អន្តរជាតិ
លោកស្រី Merkel បន្តឈ្នះឆ្នោតជាអធិកាបតីអាល្លឺម៉ង់អាណត្តិទីបួន
× មេដឹកនាំគណបក្សនយោបាយ Christian Democratic Union លោកស្រី Angela Merkel បានបន្តជាប់ជាអធិកាបតីអាល្លឺម៉ង់អាណត្តិទីបួន បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី២៤ ខែកញ្ញា។ ទោះយ៉ាងនេះក្ដី ប្រជាប្រិយភាពរបស់អ្នកនយោបាយវ័យ៦៣ឆ្នាំរូបនេះ បានធ្លាក់ចុះ ដ្បិតសន្លឹកឆ្នោតដែលអ្នកស្រីទទួលបានទាប ខុសពីការរំពឹងទុករបស់ខ្លួន។
លោកស្រី Angela Merkel បានក្លាយជាអធិកាបតីអាល្លឺម៉ង់ចាប់តាំងពីឆ្នាំ២០០៥ ហើយបច្ចុប្បន្នលោកស្រី ក៏បានបន្តជាប់ឆ្នោតជាអធិកាបតីអាល្លឺម៉ង់អាណត្តិទីបួន ក្រោយទទួលបានសន្លឹកឆ្នោតគាំទ្រចំនួន៣៣ភាគរយក្នុងការបោះឆ្នោតម្សិលមិញ។ មេដឹកនាំគណបក្ស Christian Democratic Union រូបនេះបានទទួលស្គាល់ថា ប្រជាប្រិយភាពរបស់ខ្លួនពិតជាបានធ្លាក់ចុះ ព្រោះសន្លឹកឆ្នោតគាំទ្រមិនបានដល់៤០ភាគរយដូចការរំពឹងទុកឡើយ។
ទន្ទឹមការធ្លាក់សន្លឹកឆ្នោតនេះ ប្រជាជនអាល្លឺម៉ង់មួយចំនួនធំនៅតែគាំទ្រការដឹកនាំរបស់លោកស្រី Merkel អស់រយៈពេលជាងដប់ឆ្នាំមកនេះ ហើយមួយចំនួនតូចទៀតមានបំណងចង់ផ្លាស់ប្ដូរអធិកាបតីថ្មីរបស់ខ្លួន។ លើសពីនេះទៅទៀត ការធ្លាក់សន្លឹកឆ្នោតនេះធ្វើឲ្យគណបក្សស្ដាំនិយមជ្រុល AfD មានឱកាសចូលសភាសហព័ន្ធជាលើកដំបូងផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានស្រង់សម្ដីលោកស្រី Merkel ដូច្នេះថា៖ «គណបក្សស្ដាំនិយម AfD ដណ្ដើមបានកៅអីនៅក្នុងសភាជាបញ្ហាស្មុគស្មាញដែលយើងត្រូវប្រឈម។ ដូចនេះ យើងមានបំណងដណ្ដើមយកសន្លឹកឆ្នោតមកវិញ»។ គណបក្សស្ដាំនិយមAFDបានឈ្នះសន្លឹកឆ្នោត១៣ភាគរយ ហើយបានក្លាយទៅជាគណបក្សនយោបាយធំទីបីនៅអាល្លឺម៉ង់។
លោកស្រី Merkel ត្រូវបានគេស្គាល់ថាជាស្ដ្រីដែលខ្លាំងបំផុតនៅលើពិភពលោក នោះក៏ដោយសារអ្នកស្រីនៅតែអាចគ្រប់គ្រងប្រទេសខ្លួនឲ្យមានស្ថេរភាព និងភាពរីកចម្រើនបាន ស្របពេលដែលពិភពលោកកំពុងច្របូកច្របល់។ ដូច្នេះហើយ អ្នកស្រីអាចទាញយកសន្លឹកឆ្នោតបានពីប្រជាជនអាល្លឺម៉ង់លើសពី៦១លាននាក់ដែលមានវ័យ៥២ឆ្នាំឡើងទៅ។
គួរបញ្ជាក់ដែរថា ប្រជាប្រិយភាពរបស់អ្នកស្រីAngela Merkelបានកើនឡើងយ៉ាងខ្លាំងចាប់ពីឆ្នាំ២០១៥ មក។ មូលហេតុមកពីជនភៀសខ្លួន ឬអ្នកចំណាកស្រុកដែលមានចំនួនជាងមួយលាននាក់ដែលមកពីស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានបានគាំទ្រអ្នកស្រីយ៉ាងខ្លាំង៕
Tag:
Angela Merkel
គណបក្សស្ដាំនិយមAFD
Christian Democratic Union
© រក្សាសិទ្ធិដោយ thmeythmey.com