៉ា​គី​ស្ថាន​តែងតែ​បដិសេធ​ការចោទប្រកាន់​នេះ​។   ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​ប៉ា​គី​ស្ថាន​ល្អក់កករ និង តានតឹង​ខ្លាំង​រយៈពេល​ចុងក្រោយ​នេះ​នៅតាម​តំបន់​ព្រំដែន​ដែលមាន​ជម្លោះ​តំបន់​កា​ស្មៀ​ដែល​ភាគី​ទាំងពីរ​សុទ្ធតែ​ដណ្តើមយក​រៀងៗ​ខ្លួន​។ មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នេះ​ក៏​ធ្លាប់​ប្រយុទ្ធ​គ្នា​បី​លើក​ដែរ​ចាប់តាំងពី​ឆ្នាំ ១៩៤៧ ពោលគឺ​ពេល​ភាគី​ទាំងពីរ​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​។


Tag:
 ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
  Sushma Swaraj
  Shahid Khaqan Abbasi
© រក្សាសិទ្ធិដោយ thmeythmey.com