អន្តរជាតិ
ហ្វីលីពីនប្រាប់ UNGA ថា សង្គ្រាមប្រឆាំងគ្រឿងញៀនគឺដើម្បីការពារសិទ្ធិប្រជាជនដែលគោរពច្បាប់ប៉ុណ្ណោះ ប្រមុខការទូតហ្វីលីពីនលោក Alan Peter Cayetano នៅមហាសន្និបាតអង្គការសហប្រជាជាត ( រូបភាព៖ UN)
× ប្រមុខការទូតហ្វីលីពីនបានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧២ នៅថ្ងៃសុក្រទី ២៣ កញ្ញា ថា សង្គ្រាបង្ក្រាបអំពើពុករលួយ កម្ចាត់ឧក្រិដ្ឋកម្ម និងការជួញគ្រឿងញៀន មានគោលដៅការពារសិទ្ធិរបស់ប្រជាជនដែលគោរពច្បាប់ប៉ុណ្ណោះ។ ការលើកឡើងនេះគឺដើម្បីឆ្លើយបតការថ្កោលទោសនិងរិះគន់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ហ្វីលីពីនដែលសម្លាប់មនុស្សរាប់ពាន់នាក់នោះ។
ស្ថិតក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Alan Peter Cayetano បានអះអាងថា ប្រតិបត្តិការប្រឆាំងគ្រឿងញៀនក៏ដូចជាអំពើពុករលួយរបស់រដ្ឋាភិបាលហ្វីលីពីន គឺជាការរួមចំណែកការពារសិទ្ធិប្រជាជនដែលគោរពច្បាប់។
លោកបានថ្លែងដូច្នេះ៖ «ហ្វីលីពីនដាក់បញ្ជូលរបៀបវារៈការពារសិទិ្ធមនុស្សក្នុងគំនិតផ្ដួចផ្ដើមអភិវឌ្ឍរបស់ខ្លួនក្នុងគោលបំណងការពារប្រជាជនតែប៉ុណ្ណោះជាពិសេសនោះគឺជនដែលងាយរងគ្រោះដោយសារអំពើអាណាធិបតេយ្យ និងភាពគ្មានច្បាប់ទម្លាប់»។
តាមពិតទៅ ការលើកឡើងពីការការពារសិទ្ធិប្រជាជនស្លូតត្រង់ដោយកម្ចាត់គ្រឿងញៀន រួមទាំប្រឆាំងការជួញដូរគ្រឿងញៀនរបស់តំណាងរដ្ឋាភិបាលហ្វីលីពីននេះ កើតឡើងចំពេលដែលហ្វីលីពីនរងការថ្កោលទោសខ្លាំងពីសហគមន៍អន្តរជាតិរឿងសម្លាប់រង្គាលមនុស្ស។ ប្រជាជនច្រើនជាង ៦០០០នាក់ត្រូវបានក្រុមការពារសិទ្ធិមនុស្សអះអាងថា បានស្លាប់ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន ជាពិសេសស្លាប់ដោយសារការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការតែម្តង។
ប្រមុខការទូតហ្វីលីពីនរូបនេះបានឆ្លៀតលើកសរសើរពីគោលនយោបាយប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ផងដែរក្នុងការបង្ក្រាបគ្រឿងញៀន។
លោកគូសបញ្ជាក់ថា គ្រប់យ៉ាងដែលប្រធានាធិបតីធ្វើគឺដើម្បីជួយសង្គ្រោះជីវិតប្រជាជនស្លូតត្រង់ ការពារសហគមន៍ រួមទាំងទប់ស្កាត់ហ្វីលីពីនកុំឲ្យក្លាយជាប្រទេសដែលជាប្រភពគ្រឿងញៀនផងដែរ។លើសពីនេះទៀត ហ្វីលីពីនមិនដែលប្រើការបង្ក្រាបនេះដើម្បីរំលោភសិទ្ធិបុគ្គលណាម្នាក់ ឬក្រុមសិទ្ធិមនុស្សដែលគោរពច្បាប់ត្រឹមត្រូវឡើយ។
បន្ថែមពីនេះ លោក Cayetano ប្រាប់អង្គមហាសន្និបាតផងដែរថា ហ្វីលីពីនបានរកឃើញនូវទំនាក់ទំនងរវាងភេរវកម្ម និងភាពក្រីក្រ រួមទាំងការជួញដូរគ្រឿងញៀនខុសច្បាប់ដែរ។ នេះក៏ដោយសារតែភាពក្រីក្រ និងការចរាចរណ៍គ្រឿងញៀនខុសច្បាប់ ទើបធ្វើឲ្យចលនាភេរវកម្មកើនឡើងនៅក្នុងប្រទេសក៏ដូចជាក្នុងតំបន់ជាដើម។
Tag:
ហ្វីលីពីន
UNGA
Alan Peter Cayetano
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com