ជាតិ
នៅ UN ប្រមុខ​ការទូត​កម្ពុជា​ប្តេជ្ញាចិត្ត​បន្ត​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​
25, Sep 2017 , 5:50 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន​នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)​
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន​នៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)​
ដោយ: ថ្មីៗ
​ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា កម្ពុជា​បន្ត​ប្តេជ្ញាចិត្ត​សហការ​ជាមួយ​ប្រទេស​ជា​ដៃគូ​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ អនុលោម​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុងប៉ារីស​ឆ្នាំ ២០១៥ (Paris Climate Agreement) ។



​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន បានបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុងការ​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​របស់​ពិភពលោក គឺ​ការប្រែប្រួល​អាកាសធាតុ ក្នុង​អង្គ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧២ នាទី​ក្រុង​ញូវយ៉ក​ថ្ងៃ​សុក្រ​ទី ២២ ខែកញ្ញា​។​

 ថ្លែង​ចំពោះ​អង្គ​មហាសន្និបាត ប្រមុខ​ការទូត​កម្ពុជា បាន​លើកឡើងថា ការប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​សន្តិសុខ​មនុស្សជាតិ​សាកល ដែល​បង្ក​ឲ្យ​មានការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សន្តិភាព​ពិភពលោក​។ ចំណែក​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ពី​ការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក ហើយ​បាតុភូតធម្មជាតិ​សកល​នេះ​បាន​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​កម្ពុជា​ទាំង​សេដ្ឋកិច្ច និង​សង្គម​ផងដែរ​។ 

​ប្រមុខ​ការទូត​កម្ពុជា បាន​គូស​ដូច្នេះ​បញ្ជាក់ថា​៖ «​ថ្វីបើ​កម្ពុជា​រួមចំណែក​តិចតួច​ក្នុងការ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ ហើយ​ធនធាន​កម្ពុ​ជាមាន​កម្រិត​ក៏ដោយ កម្ពុជា​នៅតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ច្បាស់លាស់​ក្នុងការ​ធានា​ការអភិវឌ្ឍ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទាប និង​រំពឹង​ឆ្ពោះទៅ​អភិវឌ្ឍ​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ជា​ដៃគូ​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន និង​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​នេះ​ក្នុង​ក្របខណ្ឌ​សហប្រតិបត្តិការ​ស្មើភាព​គ្នា​»​។​

​លោក ប្រាក់ សុខុន ក៏បាន​រម្លឹក​ផងដែរ​ថា កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ ២០១៥ ដែល​ទទួលស្គាល់​ពី​គោលការណ៍ «​កាតព្វកិច្ច​រួម​តែ​ការទទួលខុសត្រូវ​ផ្សេងគ្នា​»​។ វា​មានន័យថា ប្រទេស​ទាំងអស់​មានកា​ត​ព្វ​កិច្ច​រួម​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកា​ធាតុ តែមាន​ការទទួលខុសត្រូវ​ត្រូវ​ផ្សេងគ្នា​។ ប្រទេស​នីមួយៗ​ចូលរួមចំណែក​ទៅតាម​សមត្ថភាព និង​លក្ខខណ្ឌ​នៃ​សង្គមជាតិ​របស់ខ្លួន​៕


Tag:
 ប្រាក់ សុខុន​
  ការប្រែប្រួល​អាកាសធាតុ​
  UNGA
© រក្សាសិទ្ធិដោយ thmeythmey.com